តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិរបស់សេនាប្រមុខ លន់ នល់??(ភាគ២)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិរបស់សេនាប្រមុខ លន់ នល់??(ភាគ២) តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិរបស់សេនាប្រមុខ លន់ នល់??(ភាគ២)

ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ឧត្តមសេនីយ៍ឯក លន់ នល់ បានបិទកំពង់ផែព្រះសីហនុ លែងឲ្យដឹកជញ្ជូនអាវុធយុទ្ធភ័ណ្ឌពីប្រទេសចិន ដោយលួចលាក់យកទៅឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង ដូចមុនៗទៀត។ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ បើពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុ បានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលមហាអមណាចទាំងពីរនេះដាក់គំនៀបលើក្រុងហាណូយ(វៀតណាមខាងជើង) និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង យួនខាងជើង ឱ្យដកកងទ័ពខ្លួនចេញពីទឹកខ្មែរវិញ ។ដោយសំអាងលើសេចក្តីប្រកាសរបស់ព្រះអង្គនេះ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ លន់ នល់ មានគោលដៅតែមួយ ពោលគឺទាមទារឲ្យកងទ័ពវៀតណាមខាងជើង និងវៀតកុង ចាកចេញពីទឹកដីកម្ពុជា ដូចគ្នា ។

ថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ១៩៧០ នៅខេត្តស្វាយរៀង មានការបំផុសឲ្យប្រជារាស្រ្តធ្វើបាតុកម្មបណ្ដេញកងទ័ពវៀតកុង វៀតណាមខាងជើង ដែលបោះទីតាំងនៅលើទឹកដីខេត្តនេះ។ ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ១៩៧០សិស្សនិស្សិតនិងប្រជារាស្រ្តនៅក្រុងភ្នំពេញ នាំគ្នាធ្វើបាតុកម្មវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង។ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះរកមុខអ្នកលក់ទឹកដីឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង។ ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលពេលនោះជាឧបនាយករដ្ឋមន្រ្តីទី១ ទទួលបន្ទុកមហាផ្ទៃ អប់រំ និងសម្របសម្រួលកិច្ចការសាសនា សណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ បានចាក់កាសែតដែលគេលួចថតពេលសម្តេចនរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំមួយ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលបានរៀបចំឲ្យមានបាតុកម្មហិង្សាវាយកម្ទេចស្ថានទូតវៀតកុង វៀតណាមខាងជើង ខុសនឹងច្បាប់អន្តរជាតិ ។

ព្រះអង្គហៅពួកនេះថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថាសម្រេចចិត្តយ៉ាងណានៅឡើយទេ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ក៍មិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបទ្រង់នៅចាំមើលការឈានមួយជំហានមុនរបស់នាយករដ្ឋមន្ត្រី លន់ នល់ ដែលជាជំហានចុងក្រោយ ដើម្បីទម្លាក់សីហនុ ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត ឱ្យនរណាម្នាក់ប៉ះពាល់ដល់សម្តេចសីហនុ ជាប្រមុខរដ្ឋនោះនៅឡើយ ។ប្រភពមួយដែលគួរឲ្យជឿទុកចិត្តបាន បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ វីរសេនីយ៍ត្រីលន់ ណុន ជាប្អូនរបស់ឧត្តមសេនីយ៍ឯក លន់ នល់ អមដោយ ហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បាននាំគ្នាធ្វើដំណើរទៅភូមិគ្រឹះរបស់ លន់ នល់ ទាំងកណ្ដាលអធ្រាត្រ ។

បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមក លន់ ណុន ជាប្អូនបានសម្រេចចិត្តដាស់នាយករដ្ឋមន្ត្រី លន់ នល់ ជាបង ហើយប្រាប់ថា៖ “ លោកបង! ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ សញ្ជឹងគិតមួយសន្ទុះ លន់ នល់ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បាននាំគ្នាចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ។ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។

យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាសបែបនេះ ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ប៉ុន្តែដំណើរនៃការបង្កើតរបបសាធារណរដ្ឋនេះ ត្រូវបាន រាំងខ្ទប់ដោយព្រះអង្គម្ចាស់សិរិមតៈ ទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យថាច់ ជា (ដើមកំណើតខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើមហាព្យុហយាត្រាមហាសាមគ្គីជាតិដ៏ធំមួយ “ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ ដោយមាននាយករដ្ឋមន្ត្រី លន់ នល់ និងអង្គម្ចាស់សិរិមតៈ ជាអធិបតី ។

មហាព្យុហយាត្រាមហាសាមគ្គីជាតិនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យលន់ នល់ បង្កើតរបបសាធារណរដ្ឋ ឲ្យបានឆាប់។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សជំនិតរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់ បានលើកហេតុផលថា ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាបើប្រកាសរបបសាធារណរដ្ឋនៅពេលនេះ នឹងធ្វើឱ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះនៅលើឆាកអន្តរជាតិ និងធ្វើឱ្យចុះខ្សោយរបបនេះ នៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិ ឆាប់ៗខាងមុខនេះ។នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ លន់ នល់ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។ ទោះបីជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណា ក៏នៅទីបំផុតថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។

ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧១ លន់ នល់ត្រូវស្លាប់មួយចំហៀងខ្លួន និងត្រូវបញ្ជូនទៅព្យាបាលនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧១ រដ្ឋាភិបាលស្រោចស្រង់ជាតិត្រូវប្រកាសរំសាយ ឧត្តមសេនីយ៍ឯក លន់ នល់ ត្រូវបានតម្លើងថានន្តរសក្កិ ជាសេនាប្រមុខ ។ ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១ រដ្ឋាភិបាលថ្មីនៃរបបសាធារណរដ្ឋខ្មែរ ត្រូវបានបង្កើតឡើយ ដោយមានសេនាប្រមុខ លន់ នល់ ជានាយករដ្ឋមន្រ្តី និងព្រះអង្គម្ចាស់ សិរិមតៈ ជានាយករដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការពារជាតិ។ជាអកុសល របបសាធារណរដ្ឋខែ្មររបស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយ ហើយសម្ភារៈសិក ដែលជាជំនួយរបស់អាមេរិក មិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ។

កងទ័ពរបស់លន់ នល់ ដែលគ្មានបទពិសោធ និងពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់នោះ ត្រូវកងទ័ពកុម្មុយនិស្តវៀតកុង វៀតណាមខាងជើង និងខ្មែរក្រហម វាយបំបាក់ជាបន្តបន្ទាប់ នៅទីបំផុត ទឹកដីត្រួតត្រារបស់របបសាធារណរដ្ឋខ្មែរ នៅសល់តែក្រុងភ្នំពេញ និងទីរួមខេត្តមួយចំនួនប៉ុណ្ណោះ។ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វ័រញ៉ា។ សេនាប្រមុខលន់ នល់ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕

ប្រភព៖ Khmer Home Sharing

បញ្ចេញមតិ
ស្លាក