តើប្រាសាទ​ចត់មុខ(ចតុមុខ) នៅ​ប្រទេសវៀតណាម ជា​ប្រាសាទ​បុរាណ​ខ្មែរយើង​​ឬ​យ៉ាង​ណា​?

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
តើប្រាសាទ​ចត់មុខ(ចតុមុខ) នៅ​ប្រទេសវៀតណាម ជា​ប្រាសាទ​បុរាណ​ខ្មែរយើង​​ឬ​យ៉ាង​ណា​? តើប្រាសាទ​ចត់មុខ(ចតុមុខ) នៅ​ប្រទេសវៀតណាម ជា​ប្រាសាទ​បុរាណ​ខ្មែរយើង​​ឬ​យ៉ាង​ណា​?

ប្រាសាទចត់មុខ(ចតុមុខ) នេះមានទីតាំងស្ថិតនៅឃុំតឺនផុង ស្រុកតឺនបៀន ខេត្តតៃនិញ(រោងដំរី) ប្រទេសវៀតណាម។

ប្រាសាទនេះត្រូវបានលោក កៀង ជីវ ធ្វើការស្រាវជ្រាវនិងយកមកផ្សាយនៅលើទំព័រហ្វេសប៊ុក “ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association “ កាលពីឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងសំនេរនោះ លោកបានបញ្ជាក់ត្រឹមថា ប្រាសាទ​ចត់មុខ (ចតុមុខ) នេះបាន​សាងសង់​ឡើងនៅ​សតវត្ស​ទី៨ និងត្រូវបានគេរកឃើញនៅដើមសតវត្សទី២០ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់ថា វាស្ថិតនៅក្នងរចនាបទមួយណានោះទេ ហើយទោះបីជា​យើងដឹង​ហើយថា​ទឹកដីខេត្តតៃនិញនេះ កាលពីមុន​គឺជាទឹកដីខ្មែរ​នៅកម្ពុជា​ក្រោម​​របស់យើង ដែលមានឈ្មោះថា ខេត្តរោងដំរី ក៏ដោយ តែគាត់ក៏មិន​បានបញ្ជាក់​ថាវាជា​ប្រាសាទ​បុរាណ​របស់ខ្មែរ​យើង​ឬ​យ៉ាងណា​នោះទេ។

ចំពោះប្រាសាទដែលមានតួប៉មតែមួយនេះ គឺសាងសង់ឡើងពីឥដ្ឋ ដោយមានសសរពេជ្រនិងផ្ដែរធ្វើពីថ្មភក់ ដូចគ្នាទៅ​នឹង​បណ្ដា​ប្រាសាទបុរាណរបស់ខ្មែរ​យើង​មួយចំនួនផងដែរ ដូចជាប្រាសាទនាងខ្មៅ ប្រាសាទក្រវ៉ាន់ ឬប្រាសាទបីជាដើម។

ហើយបើយើងពិនិត្យមើលនៅក្នុងរូបដែលបានភ្ជាប់មកជាមួយនោះ យើងក៏ឃើញមាននូវសិវៈលិង្គ ឬលិង្គព្រះឥសូរមួយនៅ​ចំកណ្ដាល​ប្រាសាទ ដែលវាហាក់ដូចជាប្រាសាទនេះសង់ឡើងដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនាផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្បូរក្បាច់ និងរូបចម្លាក់នានានៅលើតួប្រាសាទនេះ គឺវាមានលក្ខណៈផ្សេងខុសប្លែក​ពី​ប្រាសាទ​បុរាណខ្មែរយើង។

ដូច្នេះប្រសិនបើមានបងប្អូនណាដែលបានដឹងបានស្គាល់ពីប្រាសាទចត់មុខ(ចតុមុខ) នេះ សូមមេត្តា​ចូលរួម​ចែករំលែក​ជាចំណេះដឹង​ទាំងអស់គ្នាផង។



បញ្ចេញមតិ