ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះ មានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានថ្មើរជើងអំពីឈើមួយចូលទៅកាន់ប្រាសាទមេបុណ្យ ដោយ​​ឆ្លង​កាត់បារាយណ៍ មានប្រវែង ៨០០ម៉ែត្រ និងទទឹង ១,៥ម៉ែត្រ។ ស្ពានឈើ ដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ គឺជាអំណោយរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ និងត្រូវបានគេ​ប្រសិទ្ធនាម​ឈ្មោះ​ថា “ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ”។

“ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ” មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំពោះ​មូល​ហេតុដែលគេប្រសិទ្ធនាមឈ្មោះថា “ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ” ត្រូវបានគេឲ្យដឹងថាក៏ព្រោះតែ ទី១: រំលឹកដល់​បេតិកភណ្ឌប្រាសាទមេបុណ្យ កសាងនៅចុងស.វទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់ឧទ្ទិសថ្វាយ​ដល់ព្រះវរ:រាជមាតា​របស់​ព្រះអង្គ​​។

ទី២: ដើម្បីរំលឹកអនុស្សាវរីយ៍ និងភ្ជាប់និស្ស័យជាមួយ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាន​ផ្ដល់ស្រះទឹក​យក្ស​ធំៗ​កាល​ពី​ឆ្នាំ២០១៥ និងទទួលវត្តមានរបស់ សម្តេចនាយករដ្ឋមន្ត្រី ចំនួន ២លើក។ និងទី៣: គឺភ្ជាប់និស្ស័យជាមួយ ឯកឧត្ដម កែ គឹមយ៉ាន ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបានដឹកនាំ និងជួយស្តារ​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ និងដោយឡែកនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកនេះ។

“ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ” នេះ ត្រូវបានសាងសង់ឡើងដោយក្រុមជាងឈើជាង ១០នាក់ និងប្រើរយៈពេលជិត ៣ខែ​។ ស្ពានឈើ​ដែល​មាន​ប្រវែង​ជិត ១គីឡូម៉ែត្រនេះ គឺសាងសង់ឡើងពីឈើក្រាក់ចម្រុះជាច្រើនប្រភេទរួមមាន គគីរ កកោះ ឈើក្រំ ត្រាច ទ្រាស ផ្ចឹក និង រាំង ជាដើម។ ចំពោះស្ថាបត្យកម្ម និងសំណង់ស្ពានឈើនេះវិញ ត្រូវបានផ្ដល់គម្រូដោយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និង​ក្រសួង​ទេសចរណ៍។

ស្ពានឈើនេះ ត្រូវបានគេសាងសង់ដោយភ្ជាប់ពីខ្នងបារាយណ៍នៃទិសខាងលិចម្ដុំស្រះស្រង់ទៅទិសខាងកើត គឺឆ្លងចូលកាត់បារាយណ៍ ទើបឡើងលើទួលប្រាសាទ ត្រឹមកំពែងទី១ រួចចុះកាត់កសិណ ទើបឡើងចូលដល់ប្រាសាទមេបុណ្យ ដែលស្ថិតនៅកណ្ដាលដូចកោះមួយ។ ចំណែកនៅកណ្ដាលប្រាសាទវិញ គេក៏បានស្ថាបនាផ្លូវថ្មើរជើងឈើខ្វាត់ខ្វែងថែមទៀត ​ព្រមទាំងតាំង​ទីអាសន:សម្រាប់​ភ្ញៀវ​អុជធូប​ទៀន​បួងសួងសុំសេចក្ដីសុខចម្រើនផងដែរ។

បញ្ចេញមតិ