ប្រាសាទថ្មីមួយ ព្រមទាំងលិង្គចម្លែកមួយទៀត ត្រូវបានរកឃើញនៅខេត្តក្រចេះ
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ នេះ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានរកឃើញ ប្រាសាទថ្មីមួយទៀត គឺ «ប្រាសាទអូរក្រសាំង» ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងសម្ភុបុរៈ នៅក្នុងភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ការស្រាវជ្រាវនេះ គឺធ្វើទៅយ៉ាងសកម្មទៅលើក្រុងបុរាណ ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្ដ និង ទីតាំងបុរាណស្ថាន ដែលមានទំនាក់ទំនងនឹងអរិយធម៌ចេនឡា ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ វិសាលភាពនៃការស្រាវជ្រាវនេះ ខេត្តក្រចេះជាមជ្ឈមណ្ឌលនៃការស្រាវជ្រាវ ដែលពាក់ព័ន្ធទៅនឹងតំបន់រណបមួយចំនួនទៀត នៅភាគខាងត្បូង គឺខេត្តត្បូងឃ្មុំ តំបន់ប្រាសាទជើងអង្គ ប្រាសាទអណ្ដោត ប្រាសាទព្រៃនគរក្នុង នៅភាគខាងកើតគឺអតីត ខេត្តកំពង់ឈើទាល និង ស្រកាលិញ (ឡុកនិញ ខេត្តសុងប៊ែរ ឬ បៀនហ្វឿក វៀតណាមបច្ចុប្បន្ន) នៅភាគឦសាន គឺខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នៅភាគខាងជើង គឺខេត្តស្ទឹងត្រែង (ប្រាសាទបាដើម ប្រាសាទបាចុង ប្រាសាទព្រះគោ) និង តំបន់អតីតភវបុរៈ (តំបន់ប្រាសាទវត្តភូចម្បាសាក់ ឡាវ) និង តំបន់ខាងលិច គឺខេត្តកំពង់ធំ ទល់នឹងឦសានបុរៈ ព្រៃឡង់ (ប្រាសាទសៀមកាត់សក់) និង តំបន់ភ្នំជី ឯតំបន់និរតីគឺ តំបន់ប្រាសាទភ្នំហាន់ជ័យក្នុងខេត្តកំពង់ចាម ។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដប្រមូលទិន្នន័យ នៅពុទ្ធសាសនបណ្ឌិត្យ លោកបណ្ឌិត ធុយ ចាន់ធួន បានដឹកនាំសិក្ខាកាម ដែលជាថ្នាក់ដឹកនាំមន្ត្រីនៃពុទ្ធសាសនបណ្ឌិត្យ ចុះធ្វើកម្មសិក្សាអនុវត្តផ្ទាល់ នៅទីក្រុងសម្ភុបុរៈនៃអាណាចក្រចេនឡាបុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ) ។ ការស្រាវជ្រាវបានអនុវត្តនូវវិធីសាស្រ្ដស្រាវជ្រាវ ដោយផ្ទៀងផ្ទាត់ទិន្នន័យជាមួយនឹងអត្ថបទស្រាវជ្រាវមុនៗ ដែលជាភស្ដុតាងទិន្នន័យទី២ (Secondary data) ដូចជាប្រជុំរឿងព្រេងខ្មែរ ពង្សាវតារខ្មែរ ប្រាសាទបុរាណខ្មែរ សាស្រ្ដាស្លឹករឹត…ជាមួយឯកសារបរទេសដូចជា សៀវភៅបញ្ជីសារពើភណ្ឌពិពណ៌នានៃប្រាសាទនៅកម្ពុជា ដោយ លោកលុយណេដឺឡាហ្សុងគ្យែ បោះពុម្ពក្នុង ឆ្នាំ១៩០២, ១៩០៧ និង១៩១១ (Inventaire Descriptif des Monuments du Cambodge par E. Lunet de Lajonquière. 1902, 1907, 1911)ជាដើម។ លើសពីនេះ យើងក៏បានចុះអនុវត្តន៍ ធ្វើសម្ភាសន៍ និង ពិនិត្យភស្ដុតាងពិតនៃអរិយធម៌សម្ភុបុរៈបុរាណ មានប្រាសាទ សិលាចារិក បុរាណវត្ថុ … ជាទិន្នន័យទី១ (Primary data)…។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ ក្រុមស្រាវជ្រាវយើងបានបន្តដំណើរមកក្បាលកោះរងាវ បន្ដទៀតប្រមាណជា ១០គ.ម. ហើយបានចូលធ្វើសម្ភាសន៍ និង សំណេះសំណាលជាមួយអ្នកភូមិអូរក្រសាំង ឃុំបឹងចារ ក៏បានដំណឹងថា មានទួលកំណប់មួយនៅក្រោយចម្ការរបស់អ្នកភូមិ ។ ប្រមាណជាម៉ោង១ រសៀល ក្រុមស្រាវជ្រាវបានដើរទៅក្រោយចម្ការ ដោយចេញពីមាត់ទន្លេមេគង្គនោះប្រមាណជា ២៥០ ម៉ែត្រ ត្រង់ទៅទិសខាងកើតនៃផ្ទះចាំចម្ការរបស់បងប្រុសឈ្មោះ ព្រំ ជីន ក្បែរអន្លងថ្មដា និង អន្លង់ខ្សាច់ស្វាយនៃទន្លេមេគង្គ ត្រង់ចំណុច 609115 1433367 ក៏បានជួបប្រទះនូវភស្ដុតាងបុរាណវត្ថុ ជាតឹកតាងប្រវត្តិសាស្រ្ដសំខាន់ៗដូចជា ដុំឥដ្ឋធំៗធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់នៃផែនថ្ម និង ជាពិសេសគឺ លិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ប្រហែលជាខឿនប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥ ០០០ ម៉ែត្រការ៉េ ។ សំណល់បុរាណវត្ថុ ដែលនៅសល់រាយប៉ាយ ជាសំណល់នៃការលួចជីកកាយដោយក្រុមទុច្ចរិតក្នុងសម័យមុន ក្រុមស្រាវជ្រាវសង្កេតឃើញមាន៖ រណ្ដៅនៃផ្ទាំងដាប់ថ្ម ទំហំ ១០៥ ស.ម x ១០៥ ស.ម បួនជ្រុង ជម្រៅប្រមាណជា ៥ ស.ម. (ប្រហែលជាចំណុចកណ្ដាលនៃប្រាសាទ ជាទីតម្កល់លិង្គ) ដាប់ជាប់ពីលើផ្ទាំងថ្មធម្មជាតិបានឃើញ ស្លាកស្នាមឥដ្ឋប្រមាណជា៥.ម. បួនជ្រុង ព័ទ្ធរណ្ដៅថ្មដាប់ខាងលើ ឃើញ ទបង្ហូរទឹកមន្តចេញពីប្រាសាទចំនួន២ បំណែកមេទ្វារអំពីថ្មភក់បែកបាក់ជាច្រើនដុំ ទម្រព្រះបែកបាក់ជាច្រើនដុំ លិង្គចម្លែក១ នៅខាងកើតគ្រឹះប្រាសាទនោះប្រហែល ៣០.ម. លិង្គនោះមានបណ្ដោយប្រមាណជា ១.ម. អង្កត់ផ្ចិតប្រមាណជា ៤០.ស.ម. គល់ព្រលួញ ២៥.ស.ម. ចម្លែកត្រង់ថាលិង្គនេះមិនមានក្បាលមូលទេ ក្បាលចិតស្មើដូចគេកាត់កំណាត់ឈើ និង មានស្រះទឹកមួយនៅទិសខាងកើត ប្រហែល៥០.ម. ពីគ្រឹះប្រាសាទ ។
សូមបញ្ជាក់ថា ក្នុងអរិយធម៌ខ្មែរបុរាណ ជាពិសេសសម័យមុនអង្គរ យើងឃើញមានភស្ដុតាងនៃការសង់ប្រាសាទឥដ្ឋគ្របពីលើលិង្គធម្មជាតិរបៀបនេះមានច្រើនកន្លែង តាមកាសិក្សាយើងមានភស្ដុតាងនៅភ្នំឈ្ងោក ក្នុងខេត្តកំពត មានប្រាសាទឥដ្ឋនៅក្នុងរូងភ្នំ ហើយក្នុងប្រាសាទនោះ គឺតម្កល់លិង្គធម្មជាតិ១នៅចំកណ្ដាល។ ចំណែកប្រាសាទភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល ក៏មានលិង្គធម្មជាតិ១ផងដែរ តម្កល់ក្នុងប្រាសាទនោះ នៅមានភស្ដុតាងមួយចំនួនទៀត ដែលអរិយធម៌ខ្មែរសម័យបុរេអង្គរ មានតម្កល់សិវលិង្គធម្មជាតិក្នុងប្រាសាទសម្រាប់ពិធីបូជា ។
ចំពោះសិវលិង្គ នៅប្រាសាទអូរក្រសាំង ក្នុងឃុំកំពង់ចាមនេះ ក្នុង អរិយធម៌សម្ភុបុរៈ ក៏ជាប្រាសាទឥដ្ឋបុរេអង្គរមួយដែរ តែមិនមែនតម្កល់លិងធម្មជាតិផ្ទាល់ដូចប្រាសាទភ្នំឈ្ងោក ឬប្រាសាទភ្នំប្រសិទ្ធិ៍ នោះទេ គ្រាន់តែយកថ្មភ្នំធម្មជាតិនៅទីនោះធ្វើជាកំណល់ ហើយដាប់ជាបួនជ្រុង ប្រហែលតម្កល់ស្នានាត្រូនី (ឬយោនី) ពីលើថ្មធម្មជាតិ ហើយទើបតម្កល់សិវលិង្គពីលើ និង សង់ជញ្ជាំងជាប្រាសាទព័ទ្ធជុំវិញ។ ចំពោះសិវលិង្គនេះ ទៀតសោត ជាប្រភេទលិង្គមានតែពន្លួញ និង តួលិង្គ យើងមិនឃើញមានក្បាលលិង្គរាងមូលនោះទេ ! តួលិង្គស្មើតែម្ដង កំបុតក្បាលមិនមានជាទម្រង់មូលនៃក្បាលលិង្គដូចសម័យអង្គរ ឬលិង្គផ្សេងៗដែលយើងធ្លាប់ជួបប្រទះ មានតាំងក្នុងសារមន្ទីរជាតិភ្នំពេញ នៅអភិរក្សអង្គរឬតាមសារមន្ទីរបុរាណវត្ថុនានានៅក្នុងប្រទេសកម្ពុជាយើងឡើយ។ លោកសាស្រ្ដាចារ្យថ្លាងសាឃឿន អ្នកជំនាញបដិមាសាស្រ្ដវិទ្យា និង ជាអតីតអ្នកជំនាញបដិមានៅសារមន្ទីរជាតិភ្នំពេញ បានមានប្រសាសន៍ថា នេះជាសិវលិង្គមួយប្លែកមិនដែលឃើញមាននៅក្នុងអរិយធម៌នគរភ្នំ និង សម័យអង្គរទេ ប្រហែលជាភាពចម្លែកមួយ ដែលមាននៅក្នុងអរិយធម៌ចេនឡានៃក្រុងសម្ភុបុរៈ តាមដងទន្លេមេគង្គ តែប៉ុណ្ណោះ លោកក៏បានរំលឹកឱ្យមានភាពប្រុងប្រយ័ត្នក្នុងការវិនិច្ឆ័យនៃសមុច្ច័យបុរាណវត្ថុវិទ្យាផងដែរ។ សូមបញ្ជាក់ថា អរិយធម៌សម្ភុបុរៈមានប្រាសាទថ្មីៗជាច្រើនទៀត ដែលទើបនឹងរកឃើញ ដោយក្រុមស្រាវជ្រាវសម្ភុបុរៈ ដែលដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន ។ កត្តាដែលធ្វើឱ្យមានការសិក្សា និង របកគំហើញថ្មីៗ គឺតាមរយៈការសិក្សាឯកសារពិសេស១របស់បារាំង ដែលបញ្ជាក់ថា នៅដើម ឆ្នាំ ១៩០០ ក្រុមអ្នកតស៊ូប្រឆាំងបារាំង ដែលដឹកនាំដោយមេកងកែវ ក្រោមការចាត់ចែងរបស់ព្រះអង្គម្ចាស់ស៊ីវុត្ថា បានចាប់ក្រុមនិស្សិត និង អ្នកស្រាវជ្រាវបារាំង ដែលបានទៅសិក្សាស្រាវជ្រាវនៅតំបន់សម្ភុបុរៈនោះ ហេតុនេះហើយការស្រាវជ្រាវរបស់បារាំងក្នុងតំបន់ភូមិភាគឦសានគឺធ្វើបានតិចតួចនៅឡើយ។ ប្រសិនបើយើងមើលក្នុងសៀវភៅបញ្ជីសារពើភណ្ឌពិពណ៌នានៃប្រាសាទនៅកម្ពុជា ដោយលោកលុយណេដឺឡាហ្សុងគ្យែ បោះពុម្ពក្នុងឆ្នាំ១៩០២,១៩០៧ និង ១៩១១ (Inventaire Descriptif des Monuments du Cambodge par E. Lunet de Lajonquière. 1902, 1907, 1911) នោះឃើញថា ខេត្តក្រចេះមានប្រាសាទបុរាណតែចំនួន១១ប្រាសាទតែប៉ុណ្ណោះ ។
បន្ទាប់ពីសង្គ្រាម ប្រទេសយើងមានសន្តិភាព មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តក្រចេះ បានធ្វើបញ្ជីស្ថិតិប្រាសាទ ទួលបុរាណ រមណីយដ្ឋាន ស្ថានីយកំណាយ មានចំនួន ៥៤ ទីតាំងតែប៉ុណ្ណោះ។ តាមការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈ ដែលដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន បានទៅសិក្សាលើទីតាំងចាស់ដែលមានស្រាប់ និងរកឃើញប្រាសាទថ្មីៗថែមទៀត សរុបទាំងអស់ជាងមួយរយទីតាំងស្ថានីបុរាណ និង ប្រាសាទបុរាណ។ ហើយបានកំពុងតែផ្ទៀងផ្ទាត់ និង សិក្សាលម្អិតទៅលើសំណង់ស្ថាបត្យកម្ម និង រចនាបទនានា ដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះ ហើយនឹងផ្សព្វផ្សាយជាសាធារណៈជូននៅពេលខាងមុខឆាប់ៗនេះ។
លោក ស សុខនី នាយកពុទ្ធសាសនបណ្ឌិត្យ និង សហការីដែលបានចូលរួមដំណើរការរុករកនេះបានសម្ដែងក្ដីរីករាយចំពោះកិច្ចការស្រាវជ្រាវផ្នែកវប្បធម៌ និង ប្រវត្តិសាស្រ្ដនេះជាខ្លាំង លោកនាយកបានសន្យានឹងជួយបោះពុម្ពផ្សាយ និង សហការជាមួយក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈជាបន្តទៀត ។ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃការស្រាវជ្រាវនេះបានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបកគំហើញថ្មីៗ ដែលជាការតស៊ូស្រាវជ្រាវយ៉ាងស្វិតស្វាញរបស់ក្រុមបញ្ញាវន្ដខ្មែរ ដែលដឹកនាំដោយលោកបណ្ឌិត ធុយ ចាន់ធួន។ «ប្រាសាទអូរក្រសាំង» នេះជាភស្ដុតាងប្រាសាទឥដ្ឋថ្មីមួយទៀត និង «លិង្គ ចម្លែកមួយ» ដែលក្រុមស្រាវជ្រាវយើងទើបរកឃើញ នៅលើកោះរងាវនៃអរិយធម៌សម្ភុបុរៈ។ ក្រុមអ្នកស្រាវជ្រាវ មានភស្ដុតាងថ្មីៗទៀត ដែលនឹងលើកយកមកបង្ហាញជូនជាបន្តបន្ទាប់តាមរយៈ ទស្សនាវដ្ដីកម្ពុជសូរិយា និង សារព័ត៌មានវិទ្យាសាស្រ្ដនានា៕
ប្រភព៖ សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន