ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង

ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ (លេខ០១) និងលើក​តម្រង់រូប​ចម្លាក់ទេវតា​នៅខ្លោងទ្វារដីឆ្នាំង​ដោយអ្នកជំនាញ​អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ជិតមួយឆ្នាំកន្លង​មកនេះ ដំណើរការជួសជុលប្រព្រឹត្តិទៅយ៉ាងរលូន និងបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការ​ពិភាក្សា​ឱ្យការជួសជុល​សមស្របទៅតាមតម្លៃ​បេតិកភណ្ឌ​ខ្មែរ និងច្បាប់អន្តរជាតិ។

ទាក់ទងនឹងលទ្ធផលដែលទទួលបាន លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលឱ្យដឹងថា ក្រុមការងារសម្រេចនូវការលើករូបបង្កាន់ដៃអសុរា ដែលទ្រេត ដួល ខ្វះលំនឹងបានចំនួន ៥រូប និង​បង្កាន់ដៃទេវតា ដែលដួលរលំរាយប៉ាយ ទ្រេត ស្រុត បម្រុងដួលរលំ បាន ១៦រូប (លើកតម្រង់រូបចម្លាក់ឱ្យត្រង់ ជាប់មាំឡើងវិញបាន១០០%) និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់អសុរាកាន់ក្បាលនាគបាន ៦៥% តួខ្លួនអសុរាបាន ៦៥% និងព្រះកេសនាគខាងលើបាន ៦៥% ។ ក្នុងនោះដែរ ក្រុមការងារក៏បានស្វែងរកឃើញព្រះកេសរបស់ទេវតាចំនួន០១ ដែលនឹងតភ្ជាប់ឱ្យមានសុវត្ថិភាពឡើងវិញផងដែរ។

ចំពោះការជួសជុល លោក ឃាម មុនី បញ្ជាក់ថា ក្រុមការងារបានលម្អិតខ្លាំងទៅលើរូបនាគ និងមេទ័ពអសុរា (លេខ០១) ព្រោះរូបនេះ​មាន​ហានិភ័យខ្ពស់ដោយសារដួលទាំងស្រុង រូបប្រេះបែកពីគ្នា ព្រះកេសបែករបេះធ្លាក់ថ្ម ព្រមទាំងគ្រឹះរបស់រូបផងដែរ ដោយសារកត្តាធម្មជាតិ មានបរិយាកាស ទឹកភ្លៀង លំហូរច្រោះដី កត្តាមនុស្សដោយការបំផ្លាញ និងការលំញ័ររបស់យានយន្តដែលឆ្លងកាត់។

តាមរយៈតម្លៃនៃការជួសជុល ប្រធានគម្រោងរូបនេះបានសង្កត់ធ្ងន់ថា ចម្លាក់អសុរានិងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំង គឺជាទីតាំង​សំខាន់​ដែលទេសចរឆ្លងកាត់ឥតដាច់ ដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែក​ក្នុង​ការ​លើក​តម្លៃ​ក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។ ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់​បំផុត​នៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ននិងអនាគតបានឃើញ បានសិក្សា​ជា​ប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ និង​លើក​តម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិដូនតា។

ជាអ្នករួមចំណែកមួយរូបក្នុងការជួសជុលចម្លាក់អសុរានិងទេវតាទ្រនាគ លោក ដួង ដឿម អាយុ៥៩ឆ្នាំ អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានអាជីពជាអ្នកជួសជុលប្រាសាទក្នុងតំបន់អង្គរជាង ២០ឆ្នាំហើយ ផ្នែករៀបថ្មប្រាសាទនិងចម្លាក់ និងដាប់ថ្ម លោក​សប្បាយ​ចិត្តដែលបានរួមចំណែកក្នុងកិច្ចការបេតិកភណ្ឌដូនតា និងសុំឱ្យក្មេងៗជំនាន់ក្រោយជួយថែរក្សា និងបន្តការរៀនសូត្រ ព្រោះ​បើ​អត់​ពី​ចាស់ៗទៅ គឺវិជ្ជាទាំងឡាយនឹងបាត់បង់ហើយ។ លោក ដឿម មិនមានបំណងនឹងបញ្ចប់ការងារនេះទេ នឹងបន្តកិច្ចការនេះរហូត។

មិនខុសគ្នាពីលោក ដឿម លោក ឡយ លឿម អាយុ៥៣ឆ្នាំ ធ្វើការនៅតំបន់អង្គរជាង ២០ឆ្នាំដូចគ្នា ជំនាញដាប់ថ្ម តថ្ម សប្បាយចិត្តណាស់​ ដែលបានជួសជុលចម្លាក់ថ្មអសុរា ព្រោះជារបស់បុរាណដែលត្រូវថែរក្សា វាមិនជាការលំបាកនឿយហត់ទេក្នុងការបំពេញការងារនេះ។ លោក​ចង់បន្តការងារនេះ ដើម្បីទុកជាស្នាដៃដល់កូនចៅជំនាន់ក្រោយឱ្យពួកគេបានឃើញ បានស្គាល់ និង​ជួយថែរក្សា​មរតក​វប្បធម៌ខ្មែរ​ទាំងអស់​គ្នា​៕ អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក សឿន ប៊ុនស៊រ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

       

បញ្ចេញមតិ