ការបូមទឹកបំពេញ​ស្រះ​ប្រាសាទ​អង្គរវត្ត​ដើម្បី​បង្កើន​ភាព​ទាក់ទាញ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
ការបូមទឹកបំពេញ​ស្រះ​ប្រាសាទ​អង្គរវត្ត​ដើម្បី​បង្កើន​ភាព​ទាក់ទាញ ការបូមទឹកបំពេញ​ស្រះ​ប្រាសាទ​អង្គរវត្ត​ដើម្បី​បង្កើន​ភាព​ទាក់ទាញ

ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើន​សម្រស់ និង​ភាពទាក់ទាញ​នៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។ដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមក។

បើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការងារបូមបញ្ចូលទឹកក្នុងស្រះនេះនឹងប្រើរយៈពេលប្រមាណ ១០ថ្ងៃ ដោយ​ត្រូវ​ទាញ​​យកទឹកពីកសិន្ធុអង្គរវត្តមក។ គួរបញ្ជាក់ដែលថា ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែកុម្ភៈ តទៅ តែដោយសារ​ឆ្នាំនេះ​រដូវ​វស្សាខ្លី ហើយ​អាកាស​ធាតុ​ក្ដៅ​ជាងរាល់ឆ្នាំ បានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាព​វប្បធម៌​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែល​កន្លង​មក​ភ្ញៀវ​ទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។ គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយ​ឡែក​ស្រះ​ខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុល​និងស្ដារឡើងវិញ៕

បញ្ចេញមតិ