អំពីតួអង្គ ចៅងោះ និង មនុស្សមាស

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
អំពីតួអង្គ ចៅងោះ និង មនុស្សមាស អំពីតួអង្គ ចៅងោះ និង មនុស្សមាស

តួអង្គចៅងោះ គឺជាតួអង្គមួយដែលស្ថិតនៅក្នុងរឿងព្រះស័ង្ខ។ កាលនោះម្ដាយធម៌របស់ព្រះអង្គបានហាមព្រះស័ង្ខកុំឱ្យយាងទៅបញ្ចា​មហា​ប្រាសាទ​ដែលទុកស្រោមចៅងោះ។ ដោយមិនស្ដាប់នឹងរាជបញ្ជាហើយក៏ឆ្ងល់ផងនោះ ព្រះស័ង្ខក៏បានទៅបញ្ចាមហាប្រាសាទ​លួចយក​ស្រោម​ចៅងោះ ដើម្បីទៅរកឪពុកម្ដាយបង្កើតរបស់ខ្លួន។ ចំណែកតួអង្គមនុស្សមាស គឺជាអង្គមួយដែលស្ថិតនៅក្នុងរឿងវឌ្ឍនាទេវី ដែលជារឿងមួយរបស់ប្រទេសក្រិចបុរាណ មានចំណងជើងថា “​Cupid and Psyche”​។

កាលនោះ នៅនគរមួយមានព្រះមហាក្សត្រមួយអង្គ​ មានបុត្រីស្រស់ស្អាតចំនួនបីអង្គ​ បុត្រីដែលស្អាតដាច់គេ គឺបុត្រីពៅ​ដែលមានឈ្មោះថា​វឌ្ឍនាទេវី​។ សម្រស់ដ៏ល្អឯករបស់ព្រះនាង​ ល្បីខ្ទរខ្ទា​រដែលធ្វើឲ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគី​ក៏​បញ្ជា​ឲ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព)​ បាញ់ព្រួញស្នេហាធ្វើឲ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។ ទទួលបញ្ជាព្រះមាតាភ្លាម​ នារាត្រីស្ងាត់​ ទេវបុត្របានលួចបន្តក់ទឹកមន្តល្វីងលើព្រះនាង​

ចាប់ពីពេលនោះមក​បើទោះជានាងមានសម្រស់​ស្រស់​ស្អាត​យ៉ាងណា​ ក៏គ្មានក្សត្រាអង្គណាមួយចង់រៀបអភិសេកនឹងព្រះនាងឡើយ​។ ជឿ​តាម​ក្បួនហោរា​ ព្រះបិតាព្រះនាង​ក៏សម្រេច​ព្រះទ័យ​យកវឌ្ឍនាទេវីទៅបោះបង់ចោលលើកំពូលភ្នំដើម្បីជាគូនឹងសត្វគ្រុឌ។ ទេវបុត្រកាមទេព​ កាលបើបានឱកាសល្អ​ ទ្រង់ក៏យិតព្រួញ​កាមទេព​សម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ​ លុះពេលឃើញព្រះភក្រ្តព្រះនាង​ ទេវបុ្រត​ក៏ធ្លាក់ក្នុង​អន្លង់​ស្នេហ៍ ហើយទ្រង់ក៏យកព្រួញកាមទេពបាញ់ខ្លួនឯង​ រួចទ្រង់ក៏ក្រឡាខ្លួន​ជាមនុស្ស​មាសដើម្បីជួយព្រះនាង។

ក្រោយពីបានរួចខ្លួនពីកណ្តាប់ដៃ​គ្រុឌ​ វឌ្ឍនាទេវីក៏បានទៅដល់វិមានមួយដែលអ្វីៗសុទ្ធតែប្រណិត​។ ទេវបុ្រតកាមទេពនិងវឌ្ឍនាទេវីបាន​លួង​លោម​ស្នេហា​នៅវិមាននោះ​ ប៉ុន្តែមានខសន្យាថា​ ដាច់ខាតព្រះនាងហាមលួចមើលព្រះភក្រ្តទេវបុ្រត ពុំនោះទេទេវបុត្រ​នឹងចាក​ចេញ​ភ្លាម​។ ពេលវេលាកន្លងផុតទៅ​ដោយក្តីនឹករឭក​ ព្រះនាងក៏សុំជួបបងស្រីទាំងពីរ​។ កាលបើបានមកដល់វិមានល្អក្រៃ​ បងស្រីទាំងពីរមានចិត្ត​ច្រណែន​នឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាច​ ព្រោះមានតែបិសាច និងមនុស្សអាក្រក់ទេ ដែលត្រូវរស់​ដោយ​លាក់មុខ។

ដោយជឿជាក់លើបងៗ​ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ​ ទេវបុ្រតកាមទេពខកចិត្តយ៉ាងខ្លាំង​ហើយក៏ចាកចេញ​ទៅ​។ ដោយដឹងកំហុស​ វឌ្ឍទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក​។ ព្រះនាងរាគីយល់ហេតុការណ៍​ក៏តាមធ្វើបាបព្រះនាង​ ដោយដាក់​ប្រស្នាឲ្យ​វឌ្ឍនា​ទេវីធ្វើសព្វគ្រប់បើនាងចង់ជួបប្តី​។ ទីបំផុត​ ទេវបុ្រតកាមទេព​ និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នា។ អត្ថបទដកស្រង់ចេញពី: វប្បធម៌ខ្មែរ Khmer culture

បញ្ចេញមតិ
អត្ថបទទាក់ទង