សំណង់សិប្បនិមិត្តនៃប្រាសាទបុរាណខ្មែរបី នៅទឹកដីប្រទេសហ្វីលីពីន
ប្រាសាទបុរាណខ្មែរមិនត្រូវតែជាសម្បត្តិមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរប៉ុណ្ណោះទេ តែប្រាសាទបុរាណទាំងអស់នោះក៏ជានិមិត្តរូបរបស់ជាតិយើងផងដែរ។ ដោយហេតុនេះហើយ ទើបយើងឃើញមានរូបភាពប្រាសាទនានា ជាពិសេសគឺក្រុមប្រាសាទនៅតំបន់អង្គរ ដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាដើម បានមានវត្តមាននៅលើទង់ជាតិខ្មែរ ក្រដាសប្រាក់ខ្មែរ និងនិមិត្តសញ្ញាជាច្រើនទៀតរបស់ជាតិ។
លើសពីរូបភាពដែលត្រូវបានគេប្រើប្រាស់នៅលើវត្ថុនានាសម្រាប់សម្គាល់ថាជារបស់ជាតិខ្មែរ យើងក៏មានឃើញរូបភាពនៃសំណង់សិប្បនិមិត្តនៃប្រាសាទបុរាណខ្មែរ ត្រូវបានគេសាងសង់នៅតាមទីតាំងសំខាន់ៗ និងតំបន់រមណីយដ្ឋានមួយចំនួននៅក្នុងប្រទេស និងមាននៅប្រទេសមួយចំនួនទៀត ដែលភាពច្រើនជាតំបន់ដែលមានជនជាតិខ្មែរធ្លាប់រស់នៅ និងកំពុងរស់នៅ ឬជាតំបន់ទេសចរណ៍ល្បីៗនៅបរទេសផងដែរ។
ជាក់ស្ដែងនៅពេលថ្មីៗនេះ យើងឃើញមានរូបភាពចំនួន ៣សន្លឹក ដែលបង្ហាញពីសំណង់សប្បនិមិត្តនៃប្រាសាទបុរាណខ្មែរ ដែលត្រូវបានគេបញ្ជាក់ឲ្យដឹងថា សំណង់សិប្បនិមិត្តទាំងនេះមានទីតាំងនៅក្នុងទឹកដីនៃប្រទេសហ្វីលីពិន។ នៅក្នុងចំណោមសំណង់សិប្បនិមិត្តទាំង៣ មានមួយជាសំណង់ប្រាសាទអង្គរវត្ត និងពីរទៀតជាសំណង់រូបព្រហ្មមុខបួន ដោយមួយមានកាលបរិបច្ឆេទនៃការសាងសង់ គឺឆ្នាំ១៩៨២ នៃគ.ស។
បើតាមការឲ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) “HENG Ratana” ដែលបានបង្ហោះរូបភាពទាំងនេះបានរៀបរាប់ភ្ជាប់ព្រឹត្តិការណ៍មួយដែលធ្វើឲ្យកើតមានសំណង់គម្រូប្រាសាទបុរាណរបស់ខ្មែរទាំង៣នេះ ដោយលោកលើកឡើងថា “សំណង់នេះសាងសង់នៅជំរុំភៀសខ្លួនខែ្មរមួយនៅប្រទេសហ្វីលីពីននៅឆ្នាំ១៩៨២ ដែលមានជនភៀសខ្លួនខែ្មររត់គេចពីសង្គ្រាមក្នុងស្រុក រត់ទៅប្រទេសជិតខាងនិងប្រទេសទី៣ ដោយមានអ្នកខ្លះត្រូវឆ្លងកាត់ជំរុំនេះ។
សំណង់ទាំងនេះអាចក្នុងន័យរំលឹកនូវកេរ្ត៍មរតកវប្បធម៌របស់ខ្លួន ហើយវាបានក្លាយជាសំណង់ភស្តុតាងនៃការបែកបាក់ព្រាត់ប្រាស់សង្គមគ្រួសារ និងសង្គមជាតិដោយសារសង្គ្រាម។ សំរាប់យុវជនខែ្មរជំនាន់នេះអាចមើលឃើញទិដ្ឋភាពសង្គ្រាមនៃការទម្លាក់គ្រាប់បែក កំលាំងថ្មើជើងប្រយុទ្ធគ្នាជាក់ស្តែងដូចនៅប្រទេសលីប៊ី ប្រទេសស៊ីរី និងប្រទេសយេមែន ដែលកំពុងមានសង្គ្រាមសព្វថ្ងៃនេះ មិនខុសគ្នាប៉ុន្មានទេ កាលពីស្រុកខែ្មរយើងមានសង្គ្រាមនោះ។” ចំណែកខាងក្រោមនេះគឺជាសំណង់សិប្បនិមិត្តនៃប្រាសាទបុរាណខ្មែរមួយចំនួន ដែលទើបតែសាងសង់រួចថ្មីៗនេះនៅក្នុងបរិវេណ វិមានឈ្នះ ឈ្នះ win-win memorial។ អត្ថបទដោយ៖ ទី សារឿន