មីប្រហិតសាច់គោពីរចាន
ក្មេងប្រុសជំទង់អាយុប្រហែលជា ១៧ ទៅ ១៨ឆ្នាំម្នាក់បាននាំឪពុកដើរចូលមកហាងរបស់ខ្ញុំមើលទៅឪពុករបស់ក្មេងជំទង់ម្នាក់នោះដូចជាពិការភ្នែក ព្រោះគេបានដឹកដៃនិងប្រាប់ឲ្យដើរឆ្វេង ដើរស្តាំហើយរៀបចាប់កៅអីឲ្យគាត់អង្គុយ ក្មេងជំទន់ម្នាក់នោះស្លៀកពាក់សិស្សសាលាមានស្ពាយកាបូបរៀនចាស់មួយ ខ្ញុំស្មានមិនខុសទេ គេប្រហែលជាមកប្រលងបាក់ឌុបជាក់មិនខាន
“អញ្ជើញកុម្មង់អីដែរ ?” ខ្ញុំស្រែកសួរទៅពួកគាត់
“យកមីប្រហិតសាច់គោពីរចានមកបង ”
ក្មេងជំទង់ម្នាក់នោះឆ្លើយដោយសម្លេងច្បាស់ខ្លាំង
នៅពេលដែលខ្ញុំចាប់ផ្តើមហែកកញ្ចប់មីដើម្បីស្រុសធ្វើឲ្យពួកគាត់ ស្រាប់តែក្មេងប្រុសម្នាក់នោះលើកបោយដៃដាក់ខ្ញុំ គេញញឹមហើយធ្វើមាត់ហបៗ បែបនិយាយមិនចេញសំលេង
“មីប្រហិតសាច់គោតែមួយចានទេ “ ព្រមទាំងលើកម្រាមចង្អុលមួយជាសញ្ញាហើយ ចង្អុលទៅដាក់ឪពុកគេ
ក្រោយពីនោះមកគេក៏បានធ្វើមាត់និយាយប្រាប់ខ្ញុំថា
“ដូរជាមីស្រុះទឹកក្តៅទទេមួយចាន”
ព្រមទាំងចង្អុលទៅរូបនឹងតម្លៃដែលនៅក្រោយខ្នងខ្ញុំ មីស្រុះទឹកក្តៅ ១៥០០រៀល ហើយក៏ចង្អុលដាក់ខ្លួនឯង
ពីដំបូងខ្ញុំក៏មិនសូវយល់ដែរថា ក្មេងជំទង់ម្នាក់នោះត្រូវការអ្វីឲ្យប្រាកដ តែម្តាយរបស់ខ្ញុំមកទះដៃខ្ញុំហើយនិយាយតិចៗថា
“គេកុម្មង់មីប្រហិតសាច់គោឲ្យទៅឪពុករបស់គេ ហើយគេកុម្មង់មីស្រុះទឹកក្តៅសម្រាប់ខ្លួនឯង”
ពេលនោះទើបខ្ញុំចាប់បាននូវអ្វីដែលគេចង់និយាយ ហើយក៏លើកដៃធ្វើជាសញ្ញាអូខេ បញ្ជាក់ឲ្យគេដឹងថាខ្ញុំយល់ពីអ្វីដែលគេត្រូវការហើយ
ពេលស្រុសដាក់សាច់ដាក់គ្រឿងរួចរាល់ហើយទាំង២ចាន ខ្ញុំក៏លើកទៅឲ្យគេដោយខ្លួនឯង “មីប្រហិតសាច់គោ ២ចានមកដល់ហើយ អញ្ចើញពិសារ ”
“អរគុណបង មីហាងបងពិតជាទំនងឆ្ងាញ់ដល់ហើយ “ក្មេងជំទង់ម្នាក់នោះញញឹមទទួលមីពីខ្ញុំ ហើយយកចាន់ដែលមានប្រហិតសាច់គោដាក់នៅមុខឪពុកគេ និងចានមីស្រុះទឹកហូបខ្លួនឯង
“អញ្ជើញពិសារតាមសម្រួល” ខ្ញុំនិយាយហើយកាន់ថាសដើរចេញមកវិញ
“អរគុណច្រើន” ឪពុកក្មេងនោះបន្លឺឡើង
ខ្ញុំដើរចេញមកបណ្តើរ ងាកទៅមើលពីរនាក់ឪពុកកូននោះបណ្តើរ
“ពុក មីប្រហិតសាច់គោនេះទំនងឆ្ងាញ់ដល់ហើយ ពិសារមួយៗណាពុក ប្រយ័ត្នរលាក់ ព្រោះវានៅក្តៅ ”
ពេលនោះគេក៏ជូតចង្កឹះជាមួយននឹងស្លាបព្រា ហើយចាប់ទៅដាក់ដល់ដៃឪពុករបស់គេ
តែឪពុករបស់គេបែជាមិនដួស ឬក៏ចាប់មីហូបភ្លាមៗទេ
គាត់ប្រើចង្កឹះជ្រាវឆ្កឹះទៅឆ្កឹះមកដូចកំពុងតែរកអីក្នុងចានអញ្ចឹង
ដល់ពេលដែលគាត់ចាប់បានសាច់ ដៃគាត់ម្ខាងទៀតរាវរកចានកូនប្រុសរបស់គាត់ បន្ទាប់មកទៀតគាត់ក៏ចាប់សាច់ដាក់ចានកូនប្រុសរបស់គាត់
“ហូបហ៎ ! ហូបច្រើនកូន ហូបឆ្អែតកុំឲ្យបាក់កម្លាំង ពុកចង់ឲ្យកូនប្រលងឲ្យជាប់ ថ្ងៃក្រោយនឹងបានរស់នៅស្រួល មានការងារល្អធ្វើ ”
គាត់ងើបមុខឡើងញញឹមពព្រាយ ទើបធ្វើឲ្យខ្ញុំអាចមើលឃើញភ្នែកពិការដែលសស្លែតទាំងពីររបស់គាត់
ខ្ញុំអាចយល់បានខ្លះពីអារម្មណ៍នៃក្តីស្រលាញ់ ក្តីមេត្តា ចំពោះកូនប្រុសរបស់គាត់ម្នាក់នោះ ទោះបីជាគាត់ភ្នែកពិការ តែខ្ញុំអាចមើលឃើញពីភាពភ្លឺច្បាស់ដែលចេញពីចិត្តរបស់គាត់យ៉ាងច្បាស់ក្រឡែត
តែអ្វីដែលធ្វើឲ្យខ្ញុំ ចំឡែកចិត្តមួយទៀត កូនរបស់គាត់មិនបានបដិសេធសាច់នឹងប្រហិតដែលឪពុកគេដួសឲ្យនោះទេ
គេគ្រាន់តែនិយាយថាអរគុណពុក ហើយក៏លួចដួសសាច់ដាក់ទៅក្នុងចានឪពុកគេវិញស្ងាត់ៗ
ឪពុកចាប់ឲ្យកូន កូនចាប់ដាក់ឲ្យឪពុកវិញ ចាប់ទៅចាប់មកមួយសន្ទុះ រហូតឪពុករបស់គេនិយាយឡើងថា
“ថៅកែហាងនេះចិត្តល្អណាស់ ដាក់សាច់ឲ្យច្រើនមែនទែន
សូមឲ្យលក់ដាច់រហូតណា ”
ខ្ញុំលើកដៃសាធុទទួលដោយមិនដឹងខ្លួន ទាំងដែលខ្ញុំដាក់សាច់ក្នុងចាននោះតែប៉ុន្មានចំណិតទេ
“ប្រញ៉ាប់ហូបទៅពុក ចានខ្ញុំមានតែសាច់មើលមីលែងចង់ឃើញទៅហើយ ”
ក្មេងជំទង់និយាយ
“អឺៗ ឯងប្រញ៉ាប់ហូបទៅ ឆាប់បានទៅអានសៀវភៅត្រៀមចូលប្រលងទៀត ”
ឪពុកគេនិយាយត
នៅសុខៗ ម្តាយរបស់ខ្ញុំ លើកចានសាច់មួយចានដើរកាត់មុខខ្ញុំ សំដៅទៅតុពីរនាក់ឪពុកកូននោះ
“អ៊ុំ ! ខ្ញុំអត់បានកុម្មង់ទេ របស់តុគេផ្សេងទេដឹងអ៊ុំ ? ច្រឡំតុហើយ ”
ម្តាយរបស់ខ្ញុំក៏ហុចទៅឲ្យក្មេងជំទង់ម្នាក់នោះ
“ចាស៎ អត់បានកុម្មង់ហើយក៏ច្រលំដែរ ថ្ងៃនេះជាថ្ងៃគម្រប់ខួបបើកហាងអ៊ុំ
យើងថែមសាច់ឲ្យមួយតុមួយចាន គ្រប់តុណាក្មួយ មួយចាននេះអត់គិតលុយទេ ”
ក្មេងប្រុសម្នាក់នោះញញឹមទទួលចានសាច់ពីម្តាយរបស់ខ្ញុំហើយ លើកដៃសំពះអរគុណ ហើយគេក៏មិនសួរអ្វីបន្តទៀតដែរ
គេក៏ចាប់សាច់នោះទៅដាក់ក្នុងចានឪពុកគេខ្លះ
ហើយបន្ទាប់មកគេក៏ដកយកប្រអប់ដែលនៅក្នុងកាបូបរបស់គេ ហើយចាប់សាច់ដែលនៅសល់នោះដាក់ក្នុងប្រអប់ទុកក្នុងកាបូបវិញ
ខ្ញុំជាមួយម្តាយរបស់ខ្ញុំមើលពីរនាក់ឪពុកកូននោះហូបរួចរាល់ហើយ
ក៏ញញឹមងក់ក្បាលប្រើខ្សែភ្នែកជូនដំណើរគេទាំងពីរនាក់នោះ
“អរគុណអ៊ុំ ! អរគុណបង
មីឆ្ងាញ់ណាស់ សុំឲ្យលក់ដាច់រហូត ភ្ញៀវចូលពេញៗណា ”
“ថ្ងៃក្រោយចូលមកហូបទៀតមកណាក្មួយ ”
ម្តាយខ្ញុំបន្លឺទាំងស្នាមញញឹម
ក្មេងជំទង់ម្នាក់នោះ ញញឹមហុចលុយថ្លៃមី ហើយក៏ចេញទៅ
ខ្ញុំដើរទៅប្រមូលចាននៅលើតុរបស់ពួកគេ ពេលដែលលើកចានសាច់ដែលម្តាយខ្ញុំលើកទៅឲ្យនោះឡើងមក ខ្ញុំក៏ឃើញលុយចំនួន៣០០០រៀល ដែលជាថ្លៃសាច់មួយចានហ្នឹងតែម្តង
ខ្ញុំបានតែដកដង្ហើមអាណិត ហើយនិងមានអារម្មណ៍ថាខុស
បន្ទាប់មកម្តាយរបស់ខ្ញុំប្រាប់ខ្ញុំថា
“ថ្ងៃនេះអ្វីដែលម៉ែនិងឯងបានរៀនសូត្រពីក្មេងជំទង់ម្នាក់នោះ គឺភាពកតញ្ញូ និង ចរិតមនុស្ស ”
ខ្ញុំបានត្រឹមតែងក់ក្បាល ហើយនិយាយខ្សឹបម្នាក់ឯងថា
“សូមជូនពរឲ្យឯងជោគជ័យ ” ។
ប្រភពពី ៖ ព្រះចន្ទ - La Lune
កែសម្រួលដោយ៖ ទី សារឿន