វិធីធ្វើនំបាញ់ឌុក
សម្រាប់បងប្អូន ជាពិសេសគឺមិត្តនារី ដែលមានបំណងចង់ធ្វើនំបាញ់ឌុកដោយខ្លួនឯង បងប្អូនអាចសាកល្បងធ្វើទៅតាមវិធី ឬតាមរូមមន្តដូចខាងក្រោមនេះបាន។ គ្រឿងផ្សំ ៖ ម្សៅអង្ករខ្សាយ ១៥០ក្រាម, ម្សៅឆា ១៥០ក្រាម, ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, យកតែទឹក ១០៨០មីលីលីត្រ), អំបិល ១ស្លាបព្រាកាហ្វេ, ល្ងរលីង ដាក់តាមការចូលចិត្ត, ស្ករត្នោត ៤៥០ ក្រាម, ទឹកខ្ទិះដូង ៤៨០ មីលីលីត្រ។
វិធីធ្វើនំ ៖ ១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។ ២. បន្ទាប់មកយកមកដាក់លើភ្លើងកូរ (ត្រូវកូររហូត) ២ ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។ ៣. ២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។ ៤. បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។
វិធីធ្វើទឹកស្ករ ៖ ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។ វិធីធ្វើទឹកខ្ទិះដូង ៖ ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕ ប្រភពពី ៖ ស្រ្តីមេផ្ទះ