តើលោក ចេក ម៉ា មហាសេដ្ឋីស្រុកចិននិយាយអ្វីខ្លះពីប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ?

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
តើលោក ចេក ម៉ា មហាសេដ្ឋីស្រុកចិននិយាយអ្វីខ្លះពីប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ? តើលោក ចេក ម៉ា មហាសេដ្ឋីស្រុកចិននិយាយអ្វីខ្លះពីប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ?

ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរមិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ បុគ្គលល្បីៗក្នុងលោក រួមនឹង​អ្នក​មានៗលំដាប់ពិភពលោកច្រើនរូបក៏ទាក់ចិត្តមិនខកខានក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុក​ជា​ថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញ​ទស្សនកិច្ច​ពេញមួយថ្ងៃនៅប្រាសាទនានាក្នុងតំបន់អង្គរ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក ចេក ម៉ា ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក ចេក ម៉ា ជាមនុស្សសុភាពគួរឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោក​បានបង្ហាញ​នូវការ​គោរពផ្តល់តម្លៃ​យ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។

ឯកឧត្តមបន្តថា តាមការបញ្ជាក់របស់លោក ចេក ម៉ា លោកពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរ​នូវការ​គ្រប់គ្រង​រមណីយដ្ឋានអង្គរប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក បញ្ជាក់ថា លោកនឹងមកកាន់​រមណីយដ្ឋានអង្គរនា​ឱកាសក្រោយ​ទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។

ឯកឧត្តមជឿជាក់ថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោក​ក្នុងការមកទស្សនា​រមណីយ​ដ្ឋាន​អង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋាន​អង្គរកាន់តែច្រើនឡើងៗ​ជារៀងរាល់ឆ្នាំបន្ថែមទៀត៕ អត្ថបទពី ទំព័រហ្វេសបុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

បញ្ចេញមតិ