អាជ្ញាធរជាតិអប្សរាបំភ្លឺចំពោះ ករណីភ្ញៀវទេសចរជប៉ុនម្នាក់បានស្លាប់ដោយសារជម្ងឺ Covid 19 នៅប្រាសាទអង្គរវត្ត

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានចេញមុខបដិសេធចំពោះព័ត៌មានដែលបានចុះផ្សាយថា មានករណីភ្ញៀវទេសចរជប៉ុនម្នាក់បានស្លាប់ ដោយសារជម្ងឺ Covid 19 នៅប្រាសាទអង្គរវត្ត! ដោយបានបញ្ជាក់ថា រូបភាពដែលគេយកមកបង្ហោះផ្សាយនោះ គឺជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់ និងត្រូវបានបញ្ជូនទៅព្យាបាលតាមរថយន្តពេទ្យ Royal Angkorភ្លាមៗ។
ចំពោះព័ត៌មានខាងលើត្រូវបានហ្វេសប៊ុកឈ្មោះ Sdam Husen និងទំព័រលើហ្វេសប៊ុកផ្សេងៗបានចុះផ្សាយនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ និងបង្កឲ្យមានការភ្ញាក់ផ្អើល និងចែករំលែកបន្តគ្នាយ៉ាងច្រើន ទើបនៅមុននេះបន្តិច លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានចេញមកបកស្រាយ និងសូមបដិសេធចំពោះព័ត៌មាននេះ ថាពុំមែនជាព័ត៌មានពិតនោះទេ គឺគេយករូបភាពចាស់មកប្រើតែប៉ុណ្ណោះ។
អាជ្ញាធរជាតិអប្សរា ក៏បានស្នើដល់ម្ចាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពចែកចាយ និងផ្សព្វផ្សាយនូវព័ត៌មានផ្ទុយពីការពិត ដែលនាំមកនូវការខាតបង់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ បាត់បង់កិត្តិយសជាតិ រួមនឹងសតិអារម្មណ៍របស់ភ្ញៀវទេសចរ និងប្រជាជាតិខ្មែរ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្តាតាមដាន និងសិក្សាស្វែងយល់រកការពិតឲ្យបានច្បាស់សិន មុននឹងធ្វើការចែករំលែកព័ត៌មានណាមួយបន្ត ជៀសវាងមានការយល់ច្រឡំ និងបង្កការភ័យខ្លាចក្នុងសង្គម។