អំពីពាក្យ “កិត្ត៌ិបណ្ឌិត” ឬ “កិត្តិបណ្ឌិត” ដែលបន្សល់ទុកក្នុងសិលាចារឹកបុរាណខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
អំពីពាក្យ “កិត្ត៌ិបណ្ឌិត” ឬ “កិត្តិបណ្ឌិត” ដែលបន្សល់ទុកក្នុងសិលាចារឹកបុរាណខ្មែរ អំពីពាក្យ “កិត្ត៌ិបណ្ឌិត” ឬ “កិត្តិបណ្ឌិត” ដែលបន្សល់ទុកក្នុងសិលាចារឹកបុរាណខ្មែរ

“កិត្ត៌ិបណ្ឌិត” ជាពាក្យក្នុងភាសាសំស្ក្រឹត​ បើនឹងសរសេរសម្រួលជាពាក្យខ្មែរបច្ចុប្បន្នថា “កេរ្តិ៍បណ្ឌិត” ឬសម្រួលឱ្យ​ចំពាក្យបាលី​ដែលខ្មែរ​ខ្ចីមកប្រើគឺ “កិត្តិបណ្ឌិត”។ តាមពិត ពាក្យនេះនៅក្នុងសិលាចារឹកពុំមែនត្រូវគ្នានឹងគោរម្យងារដែលគេប្រើ​ប្រាស់​ក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្ដែជាចេតនារបស់យើងដែលចង់បង្ហាញ​វត្តមានពាក្យនេះកាលពីបុរាណប៉ុណ្ណោះ។

អត្ថបទនេះដកស្រង់ចេញពីសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ K.226 ក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ ដែលចារថា «កម្រតេង៑ជគត៑​ឝ្រីជយ​កីត៌្តិ​​ទេវវ្រះរូបធូលិជេង៑វ្រះកម្រតេង៑អញ៑ឝ្រីជយកីត៌្តិបណ្ឌិតវ្រះគុរុ» មានសេចក្ដីសម្រួលថា «គម្ដែងជគតស្រីជ័យកេរ្តិ៍ទេព ព្រះរូបធូលី​ជើង​ព្រះគម្ដែងអញស្រីជ័យកេរ្តិ៍បណ្ឌិត»។ គេចារសិលាចារឹកនេះនៅលើមេទ្វារតួប្រាសាទមួយដែលឧទ្ទិសដល់​ព្រះរាជគ្រូមួយអង្គព្រះនាម “ស្រីជ័យកេរ្តិ៍” ដោយសារព្រះអង្គជាព្រះរាជគ្រូទើបមានងារជា “បណ្ឌិត” នៅខាងចុង។ យើងអាចហៅព្រះអង្គថា “ព្រះគម្ដែង​អញ​ស្រី​ជ័យ​កេរ្តិ៍បណ្ឌិត”។ ទីតាំងតួប្រាសាទនោះជាកន្លែងតម្កល់រូបប្រតិមារបស់ព្រះអង្គ ដែលក្រោយលោកសូគ៌ត​ទៅ​ គេចាត់ទុក​ជាទេព​មួយ​អង្គ​ព្រះនាម​ថា “គម្ដែងជគតស្រីជ័យកេរ្តិ៍ទេព”។

ប្រភព៖ ចំណេះដឹងខ្លីៗអំពីសិលាចារឹកខ្មែរ

បញ្ចេញមតិ