រូបសំណាក់ដំរី ឆ្នៃចេញពីគ្រឿងរណាយន្ត ដែលរឹបអូសពីបទល្មើសព្រៃឈើ នឹងរៀបចំដាក់តាំងលើបរិវេណសួនច្បារសែនមនោរម្យ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
រូបសំណាក់ដំរី ឆ្នៃចេញពីគ្រឿងរណាយន្ត ដែលរឹបអូសពីបទល្មើសព្រៃឈើ នឹងរៀបចំដាក់តាំងលើបរិវេណសួនច្បារសែនមនោរម្យ រូបសំណាក់ដំរី ឆ្នៃចេញពីគ្រឿងរណាយន្ត ដែលរឹបអូសពីបទល្មើសព្រៃឈើ នឹងរៀបចំដាក់តាំងលើបរិវេណសួនច្បារសែនមនោរម្យ

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការចុះផ្សាយអំពីសកម្មភាពរបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារគណៈកម្មការរៀបចំសាងសង់សួនច្បារសែនមនោរម្យ បានចុះមើលទីតាំង ដើម្បី​ដាក់​តាំងរូបសំណាក់ដំរី ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត ដើម្បីកែលម្អសួនច្បារសែនមនោរម្យ ឱ្យមានសោភ័ណ្ឌភាពល្អ និងអាចឱ្យសាធារណៈជន ក៏ដូចជាភ្ញៀវទេសចរ មកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ឱ្យកាន់តែ​ច្រើនឡើង​បន្ថែម​ទៀត។

យោងតាមចុះផ្សាយនេះបានឱ្យដឹងថា រូបសំណាក់ដំរីដែលនឹងរៀបចំដាក់តាំងនៅលើសួរច្បារសែនមនោរម្យ ក្នុងក្រុង​សែនមនោរម្យ​នាពេល​ខាង​មុខ​នេះ គឺជារូបសំណាក់ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលមន្រ្តីជំនាញរឹបអូសបានពីជនល្មើសនានា ដែល​លួច​កាប់​ឈើ​កន្លងមកក្នុងខេត្តមណ្ឌលគិរី។ រូបសំណាក់ដំរី ដែលមានកម្ពស់ ២.៨០ម៉ែត្រនេះ ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ធ្វើគម្រោង​ស្នើ​សុំ​ទៅក្រសួងបរិស្ថាន ដើម្បីយកគ្រឿងរណាយន្ត​កែឆ្នៃទៅជារូបដំរី ដើម្បីតម្កល់ទុកជាវត្ថុតាំងដល់សាធារណជន ដើម្បីដាក់តាំង​លើសួនច្បារ​សែន​មនោរម្យ។

ចំពោះគោលបំណងនៃការសាងសង់ និងដាក់តាំង​លើសួនច្បារជាសាធារណៈនេះ ខាងរដ្ឋបាលខេត្តបានបង្ហាញថា ទី១. កែលម្អ​បរិវេណ​សួន​ច្បារ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទស្សនា ទី២. រូបសំណាក់ដំរីនេះ ដែលសាងសង់អំពីគ្រឿងរណាយន្តទាំងអស់ ដែលជាវត្ថុតាំងបម្រើ​ការងារ​ឱ្យបទល្មើសដែលរឹបអូសបានពីជនល្មើស និងដើម្បីតម្កល់ទុក ក៏ដូចជាសារមន្ទីរមួយបង្ហាញពីការកែឆ្នៃ ការដាក់តាំងទុកឱ្យសាធារណៈជន និងកូនចៅជំនាន់ក្រោយបានចាត់ទុកថា ស្នាដៃរបស់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញជំនាន់មុន បានគិតគូសាងសង់រូបសំណាក់ដំរីនេះ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំប្រព្រឹត្តបទល្មើសព្រៃឈើ ពិសេសការកាប់ទន្ទ្រាន​ដី​របស់​រដ្ឋធ្វើជាកម្មសិទ្ធ ហើយថែទាំង សូមបញ្ឈប់មុខរបរកាប់ឈើ ដើម្បីយកទៅលក់ ដែលជាមុខរបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និង​បំផ្លាញ​នូវធនធានធម្មជាតិឱ្យងាកមកបង្កបង្កើនមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិឧស្សាហកម្មដែល​ជា​មុខរបរ​យូរ​អង្វែង​។

ការសាងសង់រូបសំណាក់ដំរីកៃឆ្នៃចេញពីគ្រឿងរណាយន្តដែលមានកម្ពស់ ២.៨០ម៉ែត្រ ចំនួន០១ នេះ គឺជាការគិតគូរពីថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្ត ដោយមានការចូលរួមឧបត្ថម្ភពីអង្គការ WWF អង្គការ WCS និងក្រុមហ៊ុនរ៉េនីសង់ មន្ទីរបរិស្ថានខេត្ត ដោយ​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង ២ម៉ឺនដុល្លារ សម្រាប់គ្រាន់តែ​ថ្លៃឈ្នួល​ប៉ុណ្ណោះ ​ដោយមិនទាន់គិតថ្លៃសម្ភារៈនៅឡើយ។ អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ