អាថ៌កំបាំងនៃជំនឿលើ មនុស្សគម ឬ តឿ នៃសង្គមខ្មែរតាមបែបសាសនា

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
អាថ៌កំបាំងនៃជំនឿលើ មនុស្សគម ឬ តឿ នៃសង្គមខ្មែរតាមបែបសាសនា អាថ៌កំបាំងនៃជំនឿលើ មនុស្សគម ឬ តឿ នៃសង្គមខ្មែរតាមបែបសាសនា

នៅប្រាសាទ​ខ្មែរមួយចំនួនជាពិសេស ប្រាសាទតាណៃ ដែលត្រូវបានកសាងឡើងក្នុងរាជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៧ ហើយ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនាមហាយាននោះ យើងបានឃើញនូវវត្តមាននៃចម្លាក់តំណាងឲ្យមនុស្សតឿ នៅខាង​មុខក្លោង​ទ្វារ​ចូល​កាន់​ប្រាសាទ។

អ្វីដែលគួរកត់សម្គាល់នៅទីនេះគឺថា វត្តមានរបស់ចម្លាក់មនុស្សតឿមនុស្សគមបែបនេះ ក៏ត្រូវបានជួបប្រទះនៅក្នុងបរិវេណនៃ ប្រាសាទ​​កោះកេរ ដែលជាស្នាព្រះហត្ថរបស់ព្រះបាទជ័យវរ្ម័នទី៤ ពោលគឺនៅក្នុង ស.វទី១០ នៃគ.ស។

ជាទូទៅទេវរូបខាងលើនេះ ស្លៀកសំពត់ចងក្បិនខ្លីមួយនៅចង្កេះ ស្ថិតក្នុងឥរិយាបថអង្គុយលុតជង្គង់ មួយទាប មួយខ្ពស់។ ថ្វីត្បិតតែ​ដៃ​ទាំង​​ពីរ ត្រូវបានបាត់បង់ក្តី ក៏ប៉ុន្តែយើងអាចដឹងថាស្ថិតក្នុងឥរិយាបថសំពះ ឬ អង្វរក។ បើសំអាងលើទេវកថាវិទ្យាបែបព្រាហ្មណ៍និយម យើងអាចដឹងថាចម្លាក់មនុស្សតឿ ខាងលើនេះគឺជាអវតាររបស់ព្រះវិស្ណុយ៉ាងប្រាកដ ។

គឺក្នុងបរិបទនេះហើយទើបមនុស្សគម ត្រូវគេចាត់ទុកជាអច្ឆរិយបុគ្គលគួរជាទីពឹងពាក់សម្រាប់ពុទ្ធសាកនិកជិតឆ្ងាយទាំងឡាយ​ក្នុង​ការ​ស្វែង​រកបុណ្យបារមីនៅទេវស្ថាន។ ដោយហេតុថា តាមរយៈការបន់ស្រន់ ឬ ធ្វើអំណោយទានចំពោះទេវរូបនេះ ពួកគេអាចនឹង​បង្កើត​នូវ​ទឹក​ចិត្តជ្រះថ្លាកុសលទាន។

អត្ថបទសិលាចារឹកមិនបាននិយាយដល់សារៈសំខាន់របស់មនុស្សគោមឡើយ ប៉ុន្តែតាមរយៈ​ការស្រាវជ្រាវ​ យើងអាច​ឃើញ​នូវ​អត្ថន័យ​ស៊ី​ជម្រៅរបស់ចម្លាក់តំណាងមនុស្សគមទាំងនោះ ដែលគេបានជួបនៅតាមទេវស្ថាន និង ពុទ្ធសាសនដ្ឋានខ្មែរ។ ជានិច្ចកាល​វត្តមាន​របស់ចម្លាក់ទាំងនោះរួមបញ្ចូលមនុស្សគមពិតៗផងនៅតាមក្លោងទ្វារចូលកាន់សាសស្ថាន​ បង្ហាញ​នូវការ​រួមបញ្ចូលគ្នារវាងតម្លៃ​សីល​ធម៌នៃព្រហ្មញ្ញសាសនា រួមចូលជាមួយឧត្តមគតិបែបពុទ្ធនិយមផង។

ចំពោះសាសនិកជនគេច្រើនតែធ្វើអំណោយទៅមនុស្សគមទាំងនោះ នៅពេលដែលគេទៅបន់ស្រន់ ឬ សំពះព្រះម្តងៗ ហើយពួក​មនុស្សគមទាំងនោះ អាចនឹងរស់រានមានជីវិតបាន ក៏ដោយសារសប្បុរសធម៌របស់ពួកសាវ័ក ឬ ឧបាសិកា​រមែង​តែធ្វើ​អំណោយ​ជា​ម្ហូប​អាហារ ឬ អំណោយផ្សេងៗ។

កុំភ្លេចថាអំណោយតូចធំទាំងឡាយ សុទ្ធសឹងជាយន្តការចាំបាច់ស្តែងចេញពីករុណាធម៌មេត្តា ឬ ព្រហ្មវិហារធម៌ របស់ពុទ្ធសាសនិក ក្នុងសម័យ​វប្បធម៌បាយ័ន។

ការពន្យល់ន័យដូច្នេះអាចទទួលបាន ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។ ដោយហេតុថា បើសំអាងលើការសិក្សាស្រាវជ្រាវរបស់លោក ម៉ា ល្លើ រេ យើងអាចដឹងថាក្នុងវប្បធម៌បុរាណក៏ដូចជា វប្បធម៌នាសម័យទំនើបមួយចំនួនផងដែរ ការនិយមប្រតិបត្តិមនុស្សតឿគម ត្រូវ​បាន​លើក​តម្លៃយ៉ាងខ្ពស់ដោយមូលហេតុសាសនា។ ដូច្នេះហើយបានជាសព្វថ្ងៃនេះ នៅតាមបូនីយដ្ឋាន វត្តមានរបស់ក្រុមមនុស្សគមតឿ ដែលជាអ្នកសុំទាននៅតែមាន ទោះបីជាសង្គមខ្មែរ ត្រូវបានឆ្លងកាត់នូវការកែប្រែទម្រង់យ៉ាងណាក៏ដោយ។

ឆ្លៀតឱកាសនេះសូមរំលឹកផងដែរថា រហូតដល់សព្វថ្ងៃតាមរយៈអត្ថបទអក្សរសាស្ត្រខ្មែរមួយចំនួន ភាពពិការរបស់មនុស្សខ្លះ ក្នុងក្រសែ​ភ្នែក​របស់អ្នកស្រុកខ្មែរខ្លះ មិនត្រូវបានគេចាត់ទុកថា ភាពពិការ គឺជាបាតុភូតធម្មជាតិទេ ក៏ប៉ុន្តែជាលទ្ធផលនៃការចាប់ជាតិរបស់ទេពតា ទៅវិញ ដូចករណីរឿងព្រហ្មកិល ជាដើម ដែលជាភ័ស្តុតាងដ៏ជាក់ស្តែងមួយក្នុងបណ្តាភ័ស្តុតាងផ្សេងៗឯទៀត៕

អត្ថបទពី៖ ម. ត្រាណេ

បញ្ចេញមតិ