ប្រវត្តិលោកតាគង់ យាយដើង ដែលល្បីថា​មាន​បារមី​ពូកែ​សក្តិសិទ្ធិ​ខ្លាំង​ប្រចាំ​ខេត្តស្វាយរៀង

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ប្រវត្តិលោកតាគង់ យាយដើង ដែលល្បីថា​មាន​បារមី​ពូកែ​សក្តិសិទ្ធិ​ខ្លាំង​ប្រចាំ​ខេត្តស្វាយរៀង ប្រវត្តិលោកតាគង់ យាយដើង ដែលល្បីថា​មាន​បារមី​ពូកែ​សក្តិសិទ្ធិ​ខ្លាំង​ប្រចាំ​ខេត្តស្វាយរៀង

បើយោងតាមប្រភពឯកសាររបស់មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានឲ្យដឹងថា​ តាមសាវតា លោកតាគង់ យាយដើង នេះ​មាន​ប្រវត្តិចាប់ផ្តើមកើតឡើងនៅក្នុងសម័យសង្គ្រាមខ្មែរ និងចាម្ប៉ា។ នាសតវត្សទី៩ មានស្ដេចចាម្ប៉ាមួយអង្គ ជាមេទ័ពធំ នៃនគរចាម្ប៉ា បាន​លើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ តែកងទ័ពបច្ចាមិត្តត្រូវបរាជ័យរត់ខ្ចាត់ខ្ចាយរលាយអស់។

ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិផ្ទៃក្នុង នគរចាម្ប៉ាបានបញ្ជូនកងទ័ព​មករាតត្បាត​លុក​លុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរ នៅដីសណ្តរទន្លេភាគអាគ្នេយ៍។ កងទ័ពចាម្ប៉ាបានដុតបំផ្លាញផ្ទះសម្បែង ភូមិស្ថានប្រជារាស្រ្ដខ្មែរ ជិះជាន់ កាប់សម្លាប់ លួចប្លន់ ដឹកជញ្ជូនទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរនាសម័យនោះ។ អង្គព្រះមហាក្សត្រខ្មែរ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីឲ្យមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកំចាត់ទ័ពបច្ចាមិត្តចេញពីនគរ។

ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមវាយកំទេចនគរចាម្ប៉ាឲ្យបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាចំណុះទឹកដីខ្មែរ។ គ្រានោះដែរ ព្រះមហាក្សត្រទ្រង់បានចេញព្រះរាជបញ្ជាមេទ័ពម្នាក់ (មិនប្រាកដនាម) ដឹកនាំកងពលទាហានយ៉ាងច្រើនសម្បើម ទៅ​វាយ​រុញច្រានទ័ពបច្ចាមិត្តតាមទិសអាគ្នេយ៍នៃប្រទេស ដែលបច្ចុប្បន្ននេះគឺខេត្តស្វាយរៀង។ មកដល់តំបន់មួយផែ្នកអាគ្នេយ៍នៃប្រទេសកម្ពុជា ក្រុមទ័ពខ្មែរបានស្លាប់បាត់បង់ជីវិតអស់មួយចំនួន ខ្លះស្លាប់ដោយសារសត្រូវ អ្នកខ្លះស្លាប់ដោយសារជម្ងឺ និងមួយចំនួនទៀត បាន​ស្លាប់​ដោយការខ្វះស្បៀងអាហារ។

ជាភ័ព្វសំណាងពួកគេបានមកជួបនឹងព្រឹទ្ធាចារ្យម្នាក់ ដែលចេះព្យាបាលជម្ងឺដោយមន្តគាថា ហើយរាងកាយ​របស់គាត់មានឬទ្ធិ​ដែលកាប់​មិនមុត និងដុតមិនឆេះ។ លោកព្រឹទ្ធាចារ្យត្រូវបានអ្នកស្រុកហៅគាត់ថាលោកតាថ្នាំគង់។ មេទ័ពនោះក៏បានចូលមកពឹងពាក់អាស្រ័យ លោកតាដើម្បីជួយសង្គ្រោះដល់កងទ័ព ដែលនៅរស់រានមានជីវិតដើម្បីជាសះស្បើយពីជម្ងឺនានា ព្រមទាំងសុំរៀននូវវេទមន្តគាថាខ្លះ ដើម្បីការពារពីសឹកសត្រូវ។

ក្រោយពីទទួលការព្យាបាលជម្ងឺ និងរៀនបាននូវវេទមន្តការពារខ្លួនស្រេច ហើយមេទព័នោះបានបន្តដឹកនាំទ័ពទៅមុខទៀត។ ក្នុងខណៈ​ពេល​បន្តដំណើរទៅមុខបានចម្ងាយប្រហែលជាបីយោជន៍ (៤៨គីឡូម៉ែត្រ) កងទ័ពក៏កាន់តែ​ខ្សត់ខ្សោយស្បៀង​ក៏បានជួប​លោកយាយ​ម្នាក់ ដែលមានសម្បុរសស្តើង គាត់បានអនុគ្រោះដល់ទ័ពទាំងនោះ ដោយផ្តល់អាហារសម្រាប់បរិភោគ និងរក្សាទុក​ជាស្បៀង​សម្រាប់​បន្ត​ដំណើរ​ទៅធ្វើសឹកសង្គ្រាមនៅពេលខាងមុខទៀត។

 

លោកយាយដែលមានសម្បុរសស្តើងនោះ ក៏ជាអ្នកមានតំណរខាងឬទ្ធិពូកែពីលោកឳពុកគាត់ ដែលអ្នកស្រុកតែងតែ​មកពឹងពរ​រកគាត់​ជា​ប្រចាំ។ កងទ័ពដែលបានទទួលការអនុគ្រោះពីលោកតាថ្នាំគង់ និងលោកយាយសស្តើង (ដើង) ក៏បានបន្តទៅមុខទៀត និង​បានទទួល​បានជោគជ័យពីបច្ចាមិត្តយ៉ាងត្រចះត្រចង់។ ចំណេរក្រោយមកលោកតាថ្នាំគង់ និងលោកយាយសម្បុរសស្តើង បានទទួលអនិច្ចកម្មទៅ។ អ្នកស្រុកនៅតែមានជំនឿលើពួកគាត់ បានកសាងដីទួលមួយ (សព្វថ្ងៃនៅម្តុំវត្តកោះជុំ ក្រុងស្វាយរៀង) ដើម្បីអធិដ្ឋាន​ព្រលឹងរបស់​ពួកគាត់​ឲ្យនៅឋិតថែរក្សាអ្នកស្រុក។ ពេលអ្នកស្រុកមានជួបបញ្ហាម្តងៗ តែងទៅអង្វរកឲ្យលោកតាថ្នាំគង់ និងលោកយាយសស្តើងជួយសង្គ្រោះ។

រាល់អ្នកមាននិស្ស័យដែលទៅបែរបន់ ព្រលឹងលោកតាថ្នាំគង់ និងលោកយាយសស្តើង តែងបានសម្រេចដូចសេចក្តីប្រាថ្នា។ លុះក្រោយ​មក​អ្នកស្រុកដែលរស់នៅជាប់ដងទន្លេនេះ បានឧទ្ទិសនាមដល់ពួកគាត់ថា អ្នកតាថ្នាំគង់ និងយាយទេពសស្តើង។ យូរៗទៅក៏ក្លាយ​ទៅជា​អ្នកតាគង់ លោកយាយដើង (ស្តើង) វិញ។ លោកតាគង់ និងលោកយាយដើងមានបារមីសក្តិសិទ្ធិខ្លាំងណាស់ ទើប​អ្នករស់នៅ​តាម​បណ្តោយ​ទន្លេវ៉ៃគោ ផ្នែកខាងលិចតែងមានជំនឿជឿជាក់រហូតដល់ពេលបច្ចុប្បន្ន។ លុះដល់សម័យ​អាណានិគម​បារំាង​គ្រប់គ្រងខេត្ត​ស្វាយរៀង ថ្ងៃមួយមានរដ្ឋការបារាំងម្នាក់ បានទៅជួបថ្វាយបង្គំព្រះមេគណខេត្តស្វាយរៀង ព្រះនាមគង់​ ដែល​ព្រះអង្គ​គង់​នៅ​វត្តព្រៃលាក់ (វត្តព្រៃឆ្លាក់)។

រដ្ឋការបារាំងនោះបានសួរព្រះអង្គថា តើនៅទឹកដីនេះមានទីកន្លែងណាទៅ ដែលជាទឹកដីជយភូមិ​អាចកសាង​បន្ទាយបាន។ ព្រះមេគណ​គង់​ព្រះអង្គបានសម្លឹងឃើញតំបន់នៅខាងលិចទន្លេវ៉ៃគោ (បន្ទាយទាហានបច្ចុប្បន្ន) មានបឹងតូចធំ វាលទំនាបលិចទឹក​ជាប្រចាំ​ដូច្នេះ​មាន​តែប្រាប់ឲ្យយកកន្លែងនោះទៅ។ ក្រោយមករដ្ឋការបារាំងនឹងលុបបឹងតូចធំវាលទំនាបនោះ ឲ្យក្លាយទីគោក ហើយបានរៀបចំ​បន្ទាយ​នៅ​ទីតាំង ដែលព្រះមេគណគង់បានមានសង្ឃដិកាចង្អុលបង្ហាញ។ ក្រោយពីបន្ទាយបារំាងបានកសាងរួចរាល់ម្តុំនេះ ក៏បានសាងសង់​នូវ​អគាររដ្ឋបាល​ផ្សេងៗជាបន្តបន្ទាប់ រហូតមកក៏បានក្លាយជាទីប្រជុំជន។

សម័យនោះមានខ្មែរយើងមួយចំនួនធំបម្រើការឲ្យរដ្ឋការបារាំងដែរ។ ថ្ងៃមួយនារដូវប្រាំងមាន​រដ្ឋការបារាំង​មួយក្រុមបាន​ជិះរថយន្តឆ្ពោះ​ទៅ​ទិសខាងត្បូង ដោយឆ្លងកាត់អាស្រមលោកតាគង់ និងយាយដើង (នៅទល់មុខវត្តកោះជុំសព្វថ្ងៃ) ដោយក្រុមរដ្ឋការទាំងនោះ បាន​ស្រែក​ហ៊ោរកញ្ជ្រៀវយ៉ាងសេចក្តីសប្បាយរីករាយ។ មួយសន្ទុះក្រោយមករថយន្តនោះក៏ជាប់ផុងលើដីគោក ទោះបីនាំ​គ្នាចុះរុញ​យ៉ាងណា​ក៏រថយន្តនោះមិនអាចរំកិលទៅមុខទៀតបានឡើយ។ ខណៈនោះមានអ្នកស្រុកបាននាំគ្នាមកមើលហើយប្រាប់ថា ពួកអស់លោក​ប្រហែល​ជាបានធ្វើអ្វីមិនគប្បីនៅទីនេះ ហើយបានជារថយន្តជាប់ផុងនៅទីនេះ។

ដូច្នេះដើម្បីបានទៅរួចសូមថ្វាយភ្លេងពិណពាទ្យ និងសុំខមាទោស បារមីលោកតាគង់-យាយដើង ទៅនឹងបានរួចពីគ្រោះភ័យនេះហើយ។ ស្តាប់អ្នកស្រុកនិយាយយ៉ាងនេះ ហើយខ្មែរយើងម្នាក់ដែលបម្រើឲ្យក្រុមរដ្ឋការបារាំង បានទៅរកភ្លេងពិណពាទ្យប្រគុំបួងសួង និង​សុំខមា​ទោស​រួចរាល់កាលណារថយន្តនោះ ក៏អាចបន្តដំណើរទៅមុខទៀតដោយសុវត្ថិភាព។ចាប់ពីពេលនោះមក​ដោយពួកគាត់​មានជំនឿ​លើ​បារមីលោកតាគង់ និងយាយដើង ក៏នាំគ្នាកសាងអាស្រមតូចមួយ នៅប្របខាងលិចមាត់ទន្លេវ៉ៃគោ ហើយបានអញ្ជើញបារមីលោកតាគង់ និងយាយដើង មកសណ្ឋិតនៅទីនេះជារៀងរហូតមក។ ព្រោះទីតាំងចាស់ស្ថិតលើ​ដីកោះតូចមួយ​ហើយលិចទឹក​ខ្លាំងក្នុង​រដូវវស្សា​ជា​ហេតុ​ពិបាក ក្នុងការធ្វើដំណើទៅបន់ស្រន់។

ក្រោយមកដោយមានគំនិតផ្តួចផ្តើមរបស់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង បានរៀបចំកសាងនូវទីសក្ការៈ ដ៏ស្រស់ស្អាត​ថ្មី​មួយ​ឡើង​ស្ថិតនៅលើទីតាំងចាស់ គឺអាស្រម (លោកតាគង់ យាយដើង) ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ស្ថិតក្នុង​ភូមិ​មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ពិធីដង្ហែរ និងអភិសេករូបសំណាក លោកតាគង់ យាយដើង បានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយមានវត្តមានចូលរួមពីសំណាកអ្នកមុខអ្នកការប្រចាំខេត្តស្វាយរៀងជាច្រើនរូបផងដែរ។

 

បញ្ចេញមតិ