សិលាចារឹក Ka 77 ជាភាសាខ្មែរ នៅខេត្តសាកន-នគន(ថៃ) ដែលបានចារឡើងឆ្នាំ១០៦៦
នាឆ្នាំ១៩៩០ កន្លងមកនេះ នាយកដ្ឋានវិចិត្រសិល្បៈថៃ បានរកឃើញផ្ទាំងសិលាចារឹកខ្មែរមួយ នៅភូមិណាផាង ស្រុកប្លាសីវ ខេត្តសាកន-នគន ប្រទេសថៃបច្ចុប្បន្ន ដែលបានចារឡើងនៅឆ្នាំ៩៨៨ នៃមហាសករាជ ត្រូវនឹងឆ្នាំ ១០៦៦ នៃគ្រិស្តសករាជ។ ពោលគឺ ក្នុងរជ្ជកាលរបស់ព្រះបាទឧទ័យាទិត្យទី២ (១០៥០-១០៦៦ គ.ស) ដែលយើងបានចុះលេខរៀងក្នុងបញ្ជីសារពើភ័ណ្ឌសិលាចារឹកខ្មែរ Ka 77 ។
បើយើងពិនិត្យលើខ្លឹមសារសិលាចារឹក Ka77 នោះ យើងអាចវាយតមៃ្លបានថា មានការនិយមគំនូរជាសំពត់លើពិតាន សម្រាប់ដាក់ពីលើព្រះពុទ្ធរូប នៅចុងសតវត្សទី ១១ នៃគ.ស.។ ការអានតាមខ្លឹមសារនៃសិលាចារឹកនេះ បានឲ្យដឹងថា នៅឆ្នាំ ៩៨៨ ស.ក ត្រូវនឹងថ្ងៃ១០ រោច ខែជេស្ន ថ្ងៃច័ន្ទ មានការសា្ថនាឡើង នូវព្រះពុទ្ធបដិមា និងគំនូរលើកំណាត់សំពត់ សម្រាប់ចងលើពិតានវិហារ ដោយអាចារ្យធម៌ ដើម្បីថ្វាយដល់ព្រះសង្ឃ ព្រះនាមសោមង្គល។
ទោះបីជាអត្ថបទសិលាចារឹក Ka 77 របស់យើង មានអក្សរត្រឹមតែប៉ុន្មានបន្ទាត់ យ៉ាងខ្លីក៏ដោយ ក៏វាមានប្រយោជន៍ជាអនេក សម្រាប់យើងដែរ ដូចនៅការបង្ហាញមូលហេតុខាងលើ។
ផលប្រយោជន៍មួយទៀត ខាងប្រវត្តិសាស្ត្រ គឺវត្តមានរបស់សិលាចារឹក បានឲ្យយើងដឹងថា នៅឆ្នាំ ១០៦៦ នៃគ.ស. តំបន់នៃខេត្តសាកន-នគន គឺជាទឹកដីរបស់ខ្មែរពីសម័យបុរាណ៕
ដោយ៖ មីសែល ត្រាណេ
សិលាចារឹក Ka 77 នៅខេត្តសាកន-នគន(ថៃ)
ទីតាំងភូមិសាស្រ្តនៃខេត្តសាកន-នគន ប្រទេសថៃបច្ចុប្បន្ន