ប្រភេទសំណង់​ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ប្រភេទសំណង់​ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ ប្រភេទសំណង់​ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ

ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរា បាន​ដាក់​ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះ​បានកសាង​ខ្ពស់​ផុត​ពី​ដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់ ៥ប្រភេទ ដោយប្រភេទនីមួយៗ​មានភាពខុស​គ្នាត្រង់​រចនាបថ​នៃ​ដំបូល។

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក្នុងនោះដែរ ផ្ទះដែល​ត្រូវ​បាន​អនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន ៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង (ផ្ទះកន្តាំង) ប្រភេទ​ផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះ​ល្វែង​មួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសី ត្រូវប្រើ​ពណ៌​ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើតឆាយ ត្រូវ​បាន​ហាមឃាត់ ពុំអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ត្រូវ​មាន​លិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូចមានចែងក្នុងព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និង​បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤។ អត្ថបទៈ លោក ចិន សុីយ៉ាំង រូបភាពៈ នាយកដ្ឋានរៀបចំដែនដី និង គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ

បញ្ចេញមតិ