រូបចម្លាក់បដិមាព្រះសិវៈ និងព្រះនាងឧមា ដែលមានអាយុកាលជាង១១០០ឆ្នាំ ត្រូវបានអាជ្ញាធរអាមេរិចរឹបអូសពីការលក់ដេញថ្លៃ និងត្រៀមប្រគល់ជូនមកប្រទេសកម្ពុជាវិញ

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ សមត្ថកិច្ចអន្តោប្រវេសន៍ និងគយសហរដ្ឋអាម៉េរិក ( ICE Newsroo.com ) បានចុះផ្សាយ ឲ្យដឹងថា រូបចម្លាក់បដិមាបុរាណរបស់ខ្មែរចំនួនពីរ ត្រូវបានរឹបអូសនៅទីក្រុងសាន់ហ្រ្វាន់ស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា ក្រោមកិច្ចសហការរវាងក្រុមសមត្ថកិច្ចអាមេរិកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហការជាមួយនឹងប៉ូលីសក្រុងញូយ៉ក អំឡុងពេលក្រុមឈ្មួញកំពុងរៀបចំដាក់លក់ដេញថ្លៃនៅក្នុងសង្កាត់ Southern District។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអាមេរិចខាងលើនេះ រូបចម្លាក់បដិមាបុរាណខ្មែរទាំង២ ត្រូវបានក្រុមឈ្មួញទិញបន្តពីរដ្ឋកាលីហ្វ័រនីញ៉ា កាលពីឆ្នាំ២០១៥ និងត្រៀមដាក់លក់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះក្នុងសង្កាត់ Southern District នៃក្រុងញូយ៉ក ក្នុងតម្លៃ ៣៥ម៉ឺនដុល្លារ។ បើតាមការបញ្ជាក់នៅក្នុងអត្ថបទចុះខាងលើនេះ បានឲ្យដឹងផងដែរថា រូបបដិមាទាំងពីរនឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញឆាប់ៗខាងមុខបន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត។
សូមបញ្ជាក់ផងដែរថា រូបចម្លាក់បដិមាបុរាណខ្មែរ ដែលបានរឹបអូសទាំង២នេះ គឺសាងអំពីថ្មភក់ ត្រូវបានគេស្គាល់ថាជារូបព្រះសិវៈ និងព្រះនាងឧមា ដែលកសាងឡើងនៅក្នុងសម័យឆ្នាំ៩២១ និង៩៤៥។ ដូច្នេះបើយើងគិតមកដល់ពេលបច្ចុន្នប្បនេះ រូបចម្លាក់បដិមាបុរាណខ្មែរទាំង២ នេះមានអាយុកាលជាង ១១០០ឆ្នាំមកហើយ។ នេះចាត់ទុកថាជារកឃើញ និងការធ្វើមាតុភូមិនិវត្តន៍នូវសម្បត្តិមរតកដ៏មានតម្លៃមួយទៀតរបស់យើង។