តើលោក ដាប ឈួន ឬឈួន ម្ចុលពេជ្រជាអ្នកណា??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩​ | ឥស្សរជន | 0 |
តើលោក ដាប ឈួន ឬឈួន ម្ចុលពេជ្រជាអ្នកណា?? តើលោក ដាប ឈួន ឬឈួន ម្ចុលពេជ្រជាអ្នកណា??

លោក ដាប ឈួន មានទីកន្លែងកំណើតនៅខេត្ត សៀមរាប (ប្រភពខ្លះថានៅខេត្តកណ្តាល) និងធំដឹងក្តីនៅខេត្តព្រៃវែង។ នៅដើមទសវត្សឆ្នាំ១៩៤០ លោក ដាប ឈួន បានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម។ បន្ទាប់មក លោក ដាប ឈួន បានក្លាយជាមេខ្មែរឥស្សរៈដ៏ល្បីឈ្មោះប្រចាំតំបន់សៀមរាប។ នៅខែតុលា ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការ។ នៅពេលនោះលោក ដាប ឈួន ត្រូវបាន សម្តេចព្រះ នរោត្តម សីហនុ តែងតាំងឲ្យធ្វើជានាយទាហាន មានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាបតែម្តង។ ដោយសារមានស្នាដៃល្អ លោក ដាប ឈួន ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិឲ្យជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ១៩៥៤ គណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោករដ្ឋមន្ដ្រីការបរទេស ទេព ផន លោក នង គឹមនី លោក សម សារី លោក សឺន សាន លោក ញឹក ជូឡុង រដ្ឋមន្ដ្រីក្រសូងការពារជាតិ លោក ប៉ុក ធឿន លោក ស្រី សាម៉ន និង លោក ស៊ុត សាខន ដែលទាំងពីនាក់ចុងក្រោយជាវរៈសនីយត្រី។ ក្រៅពីសមាជិកប្រតិភូនេះ នៅមានអ្នកតំណាងខ្មែរឥស្សរៈសំខាន់ៗបួននាក់ទៀត គឺ លោក ដាប ឈួន ព្រះអង្គម្ចាស់ ចន្ទរង្សី លោក ពុត ឆាយ និងលោក សាវ៉ាងវង្ស ដែលត្រូវនាំ ទៅបង្ហាញអន្ដរជាតិក្នុងឋានៈជាអ្នកតស៊ូប្រដាប់អាវុធ ដើម្បីឯករាជ្យពីបារាំង និងដែលបានចុះចូលរូបរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់រូចហើយ។ ក្នុងរយៈពេល១០ឆ្នាំ គឺចាប់តាំងពី លោក ដាប ឈួន បានសុំចុះចូលមក លោក ដាប ឈួន ត្រូវបាន សម្តេចព្រះ នរោត្តម សីហនុ តែងតាំងឲ្យកាន់មុខតំណែងសំខាន់ៗមួយចំនួនមានដូចជា៖ កាន់មុខតំណែងជាទេសរដ្ឋមន្រ្តី តំណែងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងធម្មការ ហើយចុងក្រោយគឺតំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់សៀមរាប និងកំពង់ធំ។ នៅពេលនោះអំណាចរបស់គាត់នៅក្នុងដែនដីខេត្តសៀមរាប និងកំពង់ធំ ពិតជាខ្លាំងក្លាណាស់។

លោក ដាប ឈួន ដែលបានគ្រប់គ្រងតំបន់ទាំងនោះល្បីឈ្មោះថាមានភាពព្រៃផ្សៃខ្លាំង ម្យ៉ាងវិញទៀត ដោយសារតែគាត់មានអំណាចខ្លាំងក្លានៅក្នុងតំបន់នោះគេតែងប្រដូច លោក ដាប ឈួន ទៅនឹងស្តេចត្រាញ់យ៉ាងដូច្នោះឯង។ មានការតំណាលតៗថា នៅពេល លោក ដាប ឈួន ក្លាយជាចៅហ្វាយខេត្តសៀមរាប គាត់ក៏ចាប់ផ្ដើមផ្ដាច់ការបន្ដិចម្ដងៗក្នុងនោះល្បីល្បាញថា ចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាពិសេសបង្ក្រាបយុវជនដែលភ្លើតភ្លើនក្នុងសង្គម ដូចជា យុវជនខ្លះជិះកង់ដៃម្ខាង គឺដៃកង់ម្ខាងត្រូវលោក ដាប ឈួន ចាប់យកទៅកាត់ចោល ជាដើម។ នៅដើមឆ្នាំ១៩៥៩ លោក ដាប ឈួន ត្រូវបានជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។

ផែនការនោះ ត្រូវបានគេដឹងថាបានរៀបចំធ្វើដំបូងនៅទីក្រុងបាងកក ដែលក្រោយមកគេហៅថា ផែនការសម្ងាត់ទីក្រុងបាងកក “Bangkok Plot”។ ដូច្នេះលោក ដាប ឈួន បានជាប់ឈ្មោះជាជនក្បត់ សម្តេចព្រះ នរោត្តម សីហនុ និងប៉ុនប៉ងលួចធ្វើគុតព្រះអង្គ។ នៅខែមីនា កងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការលោកឧត្តមសេនីយ លន់ នល់ បានដឹកនាំធ្វើប្រតិបត្តិការហ៊ុំព័ទ្ធចាប់ខ្លួនលោក ដាប ឈួន យកមមកកាត់ទោស។ លោក ដាប ឈួន ដឹងខ្លួនមុនក៏បានរត់គេចខ្លួនយ៉ាងឆាប់រហ័សចូលទៅក្នុងព្រៃ។ ទោះជាយ៉ាងនេះក្តី គាត់មិនអាចគេចរួចបានឡើយ ហើយក៏ត្រូវគ្រាប់កាំភ្លើងស្លាប់បាត់បង់ជីវិតនៅភូមិមួយចម្ងាយប្រមាណ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ រូបថតស្តីពីការស្លាប់របស់លោក ដាប ឈួន ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឲ្យបិទផ្សាយនៅតាមមុខប័ណ្ណប្រកាសនៅរាជធានីភ្នំពេញ និងតាមខេត្តនានា។

លោក ដាប ឈួន គេគ្រប់គ្នាល្បីថា លោកចេះមន្តអាគមកាប់មិនមុតដុតមិនឆេះនោះ ត្រូវបានគេដឹងថា លោក ដាប ឈួន មានជំនឿ និងគោរពបូជាយ៉ាងងប់ងុលនឹងបារមីព្រះអង្គចេកព្រះអង្គចម។ ក្នុងអំឡុងពេល ដែលតំបន់អង្គរត្រូវបានគេបោះបង់ចោល រូបសំណាកព្រះអង្គចេក ព្រះអង្គចម ក៏បានបាត់មួយរយៈ តែរូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថា រូបព្រះអង្គចេក ព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។ បន្ទាប់ពីបានដឹងថា រូបព្រះអង្គចេក ព្រះអង្គចម ត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមក លោក ដាប ឈួន រួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានវាយឆ្មក់ ចូលលួចយករូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុងទីចាត់ការរបស់គាត់នៅចិនក្រហម(បច្ចុប្បន្ន សណ្ឋាគារអង្គរសិនជូរី)។ ថ្ងៃមួយគាត់បានយករូបសំណាកទាំងពីរដាក់ក្នុងរថយន្តរបស់គាត់មក តម្កល់ទុកក្នុងផ្ទះ (ទាហាន៥នាក់ ទើបអាចលើករូបមួយរួច)។ ក្រោយមករូបទាំងពីរនេះបានធ្វើឲ្យ លោក ដាប ឈួន មានកម្លាំងលើសអស់មនុស្សលោកធម្មតា ដោយគាត់អាចលីដាក់លើស្មានូវរូបទាំងពីរនោះ ដែលមានទម្ងន់សរុប ១៥០ គីឡូក្រាម បានយ៉ាងងាយ។ គាត់ និងទាហានរបស់គាត់ ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែចំណាយពេលយ៉ាងហោចក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការគោរព និងបួងសួងឲ្យថែរក្សាពួកគេ។

តំណាលរឿងបន្តថា ជាមួយនឹងការគោរពនោះ ព្រះអង្គចេក ព្រះអង្គចម បានពន្យល់សប្ដិបំភ្លឺឲ្យ លោក ដាប ឈួន ដឹងអំពីគម្រោងការសម្លាប់របស់ សម្ដេច នរោត្ដម សីហនុ ដែលបានចោទប្រកាន់ថា គាត់មានគម្រោងការក្បត់ និងប៉ុនប៉ងលួចធ្វើគុតព្រះអង្គ។ គ្រាន់តែដឹងអំពីផែនការរបស់ព្រះអង្គតាមរយៈបារមីរបស់រូបទាំងពីរអង្គភ្លាម លោក ដាប ឈួន បានរៀបចំរត់ភៀសខ្លួនទៅព្រំដែនថៃ ដោយនាំយករូបសំណាកទាំងពីរនោះ ទៅជាមួយ ប៉ុន្តែជាសំណាងមិនល្អ គាត់មិនអាចលើកលីរូបទាំងនោះ បានដូចមុនៗឡើយ ដោយទម្ងន់របស់រូបសំណាកព្រះអង្គចេក ព្រះអង្គចម កាន់តែធ្ងន់ឡើងៗ មួយរំពេច ដែលមិនអាចឲ្យគាត់នាំយកតាមខ្លួនផងទេ ដែលទីបំផុត ដាប ឈួន សម្រេចចិត្តកាត់ផ្ដាច់កដៃខាងស្ដាំរបស់ព្រះអង្គចេក ហើយនាំយកតាមខ្លួនរួចគេចមកព្រំដែន។ លោក ប៉ាន់ សឿន អ្នកមើលការខុសត្រូវ និងអាចារ្យនៅដំណាក់ព្រះអង្គចេកព្រះអង្គចម បានមានប្រសាសន៍ថា “ដាប ឈួន គាត់ជឿណាស់ ព្រោះតែព្រះអង្គជួយលោកឲ្យមានបារមីខ្លាំងពូកែ ហើយនៅពេល ដាប ឈួន គាត់រត់គេចខ្លួន គាត់ព្យាយាមយករូបសំណាកទាំងពីរទៅជាមួយ តែយកមិនរួចឡើយ មិនដឹងមកពីអ្វី ដូច្នេះលោកក៏គេចខ្លួនឯង តែលោកក៏ត្រូវគេចាប់បាន និងសម្លាប់ចោលតែម្តងទៅ។ ព្រះអង្គមិនអាចជួយ ដាប ឈួន បានទេ នោះប្រហែលមកពីគាត់ប្រព្រឹត្តអំពើបាបច្រើនពេក”។ រីឯលោក នង ហៀង អតីតមេទ័ពខ្មែរឥស្សរៈ បានបញ្ជាក់ថា មុនពេលមានអាសន្នម្តងៗ ព្រះនាងចេក ព្រះនាងចម តែងតែប្រាប់ លោក ដាប ឈួនថា លោកឪៗ មានអាសន្នហើយៗ។ ដូច្នេះ ជានិច្ចកាល ដាប ឈួន រមែងតែងរត់គេចខ្លួនផុតពីគ្រោះថ្នាក់។ ក៏ប៉ុន្តែ ថ្ងៃមួយ នាងចេកនាងចម មិនបានប្រាប់ហេតុការណ៍ជាមុនទាន់ ទើប ដាប ឈួន ខឹងសម្បា។ ដូច្នេះ គាត់ក៏កាត់ម្រាមដៃមួយរបស់ព្រះបដិមាខាងលើ មុននឹងរត់ចូលព្រៃបាត់ទៅ ហើយមិនយូរប៉ុន្មាន ដាប ឈួន ដែលអស់លក្ខណ៍ក៏ចុះចូលនឹងស្តេច។ ស្របគ្នានោះ អ្នកស្រីខឹង ប្រណម្យ ដែលជាកូនប្តីក្រោយរបស់អ្នកឧត្តមស័ក្តិ ប្រពន្ធលោក ដាប ឈួន បានឲ្យដឹងថា ដ្បិតតែអ្នកស្រីមិនបានដឹងច្រើនអំពីលោក ដាប ឈួន តែអ្នកស្រីបានឮពីម្តាយរបស់អ្នកស្រីថា លោក ដាប ឈួន ពិតជាមានជំនឿយ៉ាងងប់ងុលនឹងបារមីព្រះអង្គចេកព្រះអង្គចមមែន ព្រោះព្រះទាំងពីរតែងជួយគាត់ជានិច្ច។

លុះមកដល់សម័យខ្មែរក្រហម គ្រប់គ្រង នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចម ក៏ត្រូវក្រុមទាហានខ្មែរក្រហមយកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹងរហូតដល់ខេត្តសៀមរាប ត្រូវបានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថា ក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយករូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹងសៀមរាប បានស្លាប់ដោយសារបារមីរបស់ព្រះអង្គចេក ព្រះអង្គចម នៅក្រោយពេលមិនយូរប៉ុន្មាននៃការយករូបទាំងពីរនេះ មកទម្លាក់ចោលក្នុងទឹកស្ទឹង។ ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដដំណាក់ រួមជាមួយនឹងការចូលរួមពីសំណាក់អភិបាលខេត្តសៀមរាប លោក នៅ សម បាននាំគ្នាកសាងអាស្រមតូចមួយនៅក្បែរព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬសួនដំណាក់ស្ដេច ហើយប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់មក តម្កល់ទុកនៅទីនោះ។ លោកស្រី ខឹង ប្រណំ អាយុ ៥០ឆ្នាំ ជាកូនស្រីពៅរបស់លោកយាយឧត្ដមស័ក្ដិ បាននិយាយថា លោក ដាប ឈួន កាលពីធ្វើជាចៅហ្វាយខេត្ដសៀមរាប មានប្រពន្ធប្រហែល ៧នាក់។ ប្រពន្ធទី១ ឈ្មោះ តាំង អ៊ឹម និងប្រពន្ធទី២ គឺឧត្ដមស័ក្ដិ។ នៅពេលបានលោកតា ដាប ឈួន ជាស្វាមី លោកយាយឧត្ដមស័ក្ដិ មានកូនប្រុសតែម្នាក់គត់ ដែលបានស្លាប់កាលពីជំនាន់ប៉ុលពត។ រីឯអ្នកស្រី ខឹង ប្រណំ និងលោក ខឹង សុផន អាយុ ៥២ឆ្នាំ គឺជាកូនលោកយាយឧត្ដមស័ក្ដិជាមួយប្ដីក្រោយ បន្ទាប់ពីលោកតា ដាប ឈួន ស្លាប់ទៅ។

តាមប្រវត្ដិខ្លះៗ លោក ដាប ឈួន ឬ ឈួន ម្ជុលពេជ្រ ជាអតីតទាហានខ្មែរឥស្សរៈ តែក្រោយមកលោកបានរត់មកកាន់តំបន់ព្រៃនាភ្នំគូលែន ដើម្បីធ្វើការតស៊ូ ហើយក៏បានជួបនារីឈ្មោះ ឧត្ដមស័ក្ដិ និងបានយកគ្នាជាប្ដីប្រពន្ធ មុនឆ្នាំ១៩៤៥។ នារីឧត្ដមស័ក្ដិត្រូវបានគេស្គាល់ថា ជាប្រធានស្រីរបស់ក្រុមនារីខ្មែរឥស្សរៈ ប្រចាំតំបន់ភ្នំគូលែន ខេត្ដសៀមរាប។ នៅសម័យនោះ ឧត្ដមស័ក្ដិមានរហស្សនាមជាស្ដ្រីខ្លាំងពូកែស័ក្ដិសិទ្ធិ បាញ់មិនមុតដុតមិនឆេះ ហើយគាត់ពូកែត្រង់ថាគាត់មានកណ្ដាញ់នៅផ្នែកខាងក្រោម។ នារីឧត្ដមស័ក្ដិក៏ល្បីថា មានកន្សែងជូតមុខមួយ នៅពេលយកកន្សែងមួយនោះមកជូតមុខ ៣ថ្ងៃ ជាប់ៗគ្នា គឺបាញ់មិនមុតដុតមិនឆេះរយៈពេល ៣ខែ តែបើយកកន្សែងជូតមុខ ៣ខែ ជាប់ៗគ្នា គឺបាញ់មិនមុតរហូតដល់ ៣ឆ្នាំ ឯណោះ។
នៅពេលបានគ្នាជាប្ដីប្រពន្ធហើយ នារីឧត្ដមស័ក្ដិក៏បានការពារលោក ដាប ឈួន យ៉ាងខ្លាំងក្លា ដែលធ្វើឱ្យល្បីរន្ទឺថា ដាប ឈួន បាញ់មិនមុតដុតមិនឆេះដូចគ្នា។ នៅតំបន់ភ្នំគូលែន ដែលជាព្រៃទាហានឥស្សរៈលាក់ខ្លួនតស៊ូ ដាប ឈួន បានគោរពព្រះអង្គចេក-ព្រះអង្គចម យ៉ាងងុបងុល ព្រោះថា ព្រះអង្គចេក-ព្រះអង្គចម ដែលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប កាលពីសម័យខ្មែរឥស្សរៈ គឺគេយកទៅតម្កល់នៅឯធ្លកវារ (ក្រោមដើមធ្លកធំមួយ) នាឃុំត្បែង ស្រុកបន្ទាយស្រី។

ប្រភព៖ប្រវត្តិសាស្ត្រប្រទេសកម្ពុជា

បញ្ចេញមតិ
ស្លាក