ឆ្ងល់ទេថា!!ហេតុ​អ្វីវនបានជា​ខ្មែរ​យើង​ហៅ​ថា​នំបញ្ចុក?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ឆ្ងល់ទេថា!!ហេតុ​អ្វីវនបានជា​ខ្មែរ​យើង​ហៅ​ថា​នំបញ្ចុក? ឆ្ងល់ទេថា!!ហេតុ​អ្វីវនបានជា​ខ្មែរ​យើង​ហៅ​ថា​នំបញ្ចុក?

ប្រិយ​មិត្ត​ពិត​ជា​ធ្លាប់​ពិសា​ហើយ​នូវ​ប្រភេទ​នំម្យ៉ាង​ឈ្មោះ​ថា នំ​បញ្ចុក ហើយក៏​អាច​ថា​ញ៉ាំញឹក​ញាប់​ទៀត​ផង តើ​ប្រិយ​មិត្ត​ធ្លាប់​បាន​ស្តាប់​រឿង​ព្រេង​ទាក់​ទង​នឹង​នំ​បញ្ចុក​ដែរ ឬទេ? ហេតុ​អ្វី​ខ្មែរ​យើង​ហៅ​ថា​នំបញ្ចុក? ការ​ហៅ​ឈ្មោះ​នំ តាម​បវេណី​រស់​នៅ៖ នំបញ្ចុក​មាន​ឈ្មោះ​ដើម​ថា នំប៉ែន​ចុក គឺ​ជានំ​ដែល​គេ យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក រួច​យក​ទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូល​ឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន បន្ទាប់​មក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល ឬ​កញ្ច្រែង ទុកឲ្យ​ស្រស់​ទឹក។ ក្រោយមក​គេ​ហៅ​កាត់ៗ​ថា នំបញ្ចុក មិនខុស​អីពី​ពាក្យ​ខ្មែរ​ជា​ច្រើន ដោយ​បាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជាជណ្តើរ, កាន់​ជ្រែង ក្លាយ​កញ្ច្រែង, កាន់​ត្រក ក្លាយ កន្ត្រក, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់…។ល។

តាម​រឿង​ព្រេង​និទាន ដែល​ទាក់​ទង​នឹង​ប្រវត្តិ​នំបញ្ចុក មាន​សេចក្តី​ដំណាល​ថា នៅ​នគរ​ធារាធិបតី (សព្វ​ថ្ងៃជា​តំបន់​ទន្លេ​សាប) មាន​អ្នក​ស្រែ​ពីរ​នាក់​ប្តីប្រពន្ធ ធ្វើ​ស្រែ​ស្រូវ​វារ​ចិញ្ចឹម​ជីវិត ព្រោះ​គាត់​រស់​នៅ​តំបន់​ទឹក​លិច មិនអាច​ដាំដំ​ណាំ​ស្រូវល្អ ដូចគេ​ដទៃ​ទៀត​បាន។ ស្រូវ​វារ ជា​ស្រូវ​ដែល​ផ្តល់​អង្ករ​បាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កា​ឈូក​បន្តិច ពេល​បុក​សម្រិត​រួច​ហើយ។ ដោយ​សារ​អង្ករ​នោះ រឹង​ពេក ដាំ​បាយ​ឆីមិន​សូវ​ឆ្ងាញ់ អ្នក​ស្រែ​ក៏បែក​គំនិត​ធ្វើជា​នំឲ្យ​មាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពារ ណាមួយ​នៅតំបន់​ដែល​គាត់​រស់​នៅ​សំបូរ​ត្រី​ផង ទើប​នាំគ្នា​ប្តី​ប្រពន្ធ​បង់ត្រី​មក​ធ្វើជា​ប្រហុក ធ្វើ​ត្រី​ឆ្អើរ​ រក្សា​ទុក​បាន​យូរ សម្រាប់​ឆីជា​អាហារ។ ម៉្យាង​អង្ករ​ស្រូវវារ ជាអង្ករ​ដែល​អ្នក​ស្រែ អាច​យក​មក​ធ្វើជា​នំបញ្ចុក បាន​ល្អ ហើយ​បាន​ច្រើន​ចំនួន​ជាង​អង្ករ​ស្រូវ​ស្រែ​ធម្មតា​ទៀត​ផង។

ថ្ងៃ​មួយ​នារដូវ​ប្រាំង ទំនេរ​ពីការ​ងារ​នៅ​ស្រែ អ្នកស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ បាន​បែក​គំនិត​យក​អង្ករ​ស្រូវ​វារ ធ្វើជា​នំសរ​សៃ ចាប់ជា​ចង្វាយ រួច​ហើយ​ក៏ស្រូប​នឹង​ទឹក​សម្ល​ប្រហើរ​ត្រី​ឆ្អើរ ដាក់​ប្រហុក ខ្ទិះ​ដូង ថែម​ល្បោយ​បន្លែ ដែល​គាត់​បេះ​បាន​នៅ​តាម​វាល​ស្រែ ឬក្នុង​ចំការ​ក្រោយ​ផ្ទះ។ លុះ​អ្នក​ស្រែ​ជាប្តី​ពិសារ​ហើយ​កើត​ជំងឺ​រាគរូស ព្រោះ​នំបញ្ចុក​នោះ ធ្វើអំពី​អង្ករ​ត្រាំ​ទឹក​យូរ មួយ​វិញ​ទៀត ដោយសារ​បន្លែ​ស្រស់​ខ្លះ​បេះពី​ព្រៃ​មាន​ជីវ​ជាតិ​ជូរ ឬ​ត្រជាក់ ដូច​ជា ល្ហុង ត្រួយ​ត្រកួន​ស្រស់ ត្រួយ​កន្ធំ​ធេត ផ្កា​កំប៉ោក ផ្កា​ស្នោ​ជា​ដើម ទើប​អ្នក​ស្រែ​ជា​ប្រពន្ធ បែក​គំនិត បន្ថែម​ត្រយូង​ចេក ជា​ជំនួយ ជាល្បោយ​នំ ពិសា​ហើយ ក៏​លែង​រាគ​រូស​ដូច​មុន​ទៀត។

គាត់​បាន​ឲ្យឈ្មោះ​នំនោះ​ថា នំ​សរសៃ​ស្រូវ​វារ។ នៅ​ពេល​ដែល​អ្នក​ស្រែ​យើង ធ្វើនំ​សរសៃ​ស្រូវ​វារ​នេះ​ម្តងៗ គាត់តែង​យក​ម្រាម​ដៃ ជា​ចង្កើះ ស្រវា​ចាប់​នំ​បរិភោគ បញ្ចុក​មាត់ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់​នៅ​បែបអ្នក​ស្រែ​ក្រីក្រ ហើយ​តែង​ដួស​ផ្ញើ​ញាតិ​សន្តាន ក្នុង​ភូមិឲ្យ​ពិសា​ឆ្ងាញ់​មាត់​គ្រប់គ្នា មិន​សូវ​លោះ​ពេល។ លុះភ្លក្ស​ស្នា​ដៃ​របស់​គាត់​ហើយ ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មក​សុំរៀន​ក្បួន​ធ្វើនំ និង​ក្បួន​ធ្វើទឹក​សម្ល​ស្រូប​ពីគាត់ ដើម្បី​យក​ទៅ​ផ្សំច្នៃធ្វើទឹក​សម្ល កំដរ​នំ​ឆីតាម​ផ្ទះ​ តាម​ភូមិ តាម​ចំណូល​ចិត្ត រៀងៗ​ខ្លួន​ជា​បន្តៗ​រៀង​មក។

លុះចាស់​ជរា​បន្តិច​ទៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តីប្រពន្ធ មិនអាច​ប្រកប​របរធ្វើ​ស្រែ​បាន ព្រោះ​គ្មាន​កូនចៅ បន្ត​ការ​ងារ​ក្នុង​ស្រែ​ជំនួស​គាត់ អ្នក​ស្រែ​ទាំង​ពីរ ក៏ដូរ​មុខ​របរមក​រែក​នំលក់​នំ​បញ្ចុកលក់​តាម​ភូមិ​តិច​តួច ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត​របស់​គាត់។ នៅថ្ងៃ​មួយ មាន​រាជ​កុមារ​វ័យ​ប្រមាណ ៧​វស្សា នាំ​ពល​សេនា ជិះសេះ​ដើរ​លេង នៅតាម​ស្រុក​ភូមិ បាន​ប្រទះ​ឃើញ អ្នក​ស្រុក​ចោម​រោម អ្នក​ស្រែលក់​នំសរសៃស្រូវ​វារ ហើយអួត​ថា​ឆ្ងាញ់​មាត់​គ្រប់​គ្នា ក៏ចង់​សាក​មើល​នឹង​គេ​ដែរ។ តែ​ដោយ​តំបន់​នោះ មាន​ភាព​ក្រីក្រ គេឆីនំ​សរសៃ​ស្រូវ​វារ នឹង​ម្រាម​ដៃ​គ្រប់ៗ​គ្នា ម្ល៉ោះ​ហើយ​រាជកុមារ​ក៏ប្រែ​ចិត្ត​រារែក មិន​ហ៊ាន​សាក​ល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ។ រីឯ​អ្នក​ស្រែ​ទាំង​ពីរ កាល​បើ​បាន​ដឹង​ថា រាជ​កុមារ ចង់​សោយ​នំ​របស់​ខ្លួន ក៏ទូល​សុំ​ឲ្យស្នំឯក ដែល​ជា​មេដោះ របស់​រាជ​កុមារ យក​ដៃចាប់​នំសរសៃ​ស្រូវ​វារ បញ្ចុក​រាជ​កុមារ​យើង។ ដោយ​ការ​ចង់​ដឹង នូវ​រសជាតិ​សម្ល​ដ៏សែន​ឈ្ងុយ​ឈ្ងប់​ប្លែក​ធម្មតា រាជកុមារ​ក៏យល់​ព្រមឲ្យ​ស្នំឯក​បញ្ចុក។ ពេល​នេះ រាជកុមារ​យើង ក៏មាន​សេចក្តី​សោមនស្ស​នឹង​រស​ជាតិ នំសរសៃ​ស្រូវ​វារ ដ៏ឆ្ងាញ់​មួយ​ចាន​នោះ​ក្រៃ​លែង ព្រម​ទាំង​ប្រទាន​រង្វាន់​មួយ​ចំនួន​ដល់​អ្នក​ស្រែ​ដែល​ធ្វើនំ​ឆ្ងាញ់។

នៅពេល​រាជកុមារ យាង​ត្រឡប់​ទៅរាជ​វាំង​វិញ ក៏តែង​ទទូចឲ្យ​ព្រះមាតា តាម​រក​ទិញ «នំ​ដែល​ស្នំ​បញ្ចុក» នោះ​ពីអ្នក​ស្រែ យក​មក​សោយ​នៅក្នុង​រាជវាំង។ ដោយសារ​ខ្ជិល​ដេញ​ស្នំ ឲ្យ​រត់ទៅ​ទិញ​នំពី​អ្នក​ស្រែ រៀង​រាល់​ព្រឹក​ឲ្យ​រាជ​បុត្រ ជាទី​ស្រឡាញ់ ព្រះ​រាជ​មាតា​ក៏បញ្ជា​ឲ្យ​សេនា​ទៅគាស់​ហៅ អ្នក​ស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធមក​ធ្វើនំ​សម្រាប់​រាជកុមារ​សោយ​ប្រចាំ​រាជ​វាំង​រៀង​រហូត​ទៅ។ ចំណេរ​ត​មក ឈ្មោះ «នំសរសៃ​ស្រូវវារ» ក៏លែង​មាន​នរណា​ហៅត​ទៅ​ទៀត​ដែរ។ គេទម្លាប់​នាំគ្នា ហៅ​ថា «នំដែល​ស្នំ​បញ្ចុក» ជា​ជំនួស​វិញ យ៉ាង​ប្រជា​ប្រិយ យូរ​ក្រោយ​មក​ទៀត ក៏ត្រូវ​គេ​ហៅ​កាត់ៗ ខ្លីៗ​ថា «នំបញ្ចុកៗ» បន្តរៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ប្រភព​ពី​៖​ អ្នកស្រី កែវ ច័ន្ទបូរណ៍

បញ្ចេញមតិ