បដិមាព្រះសិវៈរាំចំនួន ១០០០០​បំណែក ត្រូវ​បាន​ចាប់​ផ្តើម​ផ្គុំ​រូបរាង​ឡើង​វិញ!

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
បដិមាព្រះសិវៈរាំចំនួន ១០០០០​បំណែក ត្រូវ​បាន​ចាប់​ផ្តើម​ផ្គុំ​រូបរាង​ឡើង​វិញ! បដិមាព្រះសិវៈរាំចំនួន ១០០០០​បំណែក ត្រូវ​បាន​ចាប់​ផ្តើម​ផ្គុំ​រូបរាង​ឡើង​វិញ!

បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០ នៃ​គ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយ​អាជ្ញាធរ​ជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។

ភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញ​ទុច្ចរិត​​មួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយ​ដែល​ពុក​ផុយ​ឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ។ ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកធ្វើការអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២

សាលាបារាំងចុងបូព៌ា បានសហការជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយ​ស្រាវជ្រាវ​រួមគ្នា​ដើម្បីប្រមូល​នូវបំណែក​នៃ​ព្រះសិវៈ​រាំ​ដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មក​រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏​ប៉ុន្តែ​ដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមក​អភិរក្សដ្ឋាន​អង្គរ​វិញ​។ ក្នុងការជួសជុលនេះ ក៏បានយក​បំណែក​ដៃចំនួន៥ និងព្រះភក្ត្រចំនួនពីរ មកពីសារមន្ទីរជាតិ​ភ្នំពេញ ដែលបារាំង​បានយកទៅ​រក្សាទុក​នៅ​ឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។

ចំពោះដំណើរការជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ​​នៃក្រសួងវប្បធម៌បានឱ្យដឹងថា មក​ដល់​ពេលនេះការជួលជុលនិងផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ ដោយក្រុមអ្នក​ជំនាញ​បច្ចេកទេស​ខ្មែរ​មក​ពី​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងសារមន្ទីរជាតិភ្នំពេញ។ ជាលទ្ធផល យើងផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។ ក្នុងនោះដែរក៏ជាការសោកស្តាយ ដែលព្រះភក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថាគួរបំពេញបន្ថែម និងប្រើថ្មថ្មីក្នុងកម្រិតណាក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត។

លោក ចំរើន បន្តទៀតថា ក្នុងការអនុវត្តការងារយើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមាន​ការលំបាក​ខ្លាំង​ដោយសារ​បំណែក​រូប​មានដល់ទៅមួយម៉ឺនដុំទាំងតូចធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែង​ខ្លះ​មាន​ស្នាមមុខដាប់ ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាលនិងពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារ​ការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច។

អ្នកជំនាញរូបនេះ បានប្តេជ្ញាថា មិនថាមានការលំបាកយ៉ាងណានោះទេ ក៏នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច និងសំណូមពរ​ឱ្យកូនខ្មែរ​គ្រប់​រូប​រួមគ្នាថែរក្សា ការពារ ស្វែងយល់ពីរតនៈវត្ថុរបស់យើង ដោយមិនពឹងតែលើអ្នកជំនាញតែមួយមុខ។ ចំពោះ​ការប្រឹងប្រែងផ្គុំរូបសិវៈ​ទោល​ធំ ក្នុងសភាពបែកខ្ទេចដូច្នេះ ក៏ព្រោះចង់រក្សាអ្វីជាបុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរបស់ដូនតាខ្មែរតាំងពីស.វ.ទី១០ ដែល​មាន​តម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនចៅ អ្នកស្រាវជ្រាវជំនាន់ក្រោយបានឃើញ៕

  

បញ្ចេញមតិ