បដិមាធំមួយត្រូវបានប្រទះឃើញនៅក្នុងកសិន្ធុប្រាសាទព្រះគោ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
បដិមាធំមួយត្រូវបានប្រទះឃើញនៅក្នុងកសិន្ធុប្រាសាទព្រះគោ បដិមាធំមួយត្រូវបានប្រទះឃើញនៅក្នុងកសិន្ធុប្រាសាទព្រះគោ

បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និង​ចង្កេះ​ទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍​រកឃើញបដិមានេះស្ថិតក្នុងស្ថានភាពចៃដន្យដោយប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បាន​ជីក​យក​ដី​ទៅ​បំពេញកន្លែងទឹកដក់ក្រោយផ្ទះ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះ​បន្តិចក្នុង​កសិន្ធុ​ក្បែរ​ប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។ លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថាជាបដិមានោះទេ តែ​មើល​តាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និង​បាន​រាយការណ៍​ទៅ​នគរបាល​បេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកបាន​ស្នើសុំ​ឱ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ។ អនុសេនីយិ៍ទោរូបនេះបានបញ្ជាក់ថា កន្លងមកមានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម។ លោកបានអំពាវនាវ​ដល់ប្រជាជន​ក៏ដូចជាសាធារណជន​ទាំងអស់​ដែល​បានប្រទះ​ឃើញ​នូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។

លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានលើក​ឡើង​ថា ជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វាបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយ​ហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន។ ជាកិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះ លោក សុម៉ាឡា ក៏បានឱ្យដឹងថា ក្រុមការងារ​នឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និង​តភ្ជាប់​នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួរខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និង​ព្រះបាទ​​ទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា​យកទៅរក្សាទុក​នៅ​សារមន្ទីរព្រះនរោត្តម​សីហនុ​-​អង្គរដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃខេត្តសៀមរាប៕

    

ប្រភពពី ៖ អាជ្ញាធរជាតិអប្សរា Apsara Authority

បញ្ចេញមតិ
អត្ថបទទាក់ទង