ផ្ទះ ដាប ឈួន ក្លាយជាមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជាស្ថិតក្នុងខេត្តសៀមរាប
នេះជាទីតាំងប្រវត្តិសាស្ត្រមួយ ផ្ទះលោក ដាប ឈួន ដែលធ្លាប់តែស្ងប់ស្ងាត់ បានក្លាយជាកន្លែងបណ្តុះបណ្តាលយុវជន តាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឈយុវជនកម្ពុជា ពិសេសទីនេះមានបណ្ណាល័យសាធារណ ថ្នាក់ព័ត៌មានវិទ្យា ការអប់រំលើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ របាំបូរាណប្រពៃណី ការហ្វឹកការងារនិងកិច្ចការយុវជនស្ម័គ្រចិត្ត ជំនាញទន់ ការតម្រង់ទិសសិក្សានិងសគ្រិនភាព ជាដើម ដែលបាននិងកំពុងបម្រើដល់យុវជនក្នុងខេត្តសៀមរាប និងទូទាំងប្រទេស។ បច្ចុប្បន្ន ផ្ទះនេះ ជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
តើមានមនុស្សប៉ុន្មាននាក់ ដែលធ្លាប់ស្គាល់ផ្ទះលោក ដាប ឈួន ជាអតីតស្តេចត្រាញ់ និងជាអតីតចៅហ្វាយខេត្តសៀមរាប ដ៏មានឥទ្ធិពល? ទំនងជាភាគរយខ្ពស់ដែលស្គាល់ មានតែអ្នក សៀមរាប ហើយក៏ជាមនុស្សចាស់ៗទៅទៀត ដែលធ្លាប់បានដឹង និងស្តាប់ឮខ្លះៗពី ប្រវត្តិលោក ដាប ឈួន។ សំណង់អាគារផ្ទះលោក ដាប ឈួន មានទម្រង់ស្ថាបត្យកម្មប្លែក រាងតូច តែមានរចនាបថ ពិសេស ដែលពិបាករកក្នុងសិល្បៈស្ថាបត្យកម្មទំនើប ព្រោះថា គេកម្រធ្វើផ្ទះដែលមានភាពស្មុគស្មាញបែបនេះណាស់។ ផ្ទះនេះទំនងសង់ឡើងអំឡុងពេលលោក ដាប ឈួន ចូលរួមជាមួយរាជការ សម្តេច នរោត្តម សីហនុ ឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៩ ក្រោយលោកផ្តាច់ខ្លួន ចេញពីខ្មែរឥស្សរ ឬខ្មែរសេរី។ បច្ចុប្បន្នផ្ទះនេះមានបន្ទប់សរុបទាំងអស់ចំនួន ១២ ដែលធ្វើឲ្យ គេនឹកស្មានមិនដល់។ លោកនាយកមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា បានលើកឡើងថា កន្លងមកធ្លាប់គេគិតថា ផ្ទះ ដាប ឈួននេះ មានបំពាក់ជណ្តើរយន្ត តែធាតុពិត ផ្ទះនេះគ្មាននោះទេ តាំងពីលោកចូលមកធ្វើការនៅទីនេះនាឆ្នាំ១៩៩៤កន្លងទៅ។ ប៉ុន្តែលោកនាយកមិនបានដឹងច្បាស់ថាអាចមានឬអត់ក្នុងអំឡុងពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបោះទីតាំងនៅទីនេះ ពីឆ្នាំ៧៩ដល់៨៩ អាចវៀតណាមដកចេញក៏មិនដឹង។
តាមឯកសារដែលលោកនាយក អ៊ុក សុធា បានស្រាវជ្រាវកន្លងមក ផ្ទះលោក ដាប ឈួន ដែលសព្វថ្ងៃ ក្លាយជាមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា ធ្លាប់ជាទីតាំងកងទ័ពជាហូរហែរ ក្រោយលោក ដាប ឈួន អស់អំណាច។ នៅសម័យ លន់ ណល់ ផ្ទះនេះជាបន្ទាយទាហានជួរមុខ សម្រាប់ទប់ទល់នឹងកងទ័ពខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ផ្ទះនេះត្រូវគេប្រើជាគុក សម្រាប់ដាក់កម្មាភិបាលនាពេលនោះ។ ក្រោយឆ្នាំ ៧៩ដល់ ៨៩ ផ្ទះស្តេចត្រាញ់ ដាប ឈួន ជាទីបញ្ជាការកងទ័ពវៀតណាម។ មុនការដកទ័ពចេញពីប្រទេសកម្ពុជា កងទ័ពវៀតណាមបានធ្វើការជួសជុលផ្ទះ ដាប ឈួន នៅឆ្នាំ១៩៨៨ ដោយកែលម្អទៅជាអាគារថ្មី និងបានក្លាយជាអាគារ «វប្បធម៌កុមារ ខេត្តសៀមរាប-ឧត្តរមានជ័យ» ដោយមានការចូលរួម និងចាត់ចែងដោយប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត និងអតីតថ្នាក់ដឹកនាំយុវជននាកាលនោះ ដែលមានលោក សោម សារ៉ូ អតីតអនុប្រធានមន្ទីរអប់រំខេត្តសៀមរាប ជាអ្នកសម្របសម្រួលមើលការខុសត្រូវ។
លោក អ៊ុក សុធា បានរៀបរាប់បន្តថា ការបង្កើតអាគារវប្បធម៌កុមារនេះឡើង គឺដោយសារថ្នាក់គ្រប់គ្រងនៅពេលនោះមានគោលបំណងចង់ផ្លាស់ប្តូរទីតាំងដែលធ្លាប់ធ្វើកិច្ចការទាក់ទងនឹងសង្គ្រាម មកជាទីតាំងសម្រាប់អប់រំមនុស្សម្តង។ អាគារនេះ បានរៀបចំសកម្មភាពយកចិត្តទុកដាក់លើការអប់រំជំនាញខ្លីៗ សម្រាប់មនុស្សជំនាន់ថ្មីឲ្យស្គាល់ពីបច្ចេកវិទ្យាទំនើប។ ការអប់រំនៅទីនោះ រួមមានផ្នែកតន្ត្រី ភ្លេង របាំ ។ល។ និងសម្រាប់ទាក់ទងការងារយុវជន ក្នុងសម័យរដ្ឋកម្ពុជា។ ជាងនេះទៅទៀត អាគារនេះដើរតួសំខាន់សម្រាប់ពង្រឹងសមត្ថភាព យុវជនឲ្យចេះធ្វើការងារជាក្រុម និងរៀនកសាងសមត្ថភាពដើរដោយខ្លួនឯងបាន។ឆ្នាំ១៩៩៣ អាគារវប្បធម៌កុមារ បានផ្ទេរការគ្រប់គ្រងពីសមាគមយុវជនកម្ពុជា ទៅជាមជ្ឈមណ្ឌលយុវជនកម្ពុជាខេត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនាមជា មជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ ទីតាំងនេះមិនសូវមានសកម្មភាពច្រើនទេ។ ចាប់ពីឆ្នាំ១៩៩៩ ដល់២០១៣ មជ្ឈមណ្ឌលនេះមានដៃគូបរទេសជាច្រើន ដោយបានធ្វើកិច្ចសហការ ជួយលើការងារអប់រំ និងសិល្បៈជាដើម ព្រោះថា សិល្បៈជាផ្នែកមួយដ៏សំខាន់របស់វប្បធម៌ ដែលនៅក្បែរតំបន់ប្រាសាទបុរាណ។
លោក សុធា រម្លឹកថា លោកពិតជាមានមោទនភាពណាស់ ពេលលោកក្លាយជានាយកគម្រោងរបស់សាលាសិល្បៈបុរាណខ្មែរខេត្តសៀមរាបរបស់អង្គការអ៊ីតាលីសង្គ្រោះកុមារ CIAI នៅក្នុងមជ្ឈមណ្ឌលពីឆ្នាំ ២០០៦ ដល់២០១៣ ដោយបានកសាងធនធានមនុស្សសិល្បៈករជាច្រើននៅពេលនោះ។ ទីនេះផងដែរ គឺបានស្វាគមន៍ការបោះជំរំ និងទស្សនកិច្ចសិក្សារបស់ប្រតិភូយុវជនទូទាំងប្រទេស និងមកពីបណ្តាខេត្តនានា និងយុវជនអន្តរជាតិផង ដែលក្នុងមួយឆ្នាំ គម្រោងនេះធ្វើការជាមួយយុវជនមិនក្រោម ១៥០០ ទៅ២០០០ នាក់នោះទេ។នៅឆ្នាំ២០០៩ អាគារផ្ទះ ដាប ឈួន ត្រូវបានជួសជុល និងកែលម្អសាជាថ្មីដោយគណៈកម្មការ សមាគមជាតិយូណេស្កូកូរ៉េ រួមនិងក្រុមហ៊ុនមួយឈ្មោះ High One Resort ដែលសម្របសម្រួលដោយជនជាតិកូរ៉េមួយរូប បានរៀបចំទីនេះឲ្យក្លាយជាបណ្ណាល័យសាធារណមួយដែលមានទ្រង់ទ្រាយធំ។ បំណងនៃការរៀបចំនេះ គឺដើម្បីឲ្យយុវជនមានឱកាសចូលរួមស្រាវជ្រាវឯកសារ ដោយបណ្ណាល័យទាំងមូល ចែកជា២ មួយសម្រាប់មនុស្សពេញវ័យ និងមួយសម្រាប់កុមារ។ ក្នុងបណ្ណាល័យនេះ មានសៀវភៅទាំងអស់ សរុបជាងកន្លះម៉ឺនក្បាល និងមានបំពាក់សេវាអ៊ិនធឺណិត ដោយឥតគិតថ្លៃផងដែរ។
ជារឿងមួយដែលគួរឲ្យសោកស្តាយ អាគារមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា ត្រូវបានបិទទ្វារ អំឡុងខែមេសា ឆ្នាំ២០១៤ ទាក់ទងនឹងការដោះដូរអាគារ ដែលគម្រោងមិនក្រោម៩ ដែលធ្លាប់មាន ត្រូវបានបិទស្ទើរតែទាំងស្រុង។ លោក សុធា និយាយក្នុងទឹកមុខមិនអស់សង្ឃឹមយ៉ាងដូច្នេះថា៖ ថ្ងៃនេះ យើងត្រឡប់មកវិញ ខំស្ដារឡើងវិញ តែស្ថិតក្នុងល្បឿនមិនលឿនទេ។ នៅចុងឆ្នាំ២០១៥ ក្រោយបិទជាងមួយឆ្នាំ អាគារមជ្ឈមណ្ឌល ត្រូវបានបើកដំណើរការឡើងវិញ ដោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល អាគារផ្ទះ ដាប ឈួន ត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាសាជាថ្មី។ ក្នុងសេចក្តីប្រកាស របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ទីនេះមានភារកិច្ចសំខាន់ជាច្រើន រួមមាន រៀបចំអភិវឌ្ឍន៍សកម្មភាពពីមុនៗ សម្រាប់បំនិនជីវិត និងវិជ្ជាជីវៈ ជំនាញទន់ ការផ្លាស់ប្តូរវប្បធម៌ តម្រង់ទិសសិក្សា សហគ្រិភាពនិងទីផ្សាការងារ និងសុខភាពជាដើម។ល។ ។ លោក សុធា ពន្យល់ថា សកម្មភាពនេះគឺមានន័យទូលំទូលាយ ប៉ុន្តែលោកអះអាងថា ដោយមានការយកចិត្តទុកដាក់ពីនាយកដ្ឋានជំនាញ អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណា ស្ដាររាល់សកម្មភាពពីមុនឲ្យបានមកវិញតាមអនុសាសន៍ថ្នាក់ដឹកនាំ និងការអភិវឌ្ឍបន្ត។
សព្វថ្ងៃ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បានសហការទំនាក់ទំនងជាមួយដៃគូជាមួយអភិវឌ្ឈ ពីប្រទេសនានាមួយចំនួនឡើងវិញ បន្ថែមលើសកម្មភាពដែលក្រសួងប្រគល់ឲ្យ ដោយបង្កើតជំរំវិទ្យាសាស្ត្រក្នុងមួយឆ្នាំ៣សប្តាហ៍ ផ្តោតលើការសិក្សាប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាទៅនឹងជីវភាពរស់នៅ និងជាល្បែងសិក្សា ដូចជាការបង្កើតការរៀនតម្លើង និងប្រកួតរ៉ូប៊ូតជាដើម ដោយក្នុងមួយឆ្នាំមានសិស្ស ដែលអាចដឹងពីកិច្ចការនេះជាង១០០នាក់។ ក្រៅពីវគ្គបណ្តុះបណ្តាលខ្លីៗ មជ្ឈមណ្ឌលនេះ កំពុងជោគជ័យលើជំនាញបណ្តុះបណ្តាលកុំព្យូទ័រ ដែលមានសិស្ស និងយុវជនជាច្រើន ចូលរួមក្នុងកម្មវិធីនេះជាបន្តបន្ទាប់។មជ្ឈមណ្ឌលជាតិយុវជនក៏កំពុងបន្តអនុវត្តគម្រោងលើកកម្ពស់ការយល់ដឹងផ្នែកវប្បធម៌ផងដែរ។ គម្រោងនេះជាគម្រោងធ្លាប់សហការជាមួយអាជ្ញាធរជាតិអប្សរា គាំទ្រពីអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន NFUAJ ជាកម្មវិធីដ៏ពេញនិយម និងមានការចូលរួមពីសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ និងយុវជនក្រៅសាលា។
មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា កំពុងវិវត្តន៍ខ្លួនទៅមុខជាបន្តបន្ទាប់។ សព្វថ្ងៃ មជ្ឈមណ្ឌលនេះ កំពុងជួសជុលរបង និងរៀបចំកែលម្អសួនផ្នែកខាងមុខឲ្យបានស្អាតឡើងវិញជាសោភ័ណភាពក្រុងសៀមរាប។ តាមគម្រោងរបស់ក្រសួង គ្រោងនឹងជួសជុលផ្ទះ ដាប ឈួន ម្តងទៀត ហើយនឹងប្រែក្លាយទីនេះទៅជាកន្លែងសាកល្បង បណ្តុះបណ្តាលសហគ្រិនភាពយុវជន ដែលមានគំនិតចង់រកស៊ីរបស់យុវជន ដោយក្រសួងមានគម្រោងសាងសង់អាគារបន្ថែមក្នុងបរិវេណមជ្ឈមណ្ឌល។ ក្នុងនោះ តាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំយុវជនមួយចំនួន និងលោកនាយក លោកក៏ចង់ឲ្យផ្ទះអតីតអភិបាលខេត្តសៀមរាបដ៏មានឥទ្ធិពល ក្លាយជាសារមន្ទីរសកម្មភាពយុវជន ផងដែរ។ លោក អ៊ុក សុធា ពន្យល់ថា នៅទីនេះ នឹងរៀបរាប់ពីដំណើរវិវត្តន៍ខាងប្រវត្តិសាស្ត្រ ទៅនឹងសកម្មភាពយុវជនដែលមានក្នុងក្របខណ្ឌទូទាំងប្រទេស។ ទីនេះក៏ជាទីដែលយុវជនលើពិភពលោក អាចជួបជុំគ្នាដូចមាននៅបណ្តាប្រទេសនានា៕
ប្រភព៖thmeythmey.com