ដើមកំណើតប្រាសាទខ្មែរដំបូង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ដើមកំណើតប្រាសាទខ្មែរដំបូង ដើមកំណើតប្រាសាទខ្មែរដំបូង

ប្រាសាទខ្មែរនៅដើមសម័យសតវត្សទី១នៃគ្រិស្ដសករាជដែលបានទទួលនូវឥទ្ធិពល ឥណ្ឌាគឺជាទេវល័យ។ ដូច្នេះហើយបានជានៅតាមទេវល័យទាំងនោះមានការតម្កល់នូវរូបសំណាក់ព្រះអាទិទេពបែបព្រាហ្មណ៍និយម គ្រប់ប្រភេទដើម្បីទុកជាទីគោរពសក្ការៈបូជា។ ក្នុងន័យនេះជានិច្ចកាលក្នុង ប្រវត្តិសាស្ត្រខេមរជាតិការតំណាង ទេវរូប តាមរយៈវត្ថុសិល្បៈរមែងតែមានការ ប្រាស្រ័យទាក់ទងជាមួយវិស័យស្ថាបត្យកម្ម ប្រាង្គ ប្រាសាទតូច – ធំ ទាំងនោះយ៉ាង ប្រាកដដែលសាងសង់ឡើងសម្រាប់មូលហេតុសាសនា។

វត្ដមានប្រាង្គប្រាសាទខ្មែរត្រូវបានបញ្ជាក់តាមរយៈសិលាចារឹកនាសម័យនគរភ្នំនៅចុងសតវត្សរ៍ ទី ៥ ដូចករណីសិលាចារឹកនៃប្រាសាទអ្នកតាដំបងដែក ស្ថិតនៅខេត្តតាកែវ ជាសក្ខីភាពស្រាប់ ។ ម្យ៉ាងវិញទៀតក៏មានការបញ្ជាក់តាមរយៈគ្រឿងតុបតែងប្រាសាទដែរ ដូចជាសសរពេជ្រចំរឹងបង្អួចឈើជាដើម ដែលបានសេសសល់រហូតដល់សព្វថ្ងៃដែរ។ តាមសិលាចារឹក នៃ ប្រាសាទខាងលើ បញ្ជាក់ថាមុន ព្រះបាទរុទ្រវរ្ម័នចូលទិវង្គត ព្រះនាងកុលប្រភាវតីដែល ត្រូវជាព្រះរាជអគ្គមហេសី បានសាងសង់ ទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុមួយព្រះអង្គដែលធ្វើអំពីមាសសុទ្ធ ព្រមទាំងលំនៅដ្ឋានសម្រាប់សាធារណជនថែមទៀតផង ។

លុះចំណេរតរៀងមកពោលគឺ ចាប់តាំងពី ឆ្នាំ ៥១០ នៃគ្រិស្ដសករាជ គេក៏ឃើញមានសិលាចារឹកចារពីព្រះរាជបុត្ររបស់ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន និង ព្រះរាជនីកុលប្រភាវតី នៅ ប្រាសាទប្រាំល្វែង ដែលសព្វថ្ងៃ ប្រាសាទនេះស្ថិតនៅក្នុង ទឹកដីកម្ពុជាក្រោម ពិពណ៌នាអំពីវត្តមាននៃមូលនិធិសាសនាដែរ។ រីឯ ប្រទេស លាវ ឯណោះ វិញមុននេះបន្ដិច ពោលគឺ នៅពាក់កណ្ដាល ដល់ចុងសតវត្សទី៥ យើក៏ដឹងថា ព្រះទេវានិក មហារាជធិរាជ ដែលបានចារ សិលាចារឹកមួយនៅទីក្រុង ស្រេដ្ឋបុរៈស្ថិតនៅប្រាសាទវត្តភូក្នុងខេត្តចម្ប៉ាសាក់ប្រទេសលាវសព្វថ្ងៃ ទ្រង់បានស្ថាបនានូវមូលនិធិសាសនាមួយចំនួនផងដែរ។ បើតាមការសង្កេតហេតុការណ៍ដូចពណ៌នា ខាងលើ រួចមកឃើញថា ក្នុងដែនដីសណ្ដ កម្ពុជាក្រោម និង នៅខេត្តតាកែវក៏ដូចម្ដុំចម្ប៉ាសាក់នៅភូមិភាគ ខាងត្បូង និង តាមជន្លងទន្លេ ចៅប្រាយ៉ាមេណាម ក្នុងទឹកដី ប្រទេសថៃបច្ចុប្បន្ន ក៏មានភស្តុតាងសំខាន់ៗ ជាច្រើន ស្ដីពីវត្តមានរបស់ ប្រាសាទខ្មែរនាសម័យមុនអង្គរដែរ។ ថ្វីបើសំណង់ស្ថាបត្យកម្មទាំងអស់នោះ ត្រូវបានខូចខាតបាត់បង់ស្ទើរតែទាំងអស់ ទៅហើយដោយគ្រាន់តែបានបន្សល់ត្រឹមតែគ្រឹះតែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបានប្រតិស្ឋានឡើងសម្រាប់ តម្កល់ទេវរូប ជាទីគោរពសក្ការៈ។ ដូច្នេះទេវស្ថានទាំងនោះគឺជាភស្តុតាង នៃ ឧត្តមភាពខាងវិស័យសាសនា សីលធម៌ សង្គម យ៉ាងខ្ពង់ខ្ពស់បំផុតក្នុងអតីតកាលដ៏យូរលង់ ។

ជារួមយើងអាចនិយាយបានថា ប្រាសាទ ក៏ដូចជាចម្លាក់ទេវរូប ជាដើមបានដើរតួនាទីយ៉ាង សំខាន់ក្នុង សហគមន៍ខ្មែរនាសម័យនគរភ្នំ ព្រោះថាបូជនីយដ្ឋាន ទាំងនោះ គឺជាសញ្ញាកំណត់ចំណាស់នៃខឿនវប្បធម៌ខ្មែរដោយឡែកខាងវិស័យ សិល្បៈ ស្ថាបត្យកម្មដែលបានចាក់ ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមនាជំនាន់ នោះជាពិសេស ប្រពៃណី ទំនៀមទម្លាប់ តាមសម័យកាល ផ្សេងៗគ្នាពីសម័យបុរេអង្គរដ៏មហារុងរឿងរហូតមកដល់សម័យអង្គរយ៉ាងជាក់ច្បាស់។ ជាព័ត៌មានសូមរំលឹកថា ព្រះចេតិយតូច – ធំ ធ្វើអំពី ស៊ីម៉ង់ត៍នៅតាមវត្ត អារាម ខ្មែរ ឬ តាម ខេត្តនានាក៏ដូចជាសំណង់វិមានឯករាជ្យ នៅ ទីក្រុង ភ្នំពេញដែលជាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណជាដើម គឺជាការកែច្នៃ ប្រាង្គ ប្រាសាទបុរាណ ខ្មែរ សុទ្ធសាធ ។ ចំណុចនេះក៏បាននាំ ឲ្យបុរាណវិទូ មើលឃើញថា ដើមហេតុដែលនាំឲ្យមានការកសាង ស្ថាបត្យកម្ម ប្រាង្គ ប្រាសាទ ដំបូងបង្អស់ ទាំងនោះតាមលំនាំ ឥណ្ឌា គឺ បណ្ដាលមកពីឧត្តមគតិរបស់ អ្នកសាងសង់ ។ សូមកុំភ្លេចថាស្ថាបត្យកម្មខ្មែរ កើតចេញពីមូលដ្ឋានសាសនា ហើយប្រកបដោយលក្ខណៈពិសិដ្ឋ ធ្វើឡើងតាមក្រិត្យក្រមដោយមានផែនការជាក់ច្បាស់ដែលគេបានគ្រោងទុកជាមុន។

តាមពិតទៅបញ្ហានេះ មិនពិបាកយល់ទេ ដោយហេតុថា ជានិច្ចកាលវិស័យស្ថាបត្យកម្មបុរាណរមែងតែងផ្សាភ្ជាប់ជាមួយសាសនាឬក៏ទំនៀមទម្លាប់ ប្រជាប្រិយបែបព្រាហ្មណ៍និយម ។ ជាងនេះទៅទៀត ការរកឃើញ នូវចិញ្ចៀនស្ពាន់ និងសំណ បែបឧបកិច្ចនិយមមួយចំនួនដែលលំអ ដោយក្បាច់ក្បូរជារូប ប្រាសាទតូចពាក់នៅលើម្រាមដៃរវាងសតវត្សទី៣និងទី៤នៃគ្រិស្ដសករាជ ក៏ស្ថិតក្នុងបរិបទនេះដែរ ។ កុំភ្លេចថាប្រាសាទតូចៗទាំងនោះ គឺពិតជាតំណាង ឲ្យទេវស្ថាន នៅ វ្យាធបុរៈ ឬ ទីក្រុង អង្គរបុរី ជារួម និងប្រាសាទភ្នំដា ដោយឡែកដែល សាសនិកជន បានមកទស្សនា បន់ស្រន់ ឬសំពះ ព្រះអាទិទេព ដ៏មានមហិទ្ធិឫទ្ធិ ។ ចិញ្ចៀនទាំងនោះដែលជាវត្ថុសិល្បៈ ទាំងនោះគឺជាវត្ថុអនុស្សាវរីយ៍ ក៏មែនពិត តែវាក៏ជាវត្ថុពិសិដ្ឋសម្រាប់ការពារ ខ្លួនប្រាណរបស់សាសនិកជននាសម័យបុរាណផងដែរ ។ គេអាចនិយាយបានថា ប្រវត្តិនៃស្ថាបត្យកម្មខ្មែរបានផ្ដើមឡើងនៅសម័យនគរភ្នំឬហ្វូណន( តាមភាសាចិន ) យ៉ាងហោចណាស់ក៏ក្នុងរជ្ជកាលរបស់ព្រះបាទទេវានិក: ព្រះបាទរុទ្រវរ្ម័ន និង ព្រះបាទស្រីមហេន្ទ្រវរ្ម័ន។

សរុបសេចក្ដីមកគឺ ប្រាសាទឥដ្ឋ តូចៗនាសម័យនគរភ្នំនេះហើយដែលត្រូវបានស្ថាបនាឡើងសម្រាប់មូលហេតុសាសនាក្នុងតំបន់នៃដែនដីសណ្ដផ្នែកខាងក្រោមនៃដងទន្លេមេគង្គក៏ដូចនៅខាងលើដងទន្លេនេះដែរ ដែលសព្វថ្ងៃស្ថិតក្នុងភូមិភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាពិសេស នៅក្នុងខេត្តតាកែវ និង ខេត្តកំពត។ តំបន់ទាំងនោះដោយសារស្ថិតក្រោមឥទ្ធិពល នយោបាយ ឬ វប្បធម៌របស់ឥណ្ឌាក៏បានសង់ឡើងនូវប្រាង្គប្រាសាទដំបូងបង្អស់ ដែលជា ប្រភពនៃប្រាសាទសម័យចេនឡារបស់ជាតិខ្មែរ ។ សូមជម្រាបថា ដូចនេះស្ថាបត្យកម្ម ខ្មែរ ដែលមានកំណើតពី ឥណ្ឌាពុំមែនត្រូវបានបង្កើតឡើង នៅចុងសតវត្សទី៦ដើម សតវត្សរ៍ ទី ៧ នោះទេ ទោះបីជាសំណង់សាសនាទាំងនោះពុំបាននៅគង់វង្ស ឬក៏រក្សាបានលក្ខណៈដើមទាំងស្រុងក៏ដោយ បើយោងលើទិន្នន័យខាងបុរាណវិទ្យាខាងលើ។ ដោយមានសេចក្ដីពិស្ដារដូចខាងលើទើប យើងអាចនិយាយបានថា វប្បធម៌ អូរកែវ នៅ ប្រទេស យៀកណាម និង អ៊ូថងនៅថៃ ព្រមទាំងវប្បធម៌ អង្គរបុរី នៅកម្ពុជា បច្ចុប្បន្ន មានបែកធាង តែមួយគឺ វប្បធម៌ នគរ ភ្នំ ដែលដូនតា ខ្មែរ បានបង្កើតហើយបន្សល់ទុកក្នុងអំឡុងដើមសម័យ ប្រវត្តិសាស្ត្រ ។

អាស្រ័យលើហេតុផលខាងលើនេះទើប យើងសម្គាល់ថា ស្ថាបត្យកម្ម ប្រាង្គ ប្រាសាទ ផ្ដិត ជាប់ នឹងសិលាចារឹក ប្រវត្តិសាស្ត្រខ្មែរ គឺជាប្រភពនៃ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរ ។ ដើម្បី សម្រេចនូវសមិទ្ធផល សង្គមសាសនា ទាំងនេះ បុព្វបុរស ខ្មែរ នាសម័យនគរ ភ្នំ បាននិយម ប្រើប្រាស់ ឥដ្ឋ ថ្ម និង ឈើ ក្នុងការអនុវត្តន៍សាងសង់ ។ ប៉ុន្ដែប្រាសាទ ប្រភេទឥដ្ឋគួបផ្សំ នឹង គ្រឿង តុបតែង ធ្វើ អំពីឈើពុំបានស្ថិតស្ថេរគង់វង្សរហូតដល់ សព្វថ្ងៃ ឡើយ ។ ចំណុចសំខាន់បំផុតមួយទៀត ត្រូវចងចាំ គឺថា ព្រះរាជា ខ្មែរនាសម័យបុរាណរមែង តែងយកព្រះទ័យ ទុកដាក់ជួបឧបត្ថម្ភពេញព្រះកាយនូវ មូលនិធិ សាសនា ទាំងនោះ និង ជួនកាលទ្រង់ក៏បានសាងសង់ដោយបរិច្ចាគនូវព្រះរាជទ្រព្យផ្ទាល់តែម្ដង ក្នុងឋានៈទ្រង់ជាមេសាសនា។ ឧទាហរណ៍ ជាក់ស្តែងពាក់ព័ន្ធទៅ និង ប្រាសាទខ្មែរ ដំបូងបង្អស់សាងសង់ អំពីឥដ្ឋនាសម័យនគរភ្នំគឺ ប្រាសាទវ៉ូកាញនៅកម្ពុជាក្រោមដែលនៅសល់តែគំនរឥដ្ឋ ប៉ុណ្ណោះ ហើយគឺ នៅលើទីតាំង ប្រាសាទនេះហើយ ផ្ទាំងសិលាចារឹក វ៉ូ កាញ ជាភាសាសំស្ក្រឹត ត្រូវបានជួបប្រទះ ។

សូមជម្រាបថាការស្រាវជ្រាវចុងក្រោយបង្អស់របស់ អ្នកប្រាជ្ញ ខាងសិលាចារឹក គឺ លោក ភីល្លីយ៉ូហ្សាត៍ ខ្លឹមសារ នៃ ផ្ទាំងសិលាចារឹកដ៏សំខាន់នេះ ត្រូវបានចារ ឡើង ដោយព្រះបាទ មារញ្ញ មិនមែន ” មារ ” ឬ ” មារា ” នោះទេ ដែលជាគោរម្យងាររបស់ ព្រះមហាក្សត្រ ខ្សែស្រឡាយ តាមូល នៅ ប្រទេស ឥណ្ឌា ខាងត្បូងទាក់ទិនទៅ និង ព្រហ្មញ្ញសាសនា ពោលគឺមិនមែន ព្រះពុទ្ធសាសនា ទេ ដែលគេបានគិតដោយភ័ន្តច្រឡំពីមុនមក ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា យើង ដែលបានចាក់ឫសកែវយ៉ាងជ្រៅក្នុងលទ្ធិព្រហ្មញ្ញសាសនាបានទទួលឥទ្ធិពល ស្ថាបត្យកម្មមកពី ប្រទេស ឥណ្ឌា ជាពិសេស តំបន់ក្នុងភូមិភាគខាងត្បូង និងខាងជើងនៃ ប្រទេសនេះ ។ ដូច្នេះហើយ បានជាបណ្ដា ប្រាសាទ គ្រប់ ប្រភេទ នា សម័យនោះសឹងមានទម្រង់ តែមួយដូចនៅ ប្រទេស ឥណ្ឌាអញ្ចឹងដែរ ក៏ប៉ុន្តែមិនមែនជាការចម្លងចេញពីប្រាសាទឥណ្ឌាឡើយ។

បើនិយាយម្យ៉ាងទៀត ទោះជាមិនសូវ បានធំខាងទំហំ ឬ បរិមាណខាងក្បាច់ក្បូររចនាតែប្រាសាទ បុរេអង្គរនាសម័យនគរភ្នំទាំងនោះ ដែលសុទ្ធតែ ត្រូវបាន កសាងឡើងតាមបទបញ្ញាតិនៃសំណុំសោភណ្ឌភាព និងតាមរូបមន្តដែលមានក្នុងលោកធាតុវិទ្យាឥណ្ឌា សម្រាប់ ទ្រទ្រង់ វិស័យ សីលធម៌ សង្គម ពិតជាមាន សភាព ស្រដៀង នឹង ប្រាសាទ នៅ ឥណ្ឌា ដែរ ដោយមូលហេតុ ប្រវត្តិសាស្ត្រ។ ក៏ប៉ុន្តែ សំណងស្ថាបត្យកម្មសក្ការៈទាំងនោះ គឺជាការបង្កើតថ្មីមួយរបស់ពូជសាសន៍ខ្មែរ ប្រកបដោយទេពកោសល្យខ្ពស់ ពោលគឺ មិនមែនជាការចម្លងរូបមន្តឥណ្ឌាសុទ្ធសាធនោះទេ៕

ប្រភព៖ត្រា ណេ

បញ្ចេញមតិ