ប្រវត្តិព្រះខ័នជ័យស្រីដែលអភិសេកស្ដេចរបស់ថៃ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ប្រវត្តិព្រះខ័នជ័យស្រីដែលអភិសេកស្ដេចរបស់ថៃ ប្រវត្តិព្រះខ័នជ័យស្រីដែលអភិសេកស្ដេចរបស់ថៃ

ព្រះខ័នរាជរបស់ខ្មែរ ដែលជនក្បត់ជាតិ ឈ្មោះ ប៉ែន បានប្រគល់អោយទៅ ស្តេចថៃ (រឿងពិតដែលត្រូវបានចារនៅក្នុងព្រះរាជពង្សាវតារបស់ស្តេចថៃ)។ ព្រះខ័ននេះត្រូវបានដាក់ឈ្មោះថា “ព្រះខ័នជ័យស្រី” «พระแสงขรรค์ชัยศรี» ជាគ្រឿងសម្រាប់រាជ្យ ឬហៅថារាជកកុធភ័ណ្ឌ ឬគ្រឿងបញ្ចក្សត្រ របស់ស្តេចមហានគរ គេបានទទួលបានដុំលោហៈធ្លាក់ពីលើមេឃជាដុំភ្លើងដ៏ធំដែលអទីទេពប្រទានក្នុងពិធីសាសនាដ៏អស្ចារ្យ ដោយរាជគ្រូខ្មែរសម័យនោះ ទើបគេយកមកលត់ជាផ្លែព្រះខ័ន្ធអស្ចារ្យនេះ ក្រោយសង្គ្រាមច្រើនសម័យកាល ព្រះខ័ន្ធនេះបានធ្លាក់ចូលក្នុងទន្លេសាប។

នាសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទនារាយណ៍រាជាទី៣ ឬ ព្រះអង្គអេង (១៧៧២–១៧៩៦) អ្នកនេសាទខ្មែរម្នាក់រកឃើញ ព្រះខ័នរាជនេះនៅក្នុងទឹកបឹងទន្លេសាប ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា​ នៅ គ.ស.១៧៨៣។ អ្នកនេសាទនោះ ក៏បាននាំយកទៅថ្វាយ ចៅហ្វាប៉ែន (នៅក្នុងប្រវត្តិសាស្ត្រខ្មែរ គេបានចាត់ទុកលោកជាជនក្បត់ជាតិ ដោយសារលោកបានស្នើសុំឲ្យស្តេចសៀម ទាមទារខេត្តបីនៅភាគពាយ័ព្យរបស់ខ្មែរ ទៅភ្ជាប់នឹងរាជាណាចក្រសៀម ដោយសុំរាជទានពីស្តេចសៀម ឲ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងលើបណ្តាខេត្តទាំងនោះ) ជាចៅហ្វាយខេត្តសៀមរាបនិងទទួលការលើងលែងទោស និងប្រោសប្រទានគោរម្យងារ ជាចៅពញាអភ័យវង្ស។

ចៅហ្វាយខេត្តសៀមរាបរូបនោះ បានយកព្រះខ័នរាជទៅថ្វាយស្តេចសៀម នាម ពុទ្ធយ៉តហ្វាចុឡាលោកឬព្រះចៅរាមាទី១។ នៅថ្ងៃដែលព្រះខ័នរាជនោះមកដល់ក្រុងទេពមហានគរ (ក្រុងបាងកក) ទេព្តារក្សាព្រះរាជាណាចក្រកម្ពុជាទេព្តារក្សាព្រះមហាស្វេតឆ័ត្រ និងទេវតារក្សាព្រះខ័នរាជ មានការខឹងសម្បារជាខ្លាំង ក៏កើតមានអព្ភូតហេតុរន្ទះបាញ់ចំនួន ៧ កន្លែង នៅក្នុងក្រុងលាន់ឮសន្ធឹកពេញឰដ៏អាកាស ហើយបាញ់ចំទីតាំងដង្ហែរព្រះខ័នរាជនោះចំនួន ៧ កន្លែង ដូចជានៅឯទ្វារវិសេសជ័យស្រី (ផ្នែកខាងក្រៅនៃព្រះបរមរាជវាំងក្រុងរតនគោសិន្ទ) និងទ្វារវិមានជ័យស្រី (ផ្នែកកណ្ដាលនៃ
ព្រះបរមរាជវាំង) ដែលសុទ្ធសឹងជាផ្លូវដង្ហែរព្រះសែងខ័នជ័យស្រីនេះ ឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំងសៀម ក្នុងក្រុងរតនគោសិន្ទ។

ដើម្បីរំងាប់ ព្រះមហាក្សត្រថៃ បានបញ្ជាឱ្យជាងទងស្ថាបនាដង និងស្រោមព្រះខ័នឡើងអំពីមាសលាយចម្រុះដោយត្បូងមានតម្លៃ ហើយរៀបចំអភិសេកឲ្យក្លាយជាគ្រឿងសម្រាប់រាជ្យមួយ ក្នុងចំណោមគ្រឿងបញ្ចក្សេត្រដទៃទៀត សម្រាប់យកមកប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រថៃ នៅក្នុងឆ្នាំ១៧៨៥ ហើយបានបន្តប្រើរហូតមកដល់បច្ចុប្បន្ន។ ព្រះសែងខ័នជ័យស្រី ក៏ត្រូវបានយកទៅប្រើនៅក្នុងព្រះរាជពិធីថ្វាយទឹកពិភ័ទ្ទសច្ចា (ពិធីផឹកទឹកសម្បថចូលកាន់តំណែងរបស់មន្ត្រីរាជការ) ក្នុងព្រះបរមរាជវាំងក្រុងទេពមហានគរផងដែរ។ ព្រះខ័នជ័យស្រីនេះ បើគិតទាំងដងទាំងផ្លែមានប្រវែង
៨៩.៨ សង់ទីម៉ែត្រ និងមានទម្ងន់ ១.៣ គីឡូក្រាម។ នៅពេលដាក់ក្នុងស្រោមមានប្រវែងដល់ទៅ ១០១សង់ទីម៉ែត្រ និងមានទម្ងន់ ១.៩ គីឡូក្រាម៕

ប្រភព៖Facebook មន្តអាគមខ្មែរ

បញ្ចេញមតិ