អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលលម្អដោយស្ថាបត្យកម្មបុរាណខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០​ | ចំណេះដឹងទូទៅ | 0 |
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលលម្អដោយស្ថាបត្យកម្មបុរាណខ្មែរ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលលម្អដោយស្ថាបត្យកម្មបុរាណខ្មែរ

បើយោងតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសបុកផ្ទាល់របស់ ឯកឧត្តម ជា សុផារ៉ា (ជា សុផារ៉ា-Chea Sophara) រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថៃ្ង៣កើត ខែមាឃ ត្រូវនឹងថៃ្ងទី២៧ ខែមករា ឆាំ្ន២០២០ នេះ បានឲ្យដឹងថា នៅថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ ស្អែកនេះ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកក៏បានឲ្យដឹងដែរថា អគារទីស្តីក្រសួងថ្មីនេះមានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតា ដោយមានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។
អគារនេះមានចំណតរថយន្តប្រមាណ ៤៥០ កន្លែង ដែលអគារក្រសួង ដ.ន.ស សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។

បើផ្អែកទៅលើប្លង់គម្រូដែលបានបង្ហាញជូននេះ អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយមានបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្ម​បុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។ ប្លង់គម្រូនេះត្រូវបានគេស្គាល់ថាជាទឹកដៃរបស់ លោកបណ្ឌិត លី រស្មី។

ក្រៅពីអគារដែលមានរចនាបថខ្មែរស្អាតប្លែកនេះហើយ តាមគម្រោងអគារទីស្តីក្រសួងថ្មីនេះបានរៀបចំឲ្យមាន សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០ នាក់ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ និងសង្គ្រោះសំណង់ប្រភេទ​នេះឲ្យរស់ឡើងវិញ​ជាសំណង់របស់រដ្ឋទុកតជំនាន់។ សូមបញ្ជាក់ដែរថា សម្រាប់ទីស្តីការក្រសួង ដ.ន.ស សព្វថៃ្ង ដែលមានទីតាំង​នៅតាម​បណ្ដោយ​មហា​វិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជរដ្ឋាភិបាលនឹងប្រគល់ឲ្យមន្ទីរ ដ.ន.ស រាជធានីភ្នំពេញ ប្រើប្រាស់វិញ៕

បញ្ចេញមតិ