អ្វីទៅដែលហៅថាជាស្រែវាល់ទ័ព?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
អ្វីទៅដែលហៅថាជាស្រែវាល់ទ័ព? អ្វីទៅដែលហៅថាជាស្រែវាល់ទ័ព?

ក្នុងដំណើរកំសាន្ដលើកនេះ យើងក៏បានជួបជាមួយមន្រ្ដីយោធា និង អ្នកស្រុកចាស់ទុំដទៃទៀត ដែលរស់នៅជាច្រើនជំនាន់មកហើយក្នុងតំបន់ប្រាសាទ បាកាន កំពង់ស្វាយ ។ យើងចាប់អារម្មណ៍ច្រើនឡើងៗអំពីជំនឿ និង សាច់រឿងនានាដែលត្រូវបានអ្នកស្រុកដំណាល និង ចងចំាតៗគ្នានៅក្នុងរាជធានីដ៏ធំសម្បើមមួយនេះ ។ ច្នោះហើយក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកសេចក្ដីដំណាលអំពីទីតំាង ស្រែវាល់ទ័ព ដែលតាមពិតទៅវាស្ថិតនៅជាន់គ្នាចំទីតំាងមួយឈ្មោះថា បឹងស្រែ ។ នេះបើយោងតាមផែនទីបុរាណវិទ្យា ។

ដោយរដូវនេះជារដូវវស្សា យើងមានការលំបាកនឹងធ្វើដំណើរទៅកាន់ទីនោះ ។ វាស្ថិតនៅឆៀងខាងជើងបន្ដិចពីកំពែងប្រាសាទធំកណ្ដាល ហើយពេលមន្រ្ដីយោធារុកព្រៃជូនយើងទៅ យើងបានជួបប្រាសាទមួយសិន មុនសម្លឹងទំាងលំបាកទៅកាន់ចំណុច ទីតំាងបឹងស្រែ និង កន្លែងជាប់ៗគ្នាដទៃទៀត ដែលអ្នកស្រុកខ្លះបានសន្មតថា សុទ្ធតែជាទីតាំងនៃ ស្រែវាល់ទ័ពទំាងអស់ ។ ប្រាសាទបឹងស្រែខាងលិចគឺជាប្រាសាទមួយស្ថិតនៅទីតំាងបឹងស្រែ ដូចដែលខ្ញុំបានរៀបរាប់ជូនខាងលើ ។ វាហាក់ដូចជាប្រាសាទទោល តែក៏ពិបាកកំណត់ដោយសារតែស្មៅខ្ពស់ក្រាស់ៗ និង ទឹកលិចលំបាកនឹងពិនិត្យអោយបានដិតដល់ ។ ជាប្រាសាទដែលសាងពីថ្មបាយក្រៀម និង បានរលុះរលំតាមរបៀបដ៏ចម្លែកមួយគឺដូចជាគេយកកំាបិតទៅចិតៗដូច្នោះដែរ ។

អ្វីទៅដែលហៅថាជាស្រែវាល់ទ័ព? ទោះបីជាន័យនេះ បានដាក់ការសង្ស័យទៅលើរបៀបពន្យល់ជាច្រើនក្ដី តែចំណុចសំខាន់គឺគេបានគឹតថា ទីតំាងនេះជាដីស្រែមានផ្ទៃរាប ស្មើល្អ មានទំហំធំតូច ងាយដាក់តម្រៀបកងទ័ព ។ បើក្រឡេកមើលលើផែនទីបុរាណវិទ្យា យើងងាយយល់ពីអ្វីដែលគេនិទានប្រាប់យើង គឺថា៖ ទី តំាងបឹងស្រែ គឺជាទីកន្លែងតម្រៀបទ័ពប្រយុទ្ធ ដែលអាចផ្ទុកដល់ខ្ទង់ពាន់នាក់ ។ រីឯទីតំាងតូចជាងនេះដទៃទៀតដែលនៅសងខាងប្រាសាទបឹងស្រែខាងលិច ក៏សុទ្ធតែអាចតម្រៀបកងទ័ពបានដូចគ្នា តែអាចជាទ័ពសម្រាប់ស្លាបឆ្វេងឬស្ដំា ជាទ័ពភស្ដភារជាទ័ពពេទ្យជាទ័ពត្រែ ជាទ័ពបម្រុង។ ល ។ គឺមានន័យថាគេ តម្រៀបបំពេញគ្រប់ស្រែទំាងអស់មុននឹងចេញទៅទឹសរណសិរ្សប្រយុទ្ធណាមួយ ។ ចំណែកប្រាសាទ បឹងស្រែខាងលិច វាពិតណាស់ថា ជាទីតំាងនៃទីបញ្ជាការកងទ័ព ដែលងាយពិនិត្យមើលក្បួនទ័ព ។បើតាមការត្រិះរិះរបស់លោក បណ្ឌិត មីសែលត្រាណេ វិញ លោកមើលឃើញពីរបៀបដែលមេទ័ពខ្មែរនាសម័យ ជ័យវរ្ម័នទី៧ លោកបានប្រើប្រាស់ទីនេះសម្រប់ចម្បំាងជាមួយនគរចម្ប៉ា ថាជារបៀបកំណត់ចំនួនបុរាណមួយដែលអាចលើសពីអ្វីដែលយើងកំពុងគិតតាមរបៀបសាមញ្ញៗនេះទៅទៀត ។ លោកក៏ធ្លាប់គឹតថា ទីនេះក៏អាចប្រើជាទីកន្លែងដែលមានប្រយោជន៏ច្រើនជាងនេះក៏ថាបាន ។ សូមជម្រាបសារជាថ្មីថា នេះជាការដំណាលតៗគ្នាតែប៉ុណ្ណោះ ។

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ