ប្រវត្តិរឿងដែលកើតឲ្យមានពិធីក្រុងពាលី

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ប្រវត្តិរឿងដែលកើតឲ្យមានពិធីក្រុងពាលី ប្រវត្តិរឿងដែលកើតឲ្យមានពិធីក្រុងពាលី

ប្រវត្តិធ្វើក្រុងពាលីមានតំណាលថា ៖ សម័យមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប ឫកល្ប៍) ឆេះអស់ មនុស្ស សត្វ រុក្ខាលតាវល្លិ៍ អ្វីៗក៏ឆេះគ្មានសល់ មាននៅសល់តែទឹក ល្ហល្ហេវ។ ពេលនោះព្រះពាយបក់បោកចុះឡើង កើតជាពពុះទឹករសាត់ អណ្តែតចុះឡើង គ្មានទីបំផុត។ កាលនោះមានមហាកាលនាគរាជ ឈ្មោះក្រុងពាលី និងព្រះអនុជម្នាក់ ឈ្មោះព្រះភូមរាជ ជាអ្នកនៅរក្សាទឹកនោះ។ មហាកាលនាគរាជ ឈ្មោះក្រុងពាលី និងព្រះអនុជ ឈ្មោះ ព្រះភូមរាជ ឃើញពពុះទឹកអណ្តែតចុះ ឡើង ពុំស្ថិតនៅនឹងដូចនោះ ក៏បបួលបងប្អូនពេនពង់ក្រុងពពុះទឹក កុំឲ្យអណ្តែតទៅណា។ យូរទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សា លតាវល្លិ៍ មនុស្ស សត្វ សព្វបែបយ៉ាង។ សម័យនោះ ព្រះពុទ្ធទ្រង់ព្រះ នាមបទុមុត្តរៈ ទ្រង់បានត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែន ដីនេះ កើតអំពីស្តេចមហាកាលនាគរាជឈ្មោះក្រុងពាលី។

ព្រះអង្គព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ដូចនោះ ក៏ទ្រង់យាងទៅ បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បីឲ្យពុទ្ធបរិស័ទ បាន រស់នៅ លើផែនដីនោះ។ ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់ លើកថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។ ព្រះអង្គប្រកាសប្រាប់ ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់តថាគត។ ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធ ទ្រង់ ព្រះនាម បទុមុត្តរៈ ព្រះអង្គទ្រង់ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេចក្រុងពាលី ឲ្យទៅនៅព្រះហេមពាន្ត។ ស្តេចក្រុងពាលី ចេញទៅ នៅព្រៃ ហេមពាន្ត តាមព្រះពុទ្ធបន្ទូល តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។

ស្តេចក្រុងពាលី បានប្រើព្រះភូមរាជឲ្យទៅ សុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបុរសស្ត្រី ណាបានធ្វើបុណ្យអ្វីមួយ ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។ បើបុរសស្ត្រី ណាមួយបាន ធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលី ព្រះអង្គទ្រង់សម្តែងថា បានកុសលផលានិសង្សច្រើនណាស់។ តែមិនបានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីទេ ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អនរិះគន់ ជេរ ប្រទេចផ្តាសា យកកន្ទូយវាត់ ពុំបានផលអ្វីឡើយ។ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងអស់ ថា បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង ពែពលីថ្វាយស្តេចក្រុង ក្រុង ពាលី ទើបធ្វើបុណ្យផលានិសង្សច្រើន។

ពពួកទេព្តាទាំង៨ទិស ដែលបានធ្វើជាកសិណក្នុងពេលដែលទ្រង់ប្រកាសជាមួយស្តេចក្រុង ពាលីបានសុំឲ្យព្រះពុទ្ធ បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំងមានរៀបរណ្តាប់ នំ ចំនី ភោជន ផ្លែឈើ ទៀន ធូប ភ្ញី ផ្កា ធ្វើ រាជវ័តិព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨នឹងបានផលានិសង្សច្រើន បានសួគ៌និព្វានពេញបរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង ៨ទិសទេ មិនបានសុខចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ។ ដូច្នេះ បានជាមនុស្សម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ ធ្វើពីធីបួងសួងសែនក្រុងពាលី ធ្វើរានទេព្តាទាំង៨ទិស និងមានសាងរាជវ៍តិ ជុំវិញ រហូតមកដល់សព្វថ្ងៃនេះ និងស្ដីដណ្ដឹង ហែរកំណត់ កាត់ផ្កាស្លា កាត់សក់ សូត្រមន្ដ សែនគួចដៃ ធ្វើធ្មេញ (ក្រាលអង្កររាប ធ្វើធ្មេញ ប្រតប់ធ្មេញ បរសេះ កាត់ខាន់ស្លា កប់ជីរ) យកពេលា ផ្ទឹមសំពះ ផ្សំដំណេក។)

ដកស្រង់ពី សៀវភៅ «ក្បួនអាពាហ៍ពិពាហ៍ខ្មែរ»

បញ្ចេញមតិ