ព្រះវិហារ វត្តលោមព្រលឹង មានអាយុកាលជាង ១៣០ឆ្នាំ នៅខេត្តសៀមរាប ត្រូវការការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ព្រះវិហារ វត្តលោមព្រលឹង មានអាយុកាលជាង ១៣០ឆ្នាំ នៅខេត្តសៀមរាប ត្រូវការការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ ព្រះវិហារ វត្តលោមព្រលឹង មានអាយុកាលជាង ១៣០ឆ្នាំ នៅខេត្តសៀមរាប ត្រូវការការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

វត្តលោមព្រលឹង មានទីតាំងស្ថិតនៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។​ បើតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុក Khmer Architectural បានឲ្យដឹងថា ព្រះវិហារបុរាណមួយដែលស្ថិតនៅក្នុងវត្តលោមព្រលឹងនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៩០ ជាព្រះវិហារដែលនៅសេសសល់ម៉ូតចាស់បំផុតនៅស.វ. ទី១៩ នៅខេត្តសៀមរាប។ បើតាមការឲ្យដឹង ព្រះវិហារបុរាណនេះ ធ្លាប់ត្រូវបានទទួលការជួសជុលនៅឆ្នាំ១៩៦២ ផងដែរ។

ជាមួយនឹងទិដ្ឋាភាពព្រះវិហារដែលពោលពេញទៅក្បូរក្បាច់តាំងពីបុរាណកាល ឈរយ៉ាងសង្ហារនៅទីអារាមដ៏ស្ងំស្ងាត់នេះ យើងឃើញ​មាន​សំណង់របងកំពែងសាងអំពីឥដ្ឋ និងមានក្លោងទ្វារ ដែលមានរចនាសម្ព័ន្ធ តោ និងនាគ នៅអមសងខាងនៃច្រកចូល។ ជាពិសេសស្ថិតនៅ​ខាងឆ្វេងដៃនៃច្រកចូលនេះ យើងនឹងបានឃើញចេតិយបុរាណមួយ ដែលមានចារឹកឆ្នាំ១៩៣០ ពោលគឺចេតិយនេះក៏មានអាយុកាលជាង ៩០ឆ្នាំ។

ក្រៅពីការរៀបរាប់ពីប្រវត្តិត្រួតៗ និងភូមិសាស្រ្តនៃព្រះវិហារបុរាណនេះ ទំព័រហ្វេសប៊ុក Khmer Architectural ក៏បានលើកជាសំណូមពរ​ដល់ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជួយធ្វើការសិក្សា ដើម្បីជួសជុលនូវវត្តអារាមដែល​មានវ័យចំណាស់​នេះ​ឡើង​វិញផង ដើម្បី​ទុក​ជាកេរ្តិ៍មរតកដូនតាយើង ព្រោះតែវត្តដែលសល់ពីបុរាណយើងបែបនេះ គឺមាននៅ​សល់មិនច្រើន​នោះទេ។ ខាងក្រោមនេះ គឺជាសំណេរដើមរបស់ ទំព័រហ្វេសប៊ុក Khmer Architectural ៖

“វត្តលោមព្រលឹង៖ ព្រះវិហារសាងសង់នៅឆ្នាំ១៨៩០ ជួសជុលឆ្នាំ១៩៦២ ជាព្រះវិហារដែលនៅសេសសល់ម៉ូតចាស់បំផុតនៅស.វ. ទី១៩ នៅខេត្តសៀមរាប ជាមួយនឹងរបងកំពែងឥដ្ឋ មានក្លោងទ្វារ និងរចនាសម្ព័ន្ធតោអមនៅតាមច្រកចូល នៅជិតនោះក៏មានចេតិយ​មួយ​ចារឹក​ឆ្នាំ១៩៣០ ស្ថិតនៅភូមិ សន្ទៃ ឃុំ ដានរុន ស្រុក សូទ្រនិគម ខេត្ត សៀមរាប។ សូមអោយខាង​ក្រសួងមន្ទីរវប្បធម៌ខេត្តសៀមរាប ធ្វើការសិក្សា ដើម្បីជួសជុលនៅវត្តនេះឡើងវិញផង ដើម្បីជាកេរ្តិ៍មរតកដូនតាយើង វត្តសល់ពីបុរាណយើងសល់មិនច្រើនទេ។ ប្រភព : Kim Hong”

  

   

  

បញ្ចេញមតិ