ល្អាងស្ពានសម័យថ្មរំលីង​ខេត្តបាត់ដំបង​ជា​ស្ថាននីយ​បុរេប្រវត្តិសាស្រ្ត​មាន​អាយុកាល​ចាស់​ជាងគេ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ល្អាងស្ពានសម័យថ្មរំលីង​ខេត្តបាត់ដំបង​ជា​ស្ថាននីយ​បុរេប្រវត្តិសាស្រ្ត​មាន​អាយុកាល​ចាស់​ជាងគេ ល្អាងស្ពានសម័យថ្មរំលីង​ខេត្តបាត់ដំបង​ជា​ស្ថាននីយ​បុរេប្រវត្តិសាស្រ្ត​មាន​អាយុកាល​ចាស់​ជាងគេ

អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ថា ល្អាងស្ពាន ជាស្ថានីយបុរេប្រវតិ្តសាស្ត្រ ដែលមានអាយុកាលចាស់ជាងគេបំផុត នៅក្នុងស្រុកខ្មែរ ដែលរហូតមកដល់ពេលនេះ ពុំមានស្ថានីយណាមួយ ដែលបង្ហាញពីភស្តុតាង នៃការតាំងទីលំនៅមានអាយុកាលចាស់ ជាងស្ថានីយល្អាងស្ពានឡើយ។

ស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ បានធ្វើកំណាយរកឃើញ លើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និង​ លោ ករ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវនេះបានអាក់ខានជាង ៤០ ឆ្នាំ លុះដល់​ឆ្នាំ ២០០៩ ទើបមានការសិក្សាស្រាវជ្រាវរកបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ ​រវាងក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃប្រទេសបារាំង ​ដោយមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ ។

ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញនូវ​វត្ថុ​បុរាណជាច្រើនដូចជា៖​ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និង កងដៃធ្វើអីថ្ម ឬ បន្តោង​ខ្សែ​ក​ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព ជាដើម ។

ការវិភាគទៅលើវត្ថុត្រូវបានរកឃើញ ពីកំណាយបានបង្ហាញថា ស្ថានីយល្អាងស្ពានមានមនុស្ស​រស់នៅពីឬបី​ដំ​ណាក់​​កាលផ្សេងគ្នាមកហើយ ។ សម័យថ្មបំបែកនេះ មានអាយុកាលប្រហែល ៧១ ០០០ ឆ្នាំ វប្បធម៌ហាវប៊ីនញៀន​មានអាយុចន្លោះពី ១១ ០០០ ដល់ ៥ ០០០ ឆ្នាំ និង ចុងក្រោយ គឺសម័យថ្មរំលីងមានអាយុប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសពនាសម័យនោះ ។

កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា (14c, OSL, U-Th)​ ទៅលើ​ស្រទាប់​ដី​​ផ្សេងៗ​គ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ ៥ ម៉ែត្រ ។ តែមកទល់ពេលនេះ ល្អាងស្ពាន​ជាស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគេបានរកឃើញដោយឧបករណ៍ថ្មី​ នៃវប្បធម៌ហាវ​ប៊ីន​ញៀន​ ច្រើ​នប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់ ។ផ្អែកលើកាលប្រវត្តិ បរិមាណ និង លក្ខណៈនៃ​ឧបករណ៍​​ថ្មី​ទាំងនោះ ជួយឱ្យយល់បានកាន់តែប្រសើរ ពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្ម វប្បធម៌ បរិស្ថាន និង បរិបទទូទៅនៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គម អ្នកបរបាញ់ និង ប្រមូលអនុ​ផល​ព្រៃឈើដទៃទៀត នៅតំបន់អាស៊ីអាគ្នេយ៍ នៅលើដីគោក ៕

ប្រភព៖ប្រជាប្រិយ

បញ្ចេញមតិ