តើនៅចាំក្មួយស្រីណុច ដែលមានទេពកោសល្យគូរគំនូរនៅប្រាសាទព្រះខ័ននេះដែរឬទេ?
ក្មួយស្រី ស្រីណុច ដែលមានអាយុ៦ឆ្នាំ រូបនេះ ពិតជាមានទេពកោសល្យខាងគូរគំនូរមែនទែន។ កាលពីឆ្នាំមុនក្មួយស្រីត្រូវបានមហាជនស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃគូរគំនូរនៅលើដី និងក្នុងសៀវភៅរបស់គេ ដែលរូបទាំងនោះមានដូចជារូបចម្លាក់តាមប្រាសាទបុរាណ រូបកូនក្រមុំស្លៀកពាក់បែបប្រពៃណីខ្មែរ និងរូបសាន់ដេលេឡាជាដើម តែអ្វីដែលពិសេសជាងគេគឺរូបអប្សរាតែម្ដង។
ការចេះគូរបែបនេះ ត្រូវបានក្មួយស្រីប្រាប់ថាបានរៀនពីបងស្រីរបស់ខ្លួនបន្តិចបន្តួច បូករួមទាំងមានទេពកោសល្យពីកំណើតផង។ នៅក្នុងគ្រួសារមួយមានបងប្អូន ៧នាក់ ដោយមានម្ដាយជាកសិករ និងឪពុកជាសន្ដិសុខ ស្រីណុចដែលទើបតែរៀនថ្នាក់ទី២ តែងតែមកគូររូបលេងនៅម្ដុំផ្លូវចូលនៃប្រាសាទព្រះខ័ន។
ក្រោយពីមានភាពល្បីល្បាញតាមរយៈបណ្ដាញសង្គម ក្មួយស្រីណុច ត្រូវបានសប្បុរសជនជាច្រើនចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ហើយក្មួយស្រីក៏ត្រូវបានសាលាមួយឈ្មោះថា សាលាហ្គោគ្លូប៊ល ផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សារហូតដល់ថ្នាក់ទី១២ ផងដែរ។
អត្ថបទដោយ៖ ទី សារឿន