មូលហេតុការជម្លៀសប្រជាជន (#ភាគទី២)
អំពីការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តការលុបបំបាត់ និងការចាត់តាំងសហករណ៍ទូទាំងប្រទេស(#ភាគទី២)
(តពីភាគទី១)…. នៅចុងខែ មីនា ឆ្នាំ ១៩៩៥ ខៀវ សំផន ត្រូវការគេអញ្ជើញទៅទីបញ្ជាការរួម ប.ក.ក ដែលតាំងនៅភូមិដូង ក្នុងឃុំស្រែអណ្តូង ខាងលិចឧតុង្គបន្តិច ដើម្បីតាមដានការវាយសម្រុកជាចុងក្រោយទៅលើរដ្ឋធានីភ្នំពេញ។ ហ៊ូ នីម និង ប៉ុក ដឺកុមារ នៅជាប់រវល់នៅមន្ទីររបស់គាត់ជិតទីស្នាក់ការរបស់ ប៉ុល ពត នៅស្ទឹងជីនិត ដើម្បីសរសេរអត្ថបទ និង ដំណឹងសម្រាប់ផ្សាយប្រចាំថ្ងៃក្នុងវិទ្យុខ្មែរក្រហម។ ហ៊ូ យុន ដើររហូតមិនសូវនៅកន្លែងទេ។ ដូច្នេះអ្នកទាំងនោះអត់បានទៅជាមួយ ខៀវ សំផន ទេ។ រាល់ថ្ងៃ លោក ខៀវ សំផន ទៅស្តាប់វិទ្យុទាក់ទងជាមួយកម្មាភិបាលយោធាមួយចំនួន ដើម្បីតាមដានសមរភូមិប្រយុទ្ធ។
នៅថ្ងៃទី១៧ មេសា វេលាម៉ោង ៩ព្រឹក យើងមានការរំភើបរីករាយយ៉ាងខ្លាំងដោយលឺសូរសំឡេងបញ្ជាការកងឯកភាពជួរមុខប្រាប់មកថា គេទៅដល់ចំណុចផ្សេងៗក្នុងរដ្ឋធានីហើយ។
ដល់ពេលរសៀល ពីខ្ទមរបស់លោក ខៀវ សំផន ដែលលោកបានទៅសម្រាកជ្រកកំដៅថ្ងៃស្រាប់តែខ្ញុំលឺសំឡេងមនុស្សអ៊ូរអែ។ លោក ខៀវ សំផន ងើបឡើងអើតមើលទៅកន្លែងវិទ្យុទាក់ទងក៏ឃើញមានយុទ្ធជនមួយក្រុមកំពុងតែនិយាយឆ្កាដៃឆ្កាជើង។ លោក ខៀវ សំផនក៏ដើរទៅស្តាប់គេ។ គឺជាយុទ្ធជនមួយក្រុមដែលទើបតែមកពីភ្នំពេញ។ ពេលលោក ខៀវ សំផន ទៅដល់ លោកក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងដោយលឺគេនិយាយអំពីមនុស្សដើរពេញផ្លូវ នាំឱ្យឡានរបស់គេដែលត្រូវទៅភ្នំពេញជាប់គាំងទៅមុខមិនរួច និងក្រដាសប្រាក់រៀលដែលបាចរាយប៉ាយតាមផ្លូវ។ លោក ខៀវ សំផន ក៏សួរទៅគេទាំងឡាយ ហើយគេក៏បានប្រាប់លោកថា មានការណែនាំអង្គការឱ្យជម្លៀសប្រជាជនចេញពីភ្នំពេញ…. ។ រំពេចនោះលោក ខៀវ សំផន រន្ធត់ចិត្តយ៉ាងខ្លាំង។
លោក ខៀវ សំផន ដោយនឹកដល់មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ កូនក្មេងតូចៗ អ្នកជម្ងឺ ដែលត្រូវដើរទៅគ្រប់ទិសទីក្រោមកំដៅថ្ងៃក្តៅចែសពាសពេញតែផ្លូវ។
ហើយលោកនឹកនិយាយថា «តើគាត់អាចយកអ្វីទៅជាប់នឹងខ្លួនបានខ្លះ? តើគាត់ដឹងទេថាគាត់ត្រូវទៅទីណាខ្លះ? តើប៉ុន្មាននាក់នឹងអាចទៅដល់គោលដៅ? តើបងប្អូនជាទីស្រលាញ់របស់ខ្ញុំ មិត្តភក្តិខ្ញុំ នឹងទៅជាយ៉ាងណាទៅ? ហេតុម្តេចបានជានៅចំពេលដែលខ្ញុំ កំពុងតែសប្បាយរីករាយ សង្ឃឹមក្នុងចិត្តថានឹងបានជួបគ្នាឡើងវិញ ឥលូវបែរជាឃ្លាតឆ្ងាយពីខ្ញុំទៅវិញយ៉ាងនេះ? តើគេទាំងឡាយនឹងជួបការលំបាកយ៉ាងណាទៅ? តើគេទាំងឡាយអាចទ្រាំបានទេ? តើអ្នកណាខ្លះត្រូវស្លាប់? គឺសុទ្ធតែសំនួរដែលធ្វើឱ្យខ្ញុំអស់សង្ឃឹម អស់មានការសប្បាយរីករាយ អ្វីដូចគេឯងជុំវិញខ្ញុំទៀតហើយ។ ហេតុអ្វីបានជាគេយកវិធានការយ៉ាងនេះ? ពីពេលណា?»
ក្នុងការពន្យល់របស់គេ លេខាបក្ស ប.ក.ក និង សមាជិកផ្សេងទៀតនៃគណៈអចិន្ត្រៃយ៍បានឱ្យហេតុផលដូចតទៅ៖
ហេតុផលទី១៖ ទាក់ទងទៅនឹងបញ្ហាស្បៀង ដែលជាបញ្ហាធ្ងន់ធ្ងរដោះស្រាយមិនរួច។ ឧទាហរណ៍ ដូចជាភ្នំពេញពេលនោះ មានប្រជាជនទៅដល់ជិត ៣លាននាក់។ រដ្ឋអំណាចថ្មីមិនមានលទ្ធភាពផ្គត់ផ្គង់បានទេ។ ផ្លូវ និង ស្ពានខូចខ្ទេចខ្ទី ឡានក៏ខ្វះ។
ហេតុផលទី២៖ ទាក់ទងទៅដល់បញ្ហាសន្តិសុខ និងការពារជាតិ។ នៅពេលដែលវៀតណាមបានបង្រួបបង្រួមឡើងវិញ ហើយក្លាយជាគ្រោះថ្នាក់មួយយ៉ាងធំជាងពេលណាៗទាំងអស់ ភ្នំពេញ និងទីរួមខេត្តផ្សេងៗដែលមានប្រជាជនណែនតាន់តាប់ហើយធ្លាប់ជាជម្រកនៃបនអ្នកលេងគ្រប់ធុនយូរមកហើយ អាចក្លាយទៅជាកន្លែងមួយសំរាប់ សេអ៊ីអា សំណល់នៃកងទ័ព លន់ នល់ និង ពួកខ្មែរសេរី បង្កប់ខ្លួនធ្វើវិច្ឆេទកម្ម។
ហេតុផលទាំងប៉ុន្មានខាងលើនេះ មិនមែនជាមូលដ្ឋានសោះទេ ប៉ុន្តែលោក ខៀវ សំផន មិនយល់ថា ចាំបាច់អ្វីក៏ប្រញាប់ប្រញាល់ខ្លាំងម្លេះ? ពួកគេមានទុនជាសមានចិត្តច្រើនណាស់ក្នុងចំណោមប្រជាជនទាំងនោះ។ មានអ្នកខ្លះថែមទាំងធ្លាប់បានប្តូរស្លាប់ប្តូររស់ជួយឧបត្ថម្ភការតស៊ូជាសម្ងាត់ហូរហែមកទៀតផង។ ហើយលោកបាននិយាយថា «ពួកយើងអាចអំពាវនាវដល់ស្មារតីស្នេហាជាតិរបស់គេឱ្យរួមជាមួយយើងការពាររដ្ឋអំណាចថ្មី ហើយធ្វើឱ្យភ្នាក់ងារសត្រូវឯកា។ យើងក៏អាចអំពាវនាវឱ្យគេសហការជាមួយយើង ដោះស្រាយការលំបាកអំពីបញ្ហាស្បៀង។ នៅមុនឆ្នាំ ១៩៧០ ប្រជាជនភ្នំពេញមានមិនហួសពី៦សែននាក់ទេ។ ដូច្នេះជាង ២លាននាក់ទៀត ជាអ្នកភៀសខ្លួន ដែលបានរត់ចោលភូមិ និងផ្ទះសម្បែងរបស់គេដោយសារការទម្លាក់គ្រាប់បែកបេ៥២។ គេរងចាំតែពេលដើម្បីទៅស្រុកវិញទេ ឱ្យតែយើងទុកពេលឱ្យគេរៀបចំឥវ៉ាន់របស់គេបន្តិច។សូម្បីតែអ្នកនៅទីក្រុងខ្លះ ពិសេសអ្នកដែលនៅវ័យក្មេង ក៏អាចស្ម័គ្រចិត្តទៅចូលរួមកសាងជនបទដែរ។ ដូច្នេះអ្វីៗអាចដំណើរការបានទៅដោយរៀបរយ ហើយដោយសុខចិត្តសុខកាយ បើមិនទាំងអស់គ្នាក៏ភាគច្រើនដែរ។» (ភាគបន្ត…..)
សូមទស្សនិកជនរងចាំតាមដានក្រុមការងារសម្របសម្រួស យើង ធ្វើផុសជាបន្តបន្ទាប់។ អរគុណ!!!
ដកស្រង់ពី សៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងគោលជំហររបស់ខ្ញុំជាបន្តបន្ទាប់