ព្រះបរមរូប ព្រះអង្គឌួង ព្រះបរមកោដ្ឋ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ព្រះបរមរូប ព្រះអង្គឌួង ព្រះបរមកោដ្ឋ ព្រះបរមរូប ព្រះអង្គឌួង ព្រះបរមកោដ្ឋ

រូបសំណាកព្រះអង្គឌួង ព្រះបរមកោដ្ឋ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៧៣៥ ភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្ត​កំពត​។ ព្រះបរមរូបនេះ មានសណ្ឋានទ្រង់គ្រឿងគង់លើព្រះទីន័ងអស្វតរ ដោយធ្វើការសាងឡើងអំពីស្ពាន់ទម្ងន់ ២,៥តោន កម្ពស់ ៤​ម៉ែត្រ (​រូប​សំណាកមនុស្ស ២,៥ម៉ែត្រ រូបសំណាកសេះ ៣,៥ម៉ែត្រ) ដាក់តម្កល់លើខឿនផ្នែក​ខាងស្ដាំមាន​បណ្ដុះរូបចម្លាក់​តាម​រចនាបថ​ប្រាសាទ​បាយ័ន និងផ្នែកខាងឆ្វេងមានបណ្ដុះរូបចម្លាក់ព្រះបាទអង្គឌួងគង់លើព្រះទីន័ង។

រូបសំណាកនេះចាប់ផ្ដើមកសាងឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៧ និង​ត្រូវបញ្ចប់ការកសាង នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវដាក់​ឆ្លង​នៅ​ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តី​អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងពិធីបួងសួង និងដាក់សម្ពោធព្រះបរមរូប ព្រះអង្គឌួង ព្រះបរមកោដ្ឋ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជធិបតីភាព សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ និងមានការអញ្ជើញ​ចូលរួមជា​គណៈ​អធិបតី​ពី​លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោក ប៉ែន ស៊ីម៉ន តំណាង រាស្រ្តមណ្ឌលកំពត, លោក ជាវ តាយ អភិបាល​នៃ​គណៈ អភិបាល​ខេត្តកំពត, អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមរំលឹកថា ព្រះបាទអង្គឌួង​ ប្រសូតនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ ស្តេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយ ទៅគង់នៅប្រទេសសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង​ ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៨៤១ ដែលយើងអាចទុកថា ព្រអង្គសោយរាជ សម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួន​នៅខែធ្នូ​ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គឌួងវិញ។

ព្រះបាទអង្គឌួង​​ បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ ខែមីនា ឆ្នាំ១៨៤៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ ព្រះបាទ សម្តេចព្រះហិររក្សា រាមាឥស្សរាធិបតី ព្រះស្រីសុរិយាពណ៌ បរមសុរេន្រ្ទា មហាចក្រពត្រាធិរាជ បរមរាថ…។ បន្ទាប់ពី​ឡើង​សោយ​រាជ្យ​ភ្លាម ព្រះអង្គបានចាប់ផ្តើមកសាងប្រទេសឡើងវិញ ដោយយកថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ដោយ​ព្រះអង្គបាន​បន្សល់​ទុក​នូវសមិទ្ធផល និងស្នាព្រះហស្ថជាច្រើនទាំងផ្នែកវប្បធម៌ និងផ្នែកសេដ្ឋកិច្ច។ ជាពិសេសគឺ​ព្រះអង្គបានធ្វើការ​រើបម្រះ​ចេញ​ពី​ការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ។ ព្រះអង្គបានចូលទីវង្គត់នៅឆ្នាំ១៨៦០។ អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ