វប្បធម៌ខ្មែរ និង​ប្រជាជន​ខ្មែរ នៅ​ខេត្ត​នគររាជ​សីមា

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
វប្បធម៌ខ្មែរ និង​ប្រជាជន​ខ្មែរ នៅ​ខេត្ត​នគររាជ​សីមា វប្បធម៌ខ្មែរ និង​ប្រជាជន​ខ្មែរ នៅ​ខេត្ត​នគររាជ​សីមា

បើយើងបើកទំព័រព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា យើងនឹងបានដឹងភ្លាមថា ខេត្តនគររាជសីមា ដ៏ធំធេងរបស់ព្រះរាជាណាចក្រថៃ សព្វថ្ងៃនេះ ដើមឡើយគឺជាខេត្តរបស់ខ្មែរ។ ដោយហេតុថា នៅចុងសតវត្សរ៍ទី១៥ នៃគ្រិស្ដសករាជព្រះមហាក្សត្រខ្មែរ បានកេណ្ឌប្រជារាស្ត្រខ្លួនក្នុងទឹកដីនេះ ដើម្បីច្បាំងនឹងទ័ពសៀម ដែលមកពីខេត្តសុខោទ័យ និងអយុធ្យា នៅឡើយ។ រហូតដល់រាជព្រះបាទធម្មរាជា(១៤៨៥-១៥០៤) ខេត្តពីរ គឺខេត្តនគរាជសីមា និងខេត្តចន្ទថាប៊ុន ត្រូវបានសៀមយកទៅដាក់ជារបស់ខ្លួន ដោយសារស្តេចអង្គនេះ គឺជាចៅរបស់ព្រះបាទពញាយ៉ាត ជាមួយម្ចាស់ក្សត្រីយ៍ស៊ីសាង៉ាន កូនស្តេចសៀមកាលពីពេលពញាយ៉ាតរំដោះប្រទេស និងបណ្តេញសៀមចេញពីអង្គរវិញ។
ដូច្នេះ ការបាត់បង់ខេត្តដ៏សំខាន់នេះ ដែលមានប្រាង្គប្រាសាទខ្មែរ ស្ថានីយប្រវត្តិសាស្ត្រ និងប្រជាជនខ្មែរជាច្រើន ដែលរស់នៅលើតំបន់ខ្ពង់រាបនេះ បណ្ដាល​មកពី​ការ​វាតទី​​។

ទីតាំងនៃខេត្តនគររាជសីមា

ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដោយរាជ​រដ្ឋាភិ​បាលថៃបច្ចុប្បន្ននេះ ជាដំណើរការមួយពង្រីកឥទ្ធិពលវប្បធម៌ថៃ ក្នុងភូមិភាគនេះ បានធ្វើឲ្យជនជាតិដើមទាំងនោះបន្ដិចម្ដងៗ បាត់​បង់​នូវអត្តសញ្ញាណជាតិរបស់ខ្លួន ពោលគឺភាសាទម្រង់ប្រពៃណីបុរាណខ្មែរ ហើយនៅទីបញ្ចប់ក៏ក្លាយទៅជា ជនជាតិថៃតែម្ដង។ ក៏ប៉ុន្ដែ ទោះបីជារដ្ឋាភិបាលថៃ មាន​នយោបាយ​យ៉ាង​មានប្រសិទ្ធិភាពបែបនេះក្ដី យ៉ាងហោច​ណាស់ ក៏គេត្រូវការរយៈពេលជាច្រើនសតវត្សរ៍ទៀតដែរ ដើម្បីធ្វើឲ្យជនជាតិដើមទាំងនោះប្រែក្លាយទៅជាជនជាតិថៃ ១០០ ភាគរយ​បាន។ ឧទាហរណ៍ដ៏ជាក់ស្ដែងមួយ គឺរហូតដល់សព្វ​ថ្ងៃ គឺស្រុកណងគី មួយ នៃខេត្តនគររាជសីមា ស្ថិតនៅជាប់នឹងខេត្តបុរីរម្យ នៅតែនិយាយខ្មែរនៅឡើយ។

ប្រាសាទភ្នំវ៉ាន់

ការអភិវឌ្ឍន៍តំបន់ភាគឦសាន គឺជាគោល​ការណ៍ចម្បងរបស់រដ្ឋាភិបាលថៃ ដើម្បីសុខុមាលភាព និងវឌ្ឍនភាពរបស់ប្រជាជន តាមរយៈកម្មវិធីអប់រំ និងបច្ចេកទេសទំនើបៗ ប៉ុន្ដែ ទោះ​ជាយ៉ាងណាក៏ដោយ ពុំបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅទីនេះ ផ្លាស់ប្ដូរលក្ខណៈសម្បត្តិ សារជាតិដើម រូបរាងកាយរបស់ខ្លួនទេ។ ពេលដែលយើងជួបអ្នកស្រុកទាំងនោះ នៅ​ក្បែរ​ប្រាសាទភិមាយ និងប្រាសាទភ្នំវ៉ាន់ គេតែងមានអារម្មណ៍ថា ‹គេជាខ្មែរទេតើ›។ អ្នកទាំងនោះមានស្ថានភាពប្រហាក់ប្រហែលនឹងជនជាតិខ្មែរ នៅកម្ពុជាក្រោមដែរ ដែល​បាន​ទទួល​នូវវាសនាផលកម្មដូចគ្នានេះ។

ដើមសតវត្សរ៍ទី២០នេះ នៅតាមស្រុកភូមិខ្លះ គេឃើញមានមនុស្សចេះនិយាយភាសាខ្មែរនៅឡើយ ហើយរហូតដល់ឆ្នាំ១៩៣០-៤០ ទើបសហគមន៍ខ្មែរទាំងនោះ ឈប់​ចេះ​និយាយ​ភាសាខ្មែរ ដោយយន្ដការសៀមូបនីយកម្ម។

ប្រឈមមុខនឹងការពិតជាក់ស្ដែង ដ៏ជូរចត់ខាងលើ យើងអាចស្របមតិ នឹងទស្សនៈមួយដែលពោលថា ‹អារ្យធម៌ ក្នុងលោកនេះ អាចនឹងស្លាប់បាន ហើយ​ការ​សាបសូន្យ​រលំ​រលាយ​នេះ គឺបណ្ដាលមកពីការបាត់បង់នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ› ដែលប្រការនេះខ្មែរគួរតែចាប់អារម្មណ៍ ចំពោះវាសនារបស់ជាតិខ្លួនឯង។

មានឯកសារមួយចំនួនបានឲ្យដឹងថា នាសម័យសង្គ្រាមវៀតណាម ជនជាតិអាមេរិកកាំង ដែលមានមូលដ្ឋានទ័ពមួយចំនួន ក្នុងប្រទេសថៃ ដោយឡែកក្នុងខេត្តនគររាជសីមា បាន​យក​ប្រពន្ធជា‹ខ្មែរ› ដើមកំណើតខ្មែរ។ ស្ត្រីថៃដើមកំណើតខ្មែរនៅក្នុងតំបន់នេះ ដែលភាគច្រើនមានសម្បុរខ្មៅស្រអែម ឬ’សំរិទ្ធី” ជាប្រការដែលចាប់អារម្មណ៍ប៉ផុតនោះ គឺ​ប្រពន្ធ​ខ្មែរនគររាជ (មាខ្មេនគោរ៉ាត) មួយ នេះ ដែលនាំឲ្យប្រុសសាសន៍ស្បែក​សនោះ ពេញចិត្តយ៉ាងក្រៃលែង។

សូមបញ្ជាក់ផងដែរថា ៨០ឆ្នាំក្រោយមក គឺនៅសម័យលង្វែក ក្នុងរាជរបស់បុត្រព្រះអង្គច័ន្ទរាជា ព្រះនាមបរមិន្ទ្ររាជា(១៥៦៦-៧៥) ព្រះអង្គបានវាយដណ្តើមយកខេត្តនគររាជ ជាមួយបណ្តាខេត្តជាច្រើនទៀតមកដាក់ក្នុងអាណាខេត្តរបស់ខ្មែរវិញ។ គឺយើងត្រួតត្រាខេត្តនេះបានរយៈពេល ២០ឆ្នាំប្លាយ​ រហូតដល់ក្រុងលង្វែកត្រូវស្តេចសៀម រាមាសូរ្យ បំបែក​បាន ក្នុងរាជព្រះសត្ថាទី១ (១៥៧៦​-៨៥) ទើបខេត្តនេះត្រូវធ្លាក់ក្នុងកណ្តាប់ដែសៀមរហូតមក។

រូបភាពភ្ជាប់មកជាមួយ នៅខាងលើនេះ គឺជាប្រាសាទភ្នំវ៉ាន់ នៅក្នុងខេត្តនគររាជសីមា ដែលរក្សាបានរូបរាងយ៉ាងល្អនៅឡើយ៕

ប្រភព៖ មីសែល ត្រាណេ

បញ្ចេញមតិ