អតីតសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត
នៅពេលយើងធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តកំពតតាមបណ្តោយផ្លូវជាតិលេខ៣ ហួសព្រំប្រទល់រវាងខេត្តតាកែវ-កំពតបន្តិច យើងនឹងបានឃើញស្លាកមួយនៅខាងស្ដាំដៃ ដែលគេសរសេរថា “សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត” ជាមិនខាន។ សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត គឺជាអតីតសាកលវិទ្យាល័យដ៏ធំមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ សាកលវិទ្យាល័យដែលជាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុនេះ មានទីតាំងស្ថិតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។
សាកលវិទ្យាល័យនេះធ្លាប់ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្តល់ចំណេះដឹងដល់ពលរដ្ឋនៅខេត្តតាកែវ និងកំពត និងខេត្តដទៃទៀត នៅខាងភូមិភាគនិរតីនេះ។ វិទ្យាល័យនេះមាន២ មហាវិទ្យាល័យគឺ៖ មហាវិទ្យាល័យអគ្គិសនី និង មហាវិទ្យាល័យសាគរសាស្រ្ត (សិក្សាអំពីសមុទ្រ) ដែលមានសាកលវិទ្យាធិការ គឺលោកបណ្ឌិតភូ ស៊ីអ៊ុយ (បណ្ឌិត គីមីវិទ្យា) ដែលលោកជារដ្ឋលេខាធិការក្រសួងអប់រំនៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ (កាលនោះមិនទាន់មានរដ្ឋមន្រ្តីអប់រំនៅឡើយ)។
ប៉ុន្តែគួរឲ្យស្ដាយ ដែលបច្ចុប្បន្នអតីតសាកលវិទ្យាល័យនេះ គឺបន្សល់ទុកតែស្លាកស្នាមសំណង់អាគារចាស់ៗមួយចំនួនដូចជាកាំជណ្ដើរ និងអាងស្តុកទឹកធំៗចំនួន២ (នៅលើភ្នំ១ និងនៅជើងភ្នំ១) ក្រៅពីនោះគឺសុទ្ធសឹងតែជាសំណង់ដែលទើបតែសាងសង់នាសម័យក្រោយនេះតែប៉ុណ្ណោះ ចំណែកបរិវេណសាលាវិញស្ទើរតែក្លាយវាលស្មៅសម្រាប់ហ្វូងគោក្របីរបស់ប្រជាជនដែលរស់នៅជុំវិញទៅហើយ។ ប៉ុន្តែនៅពេលកន្លងមកនេះក៏មានព័ត៌មានខ្លះបាននិយាយថា នឹងមានគម្រោងបង្កើតសាកលវិទ្យាល័យថ្មីមួយ នៅលើទីតាំងសាកលវិទ្យាល័យចាស់នេះផងដែរ។
នៅពេលដែលយើងឡើងទៅដល់កំពូល យើងនឹងអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជួរភ្នំមេអំបៅ ភ្នំនរាយណ៍ និងជួរភ្នំច្រើនទៀត ជាពិសេសគឺទិដ្ឋភាពនៃរមណីយដ្ឋានទំនប់រំលេច (ម្លេច) ទាំងមូលផងដែរ។អត្ថបទដោយ៖ ទី សារឿន