ប្រវត្តិខ្លះៗរបស់ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន
ខៀវ សំផន គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបច្ចុប្បន្នគឺជាជនជាប់ចោទមួយរូប ក្នុងចំណោម៥រូប ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញទទួលបន្ទុកជំនុំជម្រះ អតីតមេដឹកនាំខ្មែរក្រហមធ្វើការចោទប្រកាន់និងឃុំខ្លួន បណ្តោះអាសន្ន រង់ចាំការកាត់ទោស។ តើ ខៀវ សំផន មានប្រវត្តិយ៉ាងណា?
ខៀវ សំផន កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅខេត្តស្វាយរៀង។ ខៀវ សំផន គឺជាកូនច្បង ក្នុងត្រកូលអ្នកចេះដឹង ដែលមានឳពុកជាចៅក្រម។ នៅឆ្នាំ១៩៤២ ខៀវ សំផន ត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយ ដែលបារាំងទើបបង្កើតថ្មី នៅខេត្តកំពង់ចាម ឈ្មោះ “វិទ្យាល័យព្រះសីហនុ”។ សាឡុត ស ហ៊ូ នឹម និង ហ៊ូ យន់ ក៏ត្រូវបានជ្រើសរើសទៅរៀននៅអនុវិទ្យាល័យនេះដែរ។ សិស្សដែលរៀននៅអនុ វិទ្យាល័យកំពង់ចាមនោះបានរៀបរាប់ថា ខៀវ សំផន គឺជាសិស្សដែលមានបញ្ញាវ័យឆ្លាត មានមហិច្ឆតាខ្ពស់ និងជាមនុស្សចូលចិត្តនៅដាច់ឆ្ងាយពីគេឯង។
ក្រោយពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម ខៀវ សំផន បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៥៣ ខៀវ សំផន បានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង។ ខៀវ សំផន ទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Montpelier បន្ទាប់មកបានបន្តការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Panthéon-Sorbonne នៅទីក្រុងប៉ារីស។ ខៀវ សំផន ទទួលសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ច នៅឆ្នាំ១៩៥៨។ នៅក្នុងនិក្ខេបទបណ្ឌិត ដែលមានចំណងជើងថា “ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជា” ខៀវ សំផន បានប្រកាន់យកនូវទស្សនៈឯករាជ្យម្ចាស់ការនៅក្នុងការអភិវឌ្ឍប្រទេស។
នៅទីក្រុងប៉ារីសនេះហើយ ដែល ខៀវ សំផន បានទទួលឥទ្ធិពលពីមនោគមន៍វិជ្ជាកុម្មុយនីស្ត។ ខៀវ សំផន បានចូលជាសមាជិកក្រុមនិស្សិតកុម្មុយនីស្ត គឺក្រុមម៉ាក់ស៊ីស ដែលមាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នកផ្តើមគំនិតបង្កើត។ នៅឆ្នាំ១៩៥៦ ខៀវ សំផន បានក្លាយជាអគ្គលេខាធិការនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង។ ក្រោយពីបានវិលត្រឡប់ពីប្រទេសបារាំង មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៩ ខៀវ សំផន បានបង្កើតកាសែតមួយមាននិន្នាការនយោបាយឆ្វេងនិយម។ កាសែតនេះសរសេរជាភាសាបារាំង ហើយមានឈ្មោះថា “L’Observateur”។ ក្នុងពេលជាមួយគ្នានោះ ខៀវ សំផន បានធ្វើជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យច្បាប់នៅទីក្រុងភ្នំពេញ។ ដោយកាសែត L’Observateur សរសេររិះគន់រដ្ឋាភិបាលសម្តេច នរោត្តម សីហនុ កាសែតនេះត្រូវបានបិទទៅវិញ នៅឆ្នាំ១៩៦០ ពោលគឺបង្កើតបានតែប្រមាណមួយឆ្នាំប៉ុណ្ណោះ។ លើសពីនោះទៅទៀត យោងតាមលោក Raoul Jennar នៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៦០ ខៀវ សំផន ដែលជាចាងហ្វាងកាសែត L’Observateur ត្រូវបានប៉ូលិសចាប់វាយ សម្រាតខោអាវ នៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ។
ខៀវ សំផន ត្រូវបានប៉ូលិសចាប់ដាក់គុករយៈពេលជាងមួយខែ ដោយគ្មានការជំនុំជម្រះអ្វីទាំងអស់។ ពីរឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ១៩៦២ ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកណ្ដាល ហើយត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងរដ្ឋាភិបាលព្រះអង្គម្ចាស់ នរោត្តម កន្តុល។ ក៏ប៉ុន្តែខៀវ សំផន បានលាលែងចេញពីតំណែងជារដ្ឋលេខាធិការ នៅខែកក្កដា ឆ្នាំ១៩៦៣ ក្រោយពីមានព្រឹត្តិការណ៍បះបោររបស់សិស្សវិទ្យាល័យ នៅខេត្តសៀមរាប។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ថា ពួកឆ្វេងនិយមគឺជាអ្នកនៅពីក្រោយចលនាបះបោរនេះ។ សម្តេច នរោត្តម សីហនុ បានចេញផ្សាយនូវបញ្ជីឈ្មោះអ្នកនយោបាយឆ្វេងនិយម៣៤រូប ដែលព្រះអង្គកោះហៅឲ្យមកបង្កើតរដ្ឋាភិបាល ក្នុងនោះ ក៏មានឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយនឹងឥស្សរជនខ្មែរកុម្មុយនីស្តមួយចំនួនទៀត។ ដោយភ័យខ្លាចប៉ូលីសរបស់សម្តេច នរោត្តម សីហនុ លបធ្វើឃាត ពួកខ្មែរកុម្មុយនីស្ត ដែលមានឈ្មោះក្នុងបញ្ជីនេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បានរត់គេចខ្លួនចេញពីទីក្រុងភ្នំពេញ ទៅលាក់ខ្លួននៅក្នុងព្រៃ។ ឯ ខៀវ សំផន វិញ ថ្វីដ្បិតតែបានលាលែងចេញពីតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តែបន្តនៅធ្វើជាសមាជិកសភាមណ្ឌលកណ្ដាលដដែល។ នៅខែកញ្ញា ឆ្នាំ១៩៦៦ ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តមួយអាណត្តិថ្មីទៀត។ អ្នកនយោបាយនិន្នាការឆ្វេងនិយមពីររូបផ្សេងទៀត គឺ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បានជាប់ឆ្នោតជាតំណាងរាស្រ្តដែរ នៅពេលនោះ។
ក្រោយពីព្រឹត្តិការណ៍បះបោរនៅសំឡូត នៅខែមេសា ឆ្នាំ១៩៦៧ សម្តេច នរោត្តម សីហនុ បានធ្វើការចោទប្រកាន់ជាសាធារណៈលើ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ថាជាអ្នកញុះញង់ឲ្យមានអំពើបះបោរនេះ ហើយថែមទាំងគំរាមថានឹងយកអ្នកទាំងបីនេះ ទៅកាត់ទោសនៅតុលាការសឹកទៀតផង។ ខៀវ សំផន រួមជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។ ក្រោយពេល ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ បាត់ខ្លួនពីភ្នំពេញ លន់ នល់ ដែលពេលនោះជានាយករដ្ឋមន្រ្តី បានអះអាងថា អ្នកទាំងបីរូបនេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ នឹម និងហ៊ូ យន់បានលេចមុខមកវិញ ក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថា “ខ្មោចទាំងបី”។ នៅពេលរត់ចេញពីភ្នំពេញ ខៀវ សំផន បានរត់ទៅជាមួយ ហ៊ូ យន់។ ចំណែក ហ៊ូ នឹម ស្ថិតនៅភ្នំពេញនៅឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ខៀវ សំផន បានឲ្យដឹងថា គាត់បានរត់ចេញពីភ្នំពេញ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅស្រុកអង្គតាសោម ខេត្តតាកែវ។ រួចហើយ បន្តដំណើរទៅជួបតាម៉ុក នៅភូមិជាងទង ឃុំជាងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខៀវ សំផន និង ហ៊ូ យន់ បានស្នាក់នៅភូមិជាងទង អស់រយៈពេល៤ខែ ទើបបន្តដំណើរចូលទៅក្នុងព្រៃ។ រហូតដល់ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៧០ ទើបខៀវ សំផន បានជួបជាមួយ សាឡុត ស នៅក្នុងខេត្តកំពង់ធំ។ ខៀវ សំផន ធ្លាប់បានអះអាងថា ចាប់ពីពេលបែកពី សាឡុត ស ពីវិទ្យាល័យកំពង់ចាមមក គាត់មិនដែលជួប សាឡុត ស វិញទេ ហើយក៏មិនបានដឹងដែរថា សាឡុត ស គឺជាមេដឹកនាំខ្មែរក្រហម។ ក្រោយពេលរណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង ដែលមានសម្តេច នរោត្តម សីហនុ ជាប្រធាន ខៀវ សំផន ត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សនេះ។ បន្ទាប់មក ក្រោយពេលដែលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅ ប៉េកាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ ខៀវ សំផន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ ខៀវ សំផន បន្តកាន់តំណែងនេះ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ទើបផ្លាស់ទៅធ្វើជាអគ្គបញ្ជាការកងទ័ពជាតិវិញ ប៉ុន្តែ រក្សាតំណែងជាឧបនាយករដ្ឋមន្រ្តីដដែល។ ចំណែកឯតំណែងជារដ្ឋមន្រ្តីការពារជាតិ ត្រូវបានផ្ទេរទៅឲ្យ សុន សេន ជាអ្នកគ្រប់គ្រងវិញ៕
ប្រភព៖blogspot.com