លក្ខណៈពិសេសនៃប្រាសាទគុកនគរ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
លក្ខណៈពិសេសនៃប្រាសាទគុកនគរ លក្ខណៈពិសេសនៃប្រាសាទគុកនគរ

ប្រាសាទគុកនគរ​ ជា​ប្រាសាទ​ដ៏ល្អ​មួយ ដែលមានទីតាំងស្ថិត​នៅ​ភូមិត្រដក់ពង ឃុំពង្រ ស្រុក​​បារាយណ៍ ខេត្តកំពង់ធំ។ ប្រាសាទនេះ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទសូរ្យវរ្ម័នទី១ ក្នុង​សតវត្សរ៍ទី១១ តាម​រចនាបថឃ្លាំង។ ប្រាសាទ​នេះ​កសាង​ឡើងដោយថ្មបាយក្រៀម និងថ្មភក់ នៅលើ​ដី​រាប​ស្មើ ដែលមានខឿនតែមួយ​រាង​ចតុកោណកែង។

ប្រាសាទគុកនគរ សាងសង់ដោយបែរមុខទៅទិសខាងកើត និងមានកំពែងព័ទ្ធជុំវិញ ដោយលាត​សន្ធឹង​ពី​កើត​ទៅ​លិច មាន​បណ្តោយ​ប្រវែង ៣៥ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងមាន​គោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី។ គោបុរៈ​ខាង​កើត​កម្ពស់ ៩ម៉ែត្រ មាន​ទ្វារ​ចូល​ចំនួន ៣កន្លែង។ ទ្វារ​កណ្តាលមាន​លក្ខណៈ​តូចចង្អៀត ហើយ​ងងឹត​បន្តិច និងមាន​នៅ​សង​ខាង​ចំនួនពីរទៀត។ គោបុរៈ​ខាងលិច​មាន​ទំហំតូច មាន​ទ្វារ​មួយ​ចូល​ទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ខាង​ក្រៅ​បានទេ។ គោបុរៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះវិហារ​មិនស្ថិត​នៅ​ចំ​កណ្តាល​កំពែង​ទេ មាន​ទ្វារ​ចូល​ពីប្រាសាទទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​កំពែង​បាន​ទេ មាន​តែចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅ​ខាងក្រៅ ​សម្រាប់​បង្ហូរ​ទឹក​មន្ត​នៅ​ពេល​គេ​ធ្វើ​ពិធី​ស្រោច ទឹក​នៅ​លើ​សិវលិង្គ ( ស្ថាណាទ្រោនី )។

នៅ​ចំកណ្តាល​មាន​ប៉ម​ខ្ពស់​ទោល​មួយ មានបន្ទប់ និង យ៉​យ៉ាង​វែង​ចេញ​ទៅ​ទិស​ខាង​កើត ហើយនៅ​ចំ​ពី​មុខ​មានសសរ​ពេជ្រ​រាង ៨ជ្រុង​នៅ​សងខាង។ នៅ​ផ្នែក​ខាង​លើ​នៃ​សរសេរ​មាន​តុប​តែង​ជា​ក្បាច់ខ្លួន​នាគ​ព័ទ្ធ​កោង​ដោយបញ្ចោញ​ក្បាល​ទៅ​សង​ខាង​ពាំ​ផ្កា​ចន្ទន៍។ នៅ​លើ​សសរ​ពេជ្រ​នេះ​មាន​ផ្តែរ​មួយផ្ទាំង​រចនា​ដោយ​ក្បាច់​ផុស ហើយ​នៅ​ចំ​កណ្តាល​ផ្តែរ​នោះ​មាន​រូប​ព្រះឥន្ទ្រ​ជិះ​ដំរី​ក្បាល​បី។ តួ​ប៉ម​កណ្តាល នេះ​ត្រូវ​បាន​តុប​តែង​លម្អ​ចាប់​ពី​ក្រោមរហូត​ដល់​ខាង​លើ។ នៅ​ខាង​លើ​កំពូល​មាន​ក្បាច់​ត្របក​ឈូក​ច្រើនជាន់ ​ដែល​តំណាង​ឱ្យ​ចក្រវាល​ទាំងមូល។

នៅ​ក្បែរ​តួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរ​គោបុរៈខាងកើត​មានហោត្រៃ​ទោល​មួយ ( បណ្ណាល័យ ) ធ្វើអំពី​ថ្មបាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ខាង​លិច​​បញ្ច្រាសទិស​របស់ប្រាសាទ ដែលមាន​កម្ពស់​មធ្យម​សង់​លើ​ខឿនកម្ពស់ ១ម៉ែត្រ។

តាម​ការ​ឱ្យ​ដឹង​ពី​អ៊ុំចាស់ៗនៅទីនោះ បាន​បញ្ជាក់​ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយ ដែលក្រាល​ដោយថ្មបាយក្រៀម ឆ្លង​កាត់​ស្រះ ដែលមើលទៅ ស្រះនេះ​ហាក់​ដូចជា​គេជីក​ព័ទ្ធ​ជុំវិញប្រាសាទ តែក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាងវត្តទៅវិញ។ ហេតុដូចនេះហើយបានជាយើងឃើញថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់វត្ត។

កាល​ពីដើម​នៅ​ខាង​មុខ​ប្រាសាទ​នេះមាន​ស្រះមួយ​យ៉ាង​ធំ​ ដែល​ទប់​ទំនប់​ព័ទ្ធ​ជុំវិញ ហើយ​មាន​ស្ពានហាល​មួយ​ពី​ទិស​ខាង​លិច​ស្រះ​ដែល​ត​ភ្ជាប់​ពី​តួ​ប្រាសាទឆ្លង​កាត់តាមស្ពានហាលនេះ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លា​ជុំវិញ​ក្បែរៗ​នោះ​ត្រូវ​បាន​ក្លាយទៅ​ជាតំបន់​កប់​ខ្មោច​ទាំងអស់ ធ្វើឱ្យរូបរាងស្រះទាំងមូលត្រូវបានកែប្រែទាំងស្រុង។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើម​មាន​ដើមឈើ​ធំៗដុះយ៉ាងច្រើន មាន​ម្លប់​ត្រឈឹង​ត្រឈៃ​សម្រាប់​ជា​កន្លែងសមាធិ​របស់​លោកតា​លោកយាយ​ ​ក៏​ក្លាយ​ទៅជាកន្លែងកប់ខ្មោចដែរ។

កែសម្រួលអត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ