ភាពអាថ៌កំបាំង​ដ៏អស្ចារ្យមួយនៃចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្ត

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ភាពអាថ៌កំបាំង​ដ៏អស្ចារ្យមួយនៃចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្ត ភាពអាថ៌កំបាំង​ដ៏អស្ចារ្យមួយនៃចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្ត

ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង ។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។ ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។

ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។ តាំងពី​របប មុន​ៗ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ សៀវភៅ​ឯកសារ អត្ថបទ​ជា​ភាសាបរទេស​ជា​ច្រើន​បាន​សរសេរ​អំពី​ប្រាសាទអង្គរវត្ត​នេះ តែ​ផ្ទុយ​ទៅ​វិញ​យើង​កម្រ​ឃើញ​នូវ​ឯកសារ​ឬ​សៀវភៅសរសេរ​ពី​ប្រាសាទ​នេះ​ជា​ភាសាជាតិ​យើង​ណាស់ ។ ប្រាសាទអង្គរវត្ត​មាន​ទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​បាន​ត្រូវ​សាង​ឡើង​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ទី​១ នៃ​គ្រិ​ស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) នៅ​លើ​ផ្ទៃដី​ជិត​២០០​ហិ​កតា (​គិត​ទាំង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ផង​) ។

ហេតុ​អ្វី​បានជា​មាន​ពាក្យ​«​វត្ត​»​នៅ​ពីក្រោយ​ពាក្យ​«​អង្គរ​ទៀត​» ? តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា ក្រោយ​ការ​បោះបង់​រាជធានី​អង្គរ​នេះ​មក ព្រះរាជា​សោយរាជ្យ ក្រោយ​ៗ​មក​ទៀត បាន​កសាង​វត្ត​អារាម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​(​នៅ​សតវត្ស​ទី​១៦ មាន​វត្ត​ពីរ​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​) ។ នៅ​សតវត្ស​ទី​១៧​និង​១៨ ស្តេច មន្ត្រី ប្រជាជន​បាន​កសាង​ព្រះពុទ្ធ​បដិមា​ពី​ឈើ ពី​ថ្ម យក​ទៅ​តម្កល់​នៅ​ប្រាសាទ​នេះ រហូត​ទាល់តែ​មានឈ្មោះ​ត្រង់​កន្លែង​តម្កល់​ព្រះពុទ្ធ​បដិមា​ក្នុង​ប្រាសាទ​នេះ​ថា «​ព្រះ​ពាន់​» ទៀត​ផង ។

ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ «​វត្ត​» មក​ភ្ជាប់ពាក្យ «​អង្គរ​» ពី​ខាងក្រោយ​ទៅ​ជា «​អង្គរវត្ត​» រហូត​មក​ដល់​សព្វថ្ងៃ ។ បើនិយាយទាក់ទងទៅនឹងចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគុទ្ទេស​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។នេះ​ជា​គំនិត​ច្នៃ​ប្រឌិត​គ្មាន​ពីរ​លើ​លោក​របស់​ដូន​តា​ខ្មែរ ដែល​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ ស្រមោល​ទាំង​នោះ បាន​បង្ហាញ​ជា​កំពូល​ប្រាសាទ​ឆ្លាស់​គ្នា​យ៉ាង​ប្រណិត ​និង​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​​ទៀត​ផង​។ ដូច្នេះ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ ត្រូវ​ថែរក្សា​សម្បត្តិ​មរតក​ដ៏​មាន​តម្លៃ​នេះ​ ឱ្យ​បាន​គង់វង្ស​ត​រៀង​ទៅ៕


បញ្ចេញមតិ