វត្ថុបុរាណចំនួន ៤ប្រភេទ ដ៏​អាថ៌កំបាំង​ត្រូវ​បាន​រក​ឃើញ​នៅ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា​ប្រាសាទកណ្តាលស្រះស្រង់

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០​ | វប្បធម៌ | 0 |
វត្ថុបុរាណចំនួន ៤ប្រភេទ ដ៏​អាថ៌កំបាំង​ត្រូវ​បាន​រក​ឃើញ​នៅ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា​ប្រាសាទកណ្តាលស្រះស្រង់ វត្ថុបុរាណចំនួន ៤ប្រភេទ ដ៏​អាថ៌កំបាំង​ត្រូវ​បាន​រក​ឃើញ​នៅ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា​ប្រាសាទកណ្តាលស្រះស្រង់

ចាប់តាំងពីអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានប្រាសាទកណ្តាលស្រះស្រង់មក ក្រុមកំណាយស្រាវជ្រាវ​បុរាណ​វិទ្យា​បានប្រទះឃើញវត្ថុបុរាណជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។ នៅក្នុងចំណោមវត្ថុបុរាណ​ដែលបានប្រទះឃើញ​ទាំងនោះ គឺមានវត្ថុបុរាណចំនួន ៤ប្រភេទ ដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះ ដោយវត្ថុបុរាណចំនួន ៣ប្រភេទ ត្រូវបានក្រុម​កំណាយ​ស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានប្រាសាទកណ្តាលស្រះស្រង់រកឃើញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងនោះមាន៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំ​ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។ ដោយឡែកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមការងារជួសជុលប្រាសាទ​កណ្តាល​ស្រះស្រង់​ក៏​បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកមួយនៅក្នុងកំណាយស្រាវជ្រាវរបស់ខ្លួនផងដែរ។

ក្រោយពីការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូនៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា? គេដាក់​ដើម្បីអ្វី? និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ ចំណែកលទ្ធផលបែបណានោះ ក្រុមកំណាយស្រាវជ្រាវបុរាណវិទ្យានឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវរបស់ខ្លួន។

សូមបញ្ជាក់ថា បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោង​នឹងបញ្ចប់​នៅក្នុងរយៈពេល ៦​សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។ ចំណែកឯកិច្ចការរក្សាទុកដាក់វត្ថុបុរាណវិញ បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕

បញ្ចេញមតិ