កណ្ដៀវត្រកង ឬកណ្ដៀវលំពាស់

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
កណ្ដៀវត្រកង ឬកណ្ដៀវលំពាស់ កណ្ដៀវត្រកង ឬកណ្ដៀវលំពាស់

កម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេសកសិកម្មមួយ ដែលមានប្រជាជនភាគច្រើនជាកសិករធ្វើស្រែចម្ការ។ នៅក្នុងសម័យបុរាណមក ដោយ​គ្មានគ្រឿងចក្រ និងឧបករណ៍ទំនើបៗសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មដូចបច្ចុប្បន្ននេះ ទើបដូនតាខ្មែរបាន​បង្កើតនូវ​ឧបករណ៍​ជាច្រើនប្រភេទ ដើម្បីប្រើប្រាស់សម្រាប់ការងារស្រែចម្ការរបស់ពួកគាត់។

គ្រាន់តែនៅក្នុងការធ្វើស្រែមួយ ឧបករណ៍ជាច្រើនត្រូវបានបង្កើតឡើងចាប់តាំងការកាប់គាស់ភ្ជួលរាស់ដី រហូតដល់ពេលប្រមូលផល។ ដូច្នេះដើម្បីជាការរំលឹក ក៏ដូចជាចង់ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានឃើញនូវឧបករណ៍នានា​ដែលដូនតាយើង​ជំនាន់មុន​បាន​ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការងារស្រែចម្ការ នៅពេលនេះយើងខ្ញុំសូមលើកយកឧបករណ៍មួយប្រភេទដែលមានឈ្មោះថា កណ្ដៀវត្រកង ឬកណ្ដៀវលំពាស់ ។

កណ្ដៀវត្រកង ឬកណ្ដៀវលំពាស់ រួមនឹងកណ្ដៀវចំនួនពីរប្រភេទទៀតគឺ កណ្ដៀវខ្វាង និងកណ្ដៀវតូចដងខ្លី គឺជាឧបករណ៍​មួយប្រភេទ​ដែល​ប្រជាកសិករ​សម័យ​បុរាណ​ប្រើប្រាស់​សម្រាប់ការ​ច្រូត​កាត់ ដែលជាទូទៅគឺនៅពេលប្រមូលផលស្រូវទុំ។ ចំពោះរូបសណ្ឋាន​នៃផ្លែ​កណ្ដៀវទាំងបីប្រភេទមានលក្ខណៈស្រដៀងៗគ្នាក៏ពិតមែន ប៉ុន្តែយើងឃើញថាកណ្ដៀវត្រកង ឬកណ្ដៀវលំពាស់​មានលក្ខណៈ​ពិសេស​ជាងគេ ដោយវាមានស្លាបរាងខុបដូចស្នែងក្របី ដែលផ្លែចង្កំស្លាបនេះប្រើសម្រាប់ត្រកងដើមស្រូវដែលផ្ដេកផ្ដួលនឹងដី និង​ដង​កាន់​ដើម្បី​ច្រូត​កាត់។

កណ្ដៀវ គឺជាឧបករណ៍ប្រើប្រាស់មួយដែលមានរាងតូច ស្រាល ងាយស្រួលប្រើ និងយកតាមខ្លួន។ ចំពោះកណ្ដៀវត្រកង គេឃើញ​មានធ្វើ​ពីមែកឈើរាងតូចល្មម ដែលភាគច្រើនគឺដើមអំពិលទឹក ដោយមានការរចនាជាក្បាច់ចម្លាក់លម្អផ្សេងៗផងដែរ។ ប៉ុន្តែគួរឲ្យ​ស្ដាយដែល​កណ្ដៀវប្រភេទនេះរួមនឹងឧបករណ៍ប្រើប្រាស់នៅសម័យមុនជាច្រើនទៀតស្ទើរតែបាត់បង់ និងឈប់ប្រើប្រាស់នៅសម័យបច្ចេកវិទ្យានេះ ដែលធ្វើឲ្យកូនខ្មែរជំនាន់ៗក្រោយលែងបានស្គាល់។

សូមបញ្ជាក់ផងដែរថារូបសំណាកនាគរាជសន្តិភាព ដែលសាងសង់ឡើងពីកាកសំណល់អាវុធ​ដែលបានត្រូវកម្ទេច​ក្នុងអំឡុងពេល​បញ្ចប់​សង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ នៅខេត្តបាត់ដំបងក៏បានរចនាឡើងមានទម្រង់ជារាងកណ្ដៀងត្រកងនេះ ដោយមាន​រចនាបទមួយបូកផ្សំ​រវាងសត្វនាគ ដែលតំណាងឱ្យប្រភពទឹកសម្រាប់ស្រោចស្រព និង កណ្ដៀវ ដែលតំណាងឲ្យការសម្បូរហូរហៀរនៃដំណាំស្រូវ។

អត្ថបទដោយ៖ ទី​ សារឿន

បញ្ចេញមតិ