ប្រវត្តិព្រះវិហារវត្តស្វាយពពែ

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រវត្តិព្រះវិហារវត្តស្វាយពពែ ប្រវត្តិព្រះវិហារវត្តស្វាយពពែ

វត្ដស្វាយពពែ មានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ វត្តស្វាយ​ពពែនេះ ត្រូវបានអ្នកឩកញ៉ាវាំងវរវៀងជ័យ ព្រហ្ម ស្ថាបនាព្រះវិហារវត្តស្វាយ​ពពែ​នៅត្រង់កន្លែង​ព្រះវិហារចាស់​ក្នុងរជ្ជកាល​នៃព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះនរោត្តម​ព្រះសុវណ្ណកោដ្ឋ ដោយមានសម្ដេចព្រះសុគន្ធាវង្សរាជា​គណៈធិបតីបញ្ញាសីលោ ប៉ាន បានបញ្ចុះសីមា។

តាំងពីពេលនោះតមកព្រះរាជវង្ស ព្រះអង្គម្ចាស់នរោត្តមសុទ្ធាវង្សជាព្រះរាជនត្ដា និងអ្នកឩកញ៉ា វរវៀងជ័យ ព្រហ្ម និងពុទ្ធបរិស័ទ​តែង​បាន​ឩបត្ថម្ភទំនុកបំរុងវត្តនេះជារហូតមក។ លុះមកទល់នឹង ព.ស ២៥០៨ គ.ស១៩៦៥ សម្ដេចព្រះរតនរាជធីតា ព្រះស្រីសន្ទរ ភក្ដ្រអគ្គនិករ អមរមកុដក្សត្រិយ៍ ពិន្តរា សុដារ៉េត ជាព្រះរាជធីតានៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងពុទ្ធបរិស័ទទាំងឡាយ បានរើព្រះវិហារចាស់ដែលចាស់ទ្រុឌទ្រោម និងបានកសាងព្រះវិហារថ្មីស្នង ដើម្បីឩទ្ទិសព្រះរាជកុសលថ្វាយចំពោះព្រះអង្គម្ចាស់ នរោត្តម សុទ្ធាវង្ស ជាព្រះស្វាមី និងជូនចំពោះបុព្វការីជនរបស់ពុទ្ធបរិស័ទទាំងឡាយនោះផង។

ព្រះវិហារវត្តស្វាយពពែដែលសាងក្រោយនេះមានលក្ខណៈជាវិហារខ្នាតមធ្យម២ជាន់ សាងដោយឥដ្ឋនិងបេតុងអាម៉េ ជាវិហារជហ្វា ៤ស្លាប ដំបូល ២​ជាន់ គឺរបៀង និងបាំងសាច។
តាមពាក្យចារិករបស់វត្តឃើញថា វត្តស្វាយពពែ គឺជាវត្តហ្លួងតាំងពីអតីត​ដោយមានការជ្រោមជ្រែង​ទំនុកបំរុងផ្ចុងផ្ដើម​ដោយខ្សែ​ព្រះរាជវង្សានុវង្ស​មកទល់នឹង​វិហារថ្មីត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៥។ ក្រៅពីសំណង់ព្រះវិហារនៅមានកុដិចាស់ដែលសាងមុនព្រះវិហារថ្មី ឬសាង​ក្នុងពេល​ដំណាល​ព្រះវិហារផងដែរ។ ដោយឡែកចំពោះ ក្លោងទ្វារវត្តស្វាយពពែ គឺជាសំណង់ដែលសល់ពីសម័យបុរាណមុនសាងព្រះវិហារថ្មីមកម្ល៉េះ។

 

បញ្ចេញមតិ