ក្រុមប្រាសាទសំខាន់ៗស្ថិតនៅក្នុងទីក្រុងចាស់បុរាណ ហរិហរាល័យ ឬ រលួស
ហរិហរាល័យជាទីក្រុងបុរាណរបស់ខ្មែរ ដែលកសាងឡើងនៅក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី២ ទ្រង់យាងត្រឡប់មកពីប្រទេសជ្វាចូលកម្ពុជទេសវិញ និងរំដោះប្រទេសខ្មែរចេញពីនឹមត្រួតត្រារបស់ពួកជ្វា នៅខាងដើមសតវត្សទី៩នៃគ្រិស្តសករាជ។ បច្ចុប្បន្ននេះរាជធានីហរិហរាល័យ ត្រូវបានគេហៅថា រលួស ។
ទីក្រុងចាស់ ហរិហរាល័យ គេពុំទាន់កំណត់កាលបរិច្ឆេទបាននៅឡើយទេថាបង្កើតឡើងនៅឆ្នាំណាឱ្យពិតប្រាកដ ប៉ុន្តែគេបានដឹងថាជាសមិទ្ធផលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្ស ទី៩ និងត្រូវបានគង់ប្រថាប់បន្តដោយ ព្រះបាទឥន្ទ្រវរ្ម័នទី១ និង ព្រះបាទយសោវរ្ម័នទី១ ផងដែរ។ ប៉ុន្តែ នៅក្នុងសតវត្សទី៩ ដដែរ ក្នុងរាជព្រះបាទយសោវរ្ម័នទី១ ទ្រង់បានផ្លាស់ទៅរកទីតាំងថ្មី ដើម្បីកសាងរាជធានីនៅត្រង់ទីក្រុងអង្គរសព្វថ្ងៃ ដោយមានភ្នំបាខែងឬភ្នំកណ្ដាលជាផ្ចិតនៃរាជធានីថ្មីនោះ។ ដូចនេះការតាំងរាជធានីនៅក្នុងតំបន់រលួសនេះគឺប្រមាណជិត១សតវត្សប៉ុណ្ណោះ ក៏ត្រូវបានព្រះរាជាខ្មែរបោះបង់ចោល រួចទៅរកទីតាំងថ្មីជំនួសកន្លែងនេះទៅវិញ។
នៅទីក្រុងបុរាណនេះមានប្រាង្គប្រាសាទជាច្រើន ដែលគេហៅថា ក្រុមប្រាសាទរលួស ដោយក្នុងនោះមានក្រុមប្រាសាទ៣ ដែលសំខាន់ជាងគេគឺៈ ប្រាសាទព្រះគោ ប្រាសាទបាគង និង ប្រាសាទលលៃ ដែលស្ថិតនៅខាងកើតឈៀងខាងត្បូង និងមានចម្ងាយប្រហែល១២គម ពីទីរួមខេត្តសៀមរាប។
ប្រាសាទព្រះគោ ជាស្នាព្រះហស្ថរបស់ព្រះឥន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ និងបុព្វការីជនរបស់ទ្រង់ រួមជាមួយព្រះបាទជ័យវរ្ម័នទី២ ស្ថាបនិកហរិហរាល័យផងដែរ។
ប្រាសាទមួយទៀតឋិតនៅខាងត្បូងប្រាសាទព្រះគោ កសាងក្រោយប្រាសាទព្រះគោប្រមាណ២ឆ្ នាំដោយព្រះឥន្ទ្រវរ្ម័នដូចគ្នា គឺប្រាសាទបាគងដែលជាប្រភេទប្រាសាទភ្នំទីមួយដែលមានរូបរាងច្បាស់លាស់ សាងឡើងលើខឿន៣ជាន់ និងមាន៥ជាន់។
ប្រាសាទមួយទៀតសាងឡើងនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាកគឺ ប្រាសាទលលៃ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ សាងឡើងជាប្រាសាទភ្នំ សម្រាប់តម្កល់សិវលិង្គ។ បារាយណ៍ឥន្ទ្រតដាកនេះក៏ជាស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ផងដែរនៅក្នុងតំបន់រលួស មានទំហំ៣០០០ម៉ែត្រ និងទទឹង៨០០ម៉ែត្រអាចផ្ទុកទឹកបានប្រមាណ៦លានម៉ែត្រគូប(ត្រឹងា ប្រវត្តិសាស្ត្រខ្មែរ) សម្រាប់ស្រោចស្រពដំណាំរបស់ប្រជាកសិករខ្មែរ ប៉ុន្តែបច្ចុប្បន្ននេះបារាយណ៍នេះបានរីងស្ងួតអស់ទៅហើយ។
ក្រៅពីក្រុមប្រាសាទសំខាន់ៗទាំង៣ ខាងនេះ ក៏នៅមានប្រាសាទជាច្រើនទៀតរាប់មិនអស់ ដែលមិនសូវជាមានអ្នកស្គាល់ឬទៅដល់ ឧទាហរណ៍ដូចជា ប្រាសាទព្រៃមន្ទីរជាដើម។
អត្ថបទដោយ៖ ទី សារឿន