ប្រាសាទយាយពៅ ស្ថិតនៅក្នុងក្រុមប្រាសាទតាព្រហ្ម ទន្លេបាទី
បើយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៤០ គ.ម យើងនឹងបានឃើញផ្លាកសញ្ញានៃច្រកចូលរមណីយដ្ឋានទន្លេបាទី នៅខាងស្ដាំដៃ ដោយធ្វើដំណើរបត់ចូលតាមច្រកនោះប្រហែល ២គ.ម យើងនឹងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវមួយទៀត ដែលតម្រូវឲ្យយើងបត់ស្ដាំម្ដងទៀតក្នុងចម្ងាយផ្លូវប្រហែលជា២០០ម យើងនៅបានទៅដល់វត្តទន្លេបាទី ដែលនៅខាងមុខវត្ត យើងឃើញមានប្រាសាទដ៏ធំមួយ នោះគឺប្រាសាទតាព្រហ្ម ហើយចំណែកនៅក្នុងបរិវេណវត្តទន្លេបាទី (វត្តទន្លេបាទីជាវត្តព្រះពុទ្ធសាសនាមួយ កសាងក្នុងឆ្នាំ១៥៧៦) នេះក៏មានប្រាសាទបុរាណមួយទៀតដែរ គឺប្រាសាទយាយពៅ។
ប្រាសាទយាយពៅ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមាន ចម្ងាយ១០០ម ពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពៅ កសាងក្នុងទឹកដីចាស់សម័យបុរេអង្គរ នៅចុងស.វ ទី១២ ដើមស.វទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះបានកសាងឡើងអំពីថ្មភក់ មានរាងជាការេ ដោយជ្រុងនីមួយៗមានប្រវែង ៧ម៉ែត្រ និងបែរមុខទៅទិសខាងកើត ដោយមានអន្តរសាលមួយលយទៅខាងមុខ ហើយស្ថិតលើខឿនមួយមានកម្ពស់ប្រហែល១ម៉ែត្រ។
តាមអ្នកស្រាវជ្រោវជំនាន់មុនបានឲ្យដឹងថា ប្រាសាទយាយពៅ មានខឿនប្រាសាទព័ទ្ធជុំវិញដោយបង្កាន់ដៃនាគ តែសព្វថ្ងៃនេះបានបាក់ធ្លាក់កប់ទៅក្នុងដីអស់ទៅហើយ។ ចំពោះផ្នែកខាងលើនៃប្រាសាទបានរលុះរលំធ្លាក់ចុះក្រោម ហើយបើគេពិនិត្យឲ្យបានច្បាស់លាស់ គេសន្មតបានថា ប្រាសាទនេះពីដើមមានកម្ពស់ប្រមាណជិត១៥ម៉ែត្រ តែសព្វថ្ងៃនៅសល់តែ៨ម៉ែត្រប៉ុណ្ណោះ។
បរិវេណនៃប្រាង្គប្រាសាទមានសិលាចារឹក នាចុងស.វទី៦ ដើម ស.វទី៧ ជាដើម ដែលគេមិនត្រូវមើលរំលង។ នៅក្បែរប្រាសាទ គេឃើញមានគំនរថ្មចម្លាក់ដូចជាដងខ្លួនបង្កាន់ដៃនាគ និងសមាសធាតុតុបតែងប្រាសាទខាងលើនេះ។ បើតាមលក្ខណៈនៃក្បាច់ចម្លាក់ទាំងអស់នេះគេសន្មតបានថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន។
បូជនីយដ្ឋាននេះកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា។ ម៉្លោះហើយបានជានៅផ្នែកខាងត្បូង និងខាងជើង គេឃើញមានឆ្លាក់ក្បាច់រឿងបែបព្រាហ្មណ៍និយមនៅលើក្បាច់ហោជាង។ ពោលគឺ គេឃើញមានចម្លាក់ព្រះសិវៈ ឬឥសូរដៃបួនកំពុងរាំ។ នៅចុងជើងស្តាំ និងឆ្វេងរបស់ទ្រង់មានចម្លាក់ទេពប្រណម្យដែលលុតជង្គង់ ដៃស្ថិតក្នុងឥរិយាបទសំពះ ឬទេពប្រណម្យ។ រីឯលើក្បាច់ផ្តែរវិញ គេឃើញមានចម្លាក់តំណាងទេពប្រណម្យ ឆ្លាក់ជា ៣ជួរ ហើយក្នុងមួយៗជួរមានទេពប្រណម្យចំនួន៩ លើកលែងតែនៅលើជួរទី១ មានទេពប្រណម្យតែ៨ អង្គុយអមសងខាងព្រះពុទ្ធអង្គ។
អត្ថបទដោយ៖ ទី សារឿន
ចម្លាក់ទេពប្រណម្យ
គំនរបង្កាន់ដៃនាគ
ច្រកចូលទៅប្រាសាទតាព្រហ្ម ទន្លេបាទី