ភាពរុងរឿងនិងមូលហេតុ​ដែលធ្វើឲ្យអរិយធម៌​ខ្មែរ​សម័យ​អង្គរ​ស្រុត​ចុះ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ភាពរុងរឿងនិងមូលហេតុ​ដែលធ្វើឲ្យអរិយធម៌​ខ្មែរ​សម័យ​អង្គរ​ស្រុត​ចុះ ភាពរុងរឿងនិងមូលហេតុ​ដែលធ្វើឲ្យអរិយធម៌​ខ្មែរ​សម័យ​អង្គរ​ស្រុត​ចុះ

អ្នក​សិក្សា​ភាគ​ច្រើន​ចាត់​ទុក​ថា សម័យ​អង្គរ​ជា​សម័យ​រុងរឿង​បំផុត​នៃ​អរិយធម៌​ខ្មែរ។ ការ​សំអាង​នេះ ដោយ​ផ្អែក​ទៅ​លើ​ហេតុផល​ថា ចាប់​ពី​សតវត្ស​ទី​៩ ដល់​សតវត្ស​ទី​១៣ បុព្វបុរស​ខ្មែរ​បាន​កសាង​ទាំង​វប្បធម៌ ទាំង​សង្គម​ធម៌ អោយ​បាន​រីក​ចម្រើន​ជឿន​លឿន ហើយ​ជំរុញ​ប្រទេស​កម្ពុជា អោយ​មាន​ឈ្មោះ​ល្បីល្បាញ ថា​ជា​មហា​អំណាច​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។ ផ្ទៃ​ដី​ដ៏​ធំ​ទូលំទូលាយ​នា​សម័យ​នោះ រួម​ទាំង​សំណល់​វប្បធម៌​ជា​ប្រាសាទ​បុរាណ​ដ៏​ច្រើន​សន្ធឹក​ស្ទើរ​តែ​ពេញ​ផ្ទៃ​ឥណ្ឌូចិន​ទាំង​មូល សិលាចារឹក សិល្បៈ​ដ៏​សម្បូរ​បែប និង​បដិមា​បុរាណ​វត្ថុ​ផ្សេងៗ​រាប់​មិន​អស់ ដែល​សេសសល់​ដល់​សព្វថ្ងៃ​នេះ គឺ​ជា​ភស្តុតាង​ជាក់ស្តែង​បញ្ជាក់​ពី​ភាព​រុងរឿង​នៃ​អារ្យធម៌​ខ្មែរ​សម័យ​អង្គរ​នេះ។

ក្នុង​សម័យ​កាល​រុងរឿង​នេះ សាសនា​មាន​មុខ​ងារ​សំខាន់​ណាស់។ គេ​សង្កេត​ឃើញ​ព្រះរាជា​ខ្លះ​កាន់​សាសនា​ព្រះ​ឥសូរ ព្រះរាជា​ខ្លះ​កាន់​សាសនា​ព្រះ​វិស្ណុ ព្រះរាជា​ខ្លះ​កាន់​សាសនា​ព្រះព្រហ្ម និង​ព្រះរាជា​ខ្លះ​ទៀត កាន់​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ទោះ​ជា​ព្រះអង្គ​កាន់​សាសនា​ណា​ក៏ដោយ ក៏​ព្រះរាជា​ខ្មែរ​ក្នុង​សម័យ​នោះ ភាគ​ច្រើន​បាន​ថែ​រក្សា​ការពារ​សាសនា​ដទៃ​ទៀត​អោយ​រួម​រស់​ដោយ​សុខ​សន្តិភាព​ជាមួយ​គ្នា។ ដោយសារ​ជំនឿ​សាសនា ប្រាសាទ​ភ្នំ​ធំៗ​ជាច្រើន ត្រូវ​បាន​កសាង​ឡើង ដើម្បី​តម្កល់ “លិង្គ​ទេវរាជ” សម្រាប់​អ្នក​កាន់​សាសនា​ព្រះ​ឥសូរ តម្កល់​បដិមា​ព្រះ​វិស្ណុ សម្រាប់​អ្នក​កាន់​សាសនា​ព្រះ​វិស្ណុ ដូច​ប្រាសាទ​អង្គរវត្ត ក្នុង​រជ្ជកាល​ព្រះបាទ​សូរិយា​វរ្ម័នទី​២ តម្កល់​បដិមា​ព្រះពុទ្ធ គឺ “ពុទ្ធ​រាជ” សម្រាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ដូច​ប្រាសាទ​បាយ័ន​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជាដើម។

នៅ​មាន​ប្រាសាទ​ជាច្រើន​ដែល​សាង​ទាប​ផ្ទាល់​ដី ឧទ្ទិស​ចំពោះ​អ្នក​ដ៏​មាន​គុណ អ្នក​ជា​ទី​សក្ការៈ ឬ​បុព្វការី​ជន​ផ្សេងៗ ដែល​ប្រវត្តិវិទូ​មួយ​ចំនួន​និយម​អោយ​ឈ្មោះ​ថា “លទ្ធិ​បុគ្គល​និយម” ថែម​ទៀត​ផង។ ម្យ៉ាង​ទៀត គឺ​ដោយសារ​ជំនឿ​ទៅ​លើ​លទ្ធិ​ទេវរាជ ឬ​សាសនា​ព្រះ​វិស្ណុ ឬ​ក៏​ពុទ្ធ​រាជ​នេះ​ហើយ ដែល​ធ្វើ​អោយ​ព្រះរាជា​ក្លាយ​ជា​តំណាង​អាទិទេព​លើ​ផែនដី ឬ​ក៏​ជា​តំណាង​អវតារ​នៃ​ព្រះអាទិទេព ឬ​ក៏​ជា​តួអង្គ​ព្រះ​ពោធិសត្វ ដែល​រស់​លើ​ផែនដី​ជាមួយ​មនុស្ស ជួយ​ស្រោចស្រង់​មនុស្ស​លោក​ឲ្យឆ្លង​ផុត​ភព​ទុក្ខ ខំ​កសាង​សុខ​សុភមង្គលឲ្យមនុស្ស​ជាតិខំ​កសាង​ផែនដី​តាម​គំរូ​នៃ​ឋានសួគ៌​ដ៏​ល្អ​ប្រណិត​ឥត​អ្វី​ប្រៀប ដែល​យើង​ឃើញ​មាន​ជា​សំណល់​ជា​ប្រាសាទ បារាយណ៍​ទឹក មន្ទីរពេទ្យ ស្ពាន​ថ្នល់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ព្រះរាជា​នៃ​មហា​អាណាចក្រ​អង្គរ មាន​អំណាច​ខ្លាំងក្លា និង​មាន​ភាព​រុងរឿង​ណាស់។ ព្រះអង្គ​ទ្រង់​ជា​ម្ចាស់​លើ​ដីធ្លី​ទាំងអស់ ជា​មេ​ដឹក​នាំ​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​មេទ័ព​ក្នុង​សមរភូមិ​ដ៏​ចំណាន ទ្រង់​ដឹក​នាំ​ទ័ព​ដែល​ប្រកប​ដោយ​វិន័យ និង​ថាមពល​ខ្លាំងក្លា ដូច​អត្ថបទ​សិលាចារឹក​ជាច្រើន​បាន​កោត​សរសើរ ចំពោះ​គុណសម្បត្តិ​យោធា​របស់​ព្រះរាជា ថា​សុទ្ធ​សឹង​តែ​មាន​តេជដៃ​ថ្វី​ព្រះហស្ដ​ខ្លាំង​ពូកែ ទទួល​បាន​ជ័យ​ជម្នះ​លើ​ខ្មាំង​សត្រូវ​ជានិច្ច។ ព្រះអង្គ​ជា​មេ​តុលាការ និង​ជា​មេ​សាសនា​ថែម​ទៀត​ផង។ ព្រះរាជា​ទ្រង់​ប្រទាន​សវនាការ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​ដោះស្រាយ​កិច្ចការ​ប្រទេស​ជាតិ។

លោក ជីវ តាក្វាន់ សមាជិក​អ្នក​ការទូត​ចិន ដែល​បាន​មក​ទស្សនា​ប្រទេស​ខ្មែរ នៅ​ចុង​សតវត្ស​ទី​១៣ បាន​ពណ៌នា​យ៉ាង​ក្បោះក្បាយ​ពី​ការ​យាង​ចេញ​របស់​ព្រះរាជា៖ «នៅ​មុខ​ក្បួន​ដង្ហែ​មាន​ពួក​ទាហាន បន្ទាប់​មក​មាន​អ្នក​កាន់​ទង់ជ័យ និង​អ្នក​ភ្លេង។ បន្ទាប់​មក​ទៀត គឺ​ពួក​ស្រីៗ​ដែល​មាន​គ្នា​ពី ៣០០ ទៅ ៥០០​នាក់ មាន​សម្លៀកបំពាក់​ប្រកប​ដោយ​កំណាត់​មាន​ភ្ញី​ស្លឹក​ឈើ មាន​ផ្កា​សៀត​ក្នុង​ផ្នួង​សក់ ដៃ​កាន់​ទៀន ដែល​នៅ​ពេល​ថ្ងៃ​ក៏​ត្រូវ​អោយ​ឆេះ​ដែរ។ ត​មក​ទៀត​មាន​ស្រីៗ​មួយ​ពួក​ផ្សេង​ទៀត កាន់​គ្រឿង​ប្រដាប់​ស្ដេច​ធ្វើ​ពី​មាស និង​ប្រាក់ និង​គ្រឿង​លំអ​ទាំងអស់​សុទ្ធ​តែ​ជា​របស់​ប្លែកៗ។

ត​ពី​នោះ មាន​ស្រីៗ​មួយ​ពួក​ទៀត ដែល​ជា​រាជ​អង្គរក្ស​កាន់​លំពែង និង​ខែល។ ត​មក​ទៀត គឺ​រទេះ​ពពែ រទេះ​សេះ ដែល​សុទ្ធ​សឹង​តុបតែង​ដោយ​គ្រឿង​មាស។ ពួក​ក្សត្រ និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី សុទ្ធ​តែ​ជិះ​ដំរី ហើយ​មាន​ក្លស់​ជាង​១០០ លាប​ទឹក​មាស។ ចុង​ក្រោយ​បង្អស់ គឺ​ព្រះរាជា​ដែល​គង់​ឈរ​លើ​ដំរី ហើយ​ទ្រង់​កាន់​ព្រះ​ខ័ន។ ភ្លុក​ដំរី​នេះ សុទ្ធ​សឹង​តែ​ស្រោប​មាស​ដែរ។ ឯ​ក្លស់​បាំង​ព្រះរាជា មាន​ជាង​ម្ភៃ ជា​ក្លស់​ស​ចម្រុះ​ពណ៌​មាស ហើយ​មាន​ដង​ក៏​ស្រោប​មាស​ទៀត។ មាន​ដំរី​ដទៃ​ទៀត​ជាច្រើន ដើរ​អម​ដំណើរ​ព្រះអង្គ ហើយ​មាន​ទាហាន​ដទៃ​ទៀត​តាម​ការពារ​ព្រះអង្គ។ ជន​ណា​ដែល​ឃើញ​ព្រះរាជា ត្រូវ​តែ​លត់​ជង្គង់ ហើយ​ឱន​ក្បាល​ដល់​ដី។ ថ្វី​ត្បិត​តែ​ព្រះរាជា​សម័យ​អង្គរ​មាន​អំណាច​ទូលំទូលាយ ប៉ុន្តែ​ព្រះអង្គ​មិន​កាន់​អំណាច​ផ្តាច់​ការ​ទេ ព្រោះ​ព្រះអង្គ​ត្រូវ​គោរព​វិន័យ​វណ្ណៈ​ក្សត្រ គោរព​វិន័យ​សាសនា ពោល គឺ​ព្រះអង្គ​ត្រូវ​ប្រកប​ដោយ​ធម៌​ទសពិធ។ ឧទាហរណ៍​ជាក់ស្តែង សិលាចារឹក​ព្រះ​គោ​បាន​ពណ៌នា​ថា៖ ស្រី​ឥន្ទ្រ​វរ្ម័ន​ធ្វើ​អោយ​ប្រជារាស្ត្រ​សម្បូរ​សប្បាយ ដោយ​ការ​ប្រតិបត្តិ​នូវ​វិន័យ​ទាំង​បី​ប្រការ។

ចំពោះ​ប្រជារាស្ត្រ​វិញ ព្រះមហាក្សត្រ​តែង​មាន​ព្រះទ័យ​សន្តោស​ករុណា​ជានិច្ច។ ជាក់ស្តែង ប្រាសាទ​ទាំង​ឡាយ​ដែល​មាន​កំពូល​ព្រហ្ម​មុខ​បួន ជា​តំណាង​ព្រហ្ម​វិហារធម៌ ស្នា​ព្រះហស្ត​អមតៈ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ភស្តុតាង​ស្រាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ សិលាចារឹក​មន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ ជំងឺ​របស់​ប្រជារាស្ត្រ​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់ ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា គឺ​សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា​ទាំង​ឡាយ ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​នោះ។

ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ ដោយ​គោរព​ទៅ​តាម​បំណង​របស់​សាសនា​ផង និង​ក្នុង​គំនិត​គិត​ដល់​ការ​បង្កបង្កើនផល​កសិកម្ម​ផង បារាយណ៍ ឬ​អាង​ទឹក​ធំៗ​សម្បើមៗ ទំនប់​ប្រឡាយ ប្រព័ន្ធ​ជល​គតិ ក៏​បាន​ត្រូវ​ស្ថាបនា​ឡើង​ច្រើន​ព្រោងព្រាត ដែល​ជំរុញ​អោយ​សេដ្ឋកិច្ច​ជាតិ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ឯកសារ លោក ជីវ តាក្វាន់ បាន​បញ្ជាក់​ថា ខ្មែរ​នៅ​សម័យ​នោះ​អាច​ធ្វើ​ស្រែ​បាន​បី ឬ​បួន​ដង​ក្នុង​មួយ​ឆ្នាំ។ ហើយ លោក ហង្សរីស្ទែរឡាំង អ្នក​ឯកទេស​ជាតិ​ស្វីស ម្នាក់ បាន​គន់គូរ​ឃើញ​ថា នៅ​លើ​ផ្ទៃដី ១.០០០​គីឡូ​ម៉ែត្រ​ក្រឡា នៅ​តំបន់​អង្គរ គេ​អាច​ផលិត​ស្រូវ​ក្នុង​មួយ​ឆ្នាំ​បាន​ដល់​ទៅ មួយ​សែន​ប្រាំ​ម៉ឺន​តោន ដែល​អាច​ចិញ្ចឹម​ប្រជារាស្ត្រ​ដល់​ទៅ ប្រាំ​សែន​នាក់ ហើយ​សល់ ៤០% ទៀត អាច​នាំ​ទៅ​ផ្គត់ផ្គង់​តំបន់​ផ្សេងៗ​ទៀត​ផង។ គឺ​អាស្រ័យ​ដោយ​ការ​លូតលាស់​ខាង​សេដ្ឋកិច្ច​យ៉ាង​សម្បើម​នេះ​ហើយ ដែល​ជួយ​ជំរុញ​អោយ​ប្រជារាស្ត្រ​ចូលរួម​ដោយ​ជ្រះ​ថ្លា ក្នុង​ការ​កសាង​ប្រាសាទ​នានា ទាំង​ខាង​លទ្ធិ​ទេវរាជ ក៏​ដូច​ជា​ពុទ្ធ​រាជ ឬ​ជំនឿ​ផ្សេងៗ​ទៀត​នោះ។

ឯ​ខាង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​អប់រំ​សិក្សា​វិញ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដូច​មាន​សំណង់​ស្ថាបត្យកម្ម​ធំៗ រូប​ចម្លាក់​សិលាចារឹក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ តន្ត្រី​របាំ​ដ៏​ល្អ​ប្រណិត ជា​ភស្តុតាង​ស្រាប់។ នៅ​តាម​ប្រាសាទ​ធំៗ​ស្ទើរ​តែ​ទាំងអស់ មាន​បណ្ណាល័យ​សម្រាប់​តម្កល់​សៀវភៅ សាស្ត្រា​ឯកសារ​នានា។ នៅ​សម័យ​នោះ ខ្មែរ​មាន​មណ្ឌល​សិក្សា​ថ្នាក់​ឧត្តម ដូច​ជា ប្រាសាទ​ព្រះ​ខ័ន ឬ​ជ័យស្រី ឬ​មហាវិទ្យាល័យ​ជ័យស្រី ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​តែង​តាំង​ព្រះនាង​ឥន្ទ្រ​ទេវី ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ ដែល​ទ្រង់​ជ្រៅជ្រះ​ដោយ​ចំណេះ​វិជ្ជា អោយ​ជា​បរិនាយកាចារ្យ នៅ​ទីនោះ​ផង។

ប៉ុន្តែ​ភាព​រុងរឿង​នៃ​អារ្យធម៌​សម័យ​មហានគរ​នេះ បាន​ត្រូវ​វិបត្តិ​ទំនាស់​សាសនា ដែល​អូស​បន្លាយ​នៅ​ភាគ​ខាង​ចុង​សម័យ​នេះ រុញ​ច្រាន​ឲ្យបាក់​ស្រុត​ចុះ​រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ​រាជវង្ស នៃ​ព្រះរាជា​ខ្មែរ​ពី​វង្ស​វរ្ម័ន មក​វង្ស​ត្រសក់​ផ្អែម។ ហើយ​ទឹក​ដី​ខ្មែរ​ភាគ​ខាង​លិច ត្រូវ​បាន​បាត់​បង់​ជា​បន្តបន្ទាប់ រហូត​ដល់​ទីបំផុត រាជធានី​អង្គរ​ដ៏​រុងរឿង និង​ខ្លាំង​ពូកែ​នោះ ត្រូវ​ធ្លាក់​ចុះ​ក្នុង​កណ្ដាប់​ដៃ​ត្រួតត្រា​របស់​សៀម ឬ​ថៃ ដល់​ទៅ​ពីរ​ដង។ ហើយ​នៅ​ទី​អវសាន ក្រុង​អង្គរ​ត្រូវ​បោះ​បង់​ចោល​ជា​រៀង​រហូត ដោយ​ព្រះបាទ​ពញាយ៉ាត បាន​ប្ដូរ​មក​តាំង​រាជធានី​ថ្មី​នៅ​ទួលបាសាន ហើយ​មក​នៅ​ភ្នំពេញ​ចតុមុខ ក្នុង​ឆ្នាំ​១៤៣២ ឬ​ឆ្នាំ​១៤៣៤ នៃ​គ្រិស្ដសករាជ៕

ប្រភព៖ សៀវភៅប្រវត្តិសាស្រ្តខ្មែរ និង Rfa

បញ្ចេញមតិ