មិនគួររំលងទេបើអ្នកបានមកខេត្តកំពង់ចាម!ស្ពានឫស្សីកោះប៉ែនកន្លែងលំហែកាយធម្មជាតិ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
មិនគួររំលងទេបើអ្នកបានមកខេត្តកំពង់ចាម!ស្ពានឫស្សីកោះប៉ែនកន្លែងលំហែកាយធម្មជាតិ មិនគួររំលងទេបើអ្នកបានមកខេត្តកំពង់ចាម!ស្ពានឫស្សីកោះប៉ែនកន្លែងលំហែកាយធម្មជាតិ

ក្រោយ​ការសម្ពោធ​ជា​ផ្លូវការ​នូវ​ស្ពានបេតុង​ថ្មី​សន្លាង​ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​កាន់​ទឹកដី​កោះ​ប៉ែន​កាលពី​ដើម​ខែ​មីនា ឆ្នាំ​ ២០១៨ វា​ក៏​ជាទី​អវសាន​នៃ​ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដើស​ដែល​ធ្លាប់​តែ​នាំ​ចំណូល​ផ្នែក​វិស័យ​ទេសចរណ៍​ដល់​សហគមន៍​។ នៅ​ចម្ងាយ​ប្រមាណ ២ ​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ស្ពាន​ឫស្សី ស្ពាន​ថ្មី​នេះ​ឆ្លង​ទន្លេ​មេគង្គ​ពី​ភូមិ​ព្រែក​ដើម​ ចាន់ សង្កាត់​សំបួរមាស​ទៅ​កាន់​កោះ​កំពង់ត្រុំ ក្នុងភូមិ​សាស្ដ្រ ឃុំ​កោះមិត្ដ ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម​។

លោក យុង អូន ជា​ម្ចាស់​ស្ពាន​ប្រដើស​ចុងក្រោយ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា វា​ជា​ភាព​ទាក់ទាញ​សំខាន់​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ទាំង​អ្នក​ទេសចរ​ក្នុង​ស្រុក និង​បរទេស​។ ការបាត់បង់​ស្ពាន​នេះ​មាន​ន័យ​ថា​បាត់បង់​អ្នក​ទេសចរ​ជាច្រើន​។ ឆ្លើយតប​នឹង​ក្ដីកង្វល់​ចំពោះ​ការបាត់បង់​ស្ពាន​ឫស្សី​អត្ដសញ្ញាណ​អ្នក​កោះ​ប៉ែន​ដែល​មាន​ប្រវត្ដិ​កកើត​តាំងពី​សម័យ​សង្គម​រាស្ដ្រនិយម ស្ពាន​ប្រដើស​ថ្មី​បាន​ចាប់​បដិសន្ធិ​ក្នុង​បំណង​បម្រើ​វិស័យ​ទេសចរណ៍​តាមរយៈ​ការកៀរគរ​ភ្ញៀវ​មក​ទទួល​យក​នូវ​ពិសោធ​ឆ្លងស្ពាន​ឫស្សី​កម្សាន្ដ​ខ្សាច់​ទន្លេមេគង្គ និង​ភ្លក្ស​ផ្លែឈើ​ស្រស់ៗ​ពី​ភូមិឋាន​កោះប៉ែន​នេះ​។

លោក ប៊ុន ដារ៉ា អាយុ ៦០ ​ឆ្នាំ​ជា​ម្ចាស់​ស្ពាន​ឫស្សី​ថ្មី​បាន​និយាយ​ថា​៖ «​ស្ពាន​ប្រដើស​នេះ​ត្រូវ​បាន​កសាង​ឡើង​ ២ ​ឆ្នាំ​ហើយ​តាំងពី​ស្ពាន​កកើត​មក​។ កាល​កសាង​ពី​ឆ្នាំ​ទៅ​វា​មាន​ប្រវែង​ត្រឹម ៧០០ ​ម៉ែត្រ​ប៉ុណ្ណោះ​តែ​វា​មិន​បាន​បម្រើ​ប្រយោជន៍​ពេញ​ ១ ​រដូវ​រហូត​ដល់​ទឹក​ឡើង​នោះ​ដោយ​វា​ឆាប់​លិច​ពេក​។ ទើប​ឆ្នាំ​ ២០១៩ នេះ​យើង​បង្កើន​ដល់ ៨០០ ម៉ែត្រ​»​។

ក្រោយពី​បើក​សម្ពោធ​ជា​ផ្លូវការ​ក្នុង​រដូវកាល​ឆ្នាំ​ថ្មី​នេះ​នៅ​ថ្ងៃទី​ ១ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ពាន​ឫស្សី​ដែល​មាន​ទំហំ​ទទឹង​ពី ១,៥ ម៉ែត្រ​ទៅ ២ ​ម៉ែត្រ​ដោយ​ប្រើ​ឫស្សី ២ ​ម៉ឺន​ដើម​ទទួល​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់ ជាពិសេស​ថ្ងៃ​ចុង​សប្ដាហ៍ និង​បុណ្យទាន​ផ្សេងៗ​។ លោក ដារ៉ា បាន​បន្ដ​ថា​៖ «​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ប្រមាណ​ពី ៣០ ទៅ ៥០ នាក់​បាន​ដើរ​ឆ្លងស្ពាន​ឫស្សី​បំណង​ថតរូប​សែលហ្វ៊ី​ទៅ​លេង​ឆ្នេរ​ខ្សាច់ និង​ងូតទឹក​លើ​ដែន​កោះ​ប៉ែន ព្រម​ទាំង​ភ្លក្ស​រសជាតិ​ផ្លែឈើ​តាម​រដូវកាល​របស់​អ្នក​កោះ​»​។

អង្គុយ​លើ​គ្រែ​មុខ​ផ្ទះ​ដែល​ដាក់​លក់​ក្រូច​ត្លុង​ធំៗ អ្នកស្រី នរីន ហៅ មីងប៉ុក បាន​និយាយ​ថា​ក្នុង​ខែ​ធ្នូ ឬ​មករា​នេះ​ក្រូច​ត្លុង​ដល់​ចុងដៃ​ហើយ​បើ​ទោះបី​ជា​ដំណាំ​ហូប​ផ្លែ​នេះ​ហុច​ផល​ពេញ​មួយ​រដូវកាល​។ ក្រូច​ត្លុង ដែល​ដាក់លក់​នៅ​មុខ​ផ្ទះ​របស់​អ្នកស្រី​មាន​តម្លៃ ៥០០០ រៀល​ក្នុង​ ១ ​ផ្លែ​។ ស្ដ្រី​ដែល​មាន​ចម្ការ​ក្រូច​ត្លុង​រាប់សិប​ដើម​រូប​នេះ​បាន​ប្រាប់ថា​៖ «​បើ​គិតពី​រដូវ​គឺ​នៅ​ខែ​បុណ្យ​អុំទូក​។ ១​ដើម ខ្ញុំ​អាច​បេះ​បាន ៤-៥ ឡូ ម្ដង​»​។ អតីត​វិស្វករ​ពី​សាលា​តិចណូ​លោក ប៊ុន ដារ៉ា បាន​បន្ថែម​ថា​នៅ​ថ្ងៃ​បុណ្យទាន ជាពិសេស​បុណ្យ​ចូលឆ្នាំ​មុន​ស្ពាន​ប្រដើស​ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ដើរ​ថ្មើរជើង ឬ​ជិះ​កង់​ឆ្លងកាត់​ទទួល​ភ្ញៀវ​ពី ៨០០ ដល់ ១០០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​រយៈពេល​​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ លោក​សម្គាល់​ឃើញ​ថា​៖ «​ក្នុង​រយៈពេល​ ១ ​ខែ​ចុង​ក្រោយ​នេះ​ចំណោម​ភ្ញៀវទេសចរ​ឆ្លងកាត់​ស្ពាន​ ១០ ​នាក់ ខ្ញុំ​មើលឃើញ​ភ្ញៀវ​បរទេស​ ២-៣ ​នាក់​។ ពួកគេ​ដើរ​មើល​ទិដ្ឋភាព​ស្ពាន​ឫស្សី គយគន់​ទេសភាព​ដង​ទន្លេមេគង្គ និង​សម្រស់​ឆ្នេរ​ខ្សាច់​ទន្លេ អង្គុយ​លម្ហែ​ក្នុង​ក្យូស​ប្រប​មាត់ទឹក​ព្រម​ទាំង​ជិះ​កង់​តាម​ភូមិឋាន​នៅ​លើ​កោះ​ប៉ែន​»​។

នៅលើ​តារាង​តម្លៃ អ្នក​ថ្មើរជើង​ម្នាក់ ២ ​ពាន់​រៀល ផ្ញើ​ម៉ូតូ​ ១ ​គ្រឿង​ជាមួយ​មនុស្ស​ ២ ​នាក់​ ៥០០០ ​រៀល ផ្ញើ​រថយន្ដ ឬ​រ៉ឺម៉ក​ ១ ​គ្រឿង​ជាមួយ​មនុស្ស ៤​ នាក់ ១ ​ម៉ឺន​រៀល ឬ​រថយន្ដ​ ១ ​គ្រឿង​ជាមួយ​មនុស្ស​រហូត​ដល់ ៨ ​នាក់ ២ ​ម៉ឺន​រៀល​។ តម្លៃ​អង្រឹង​មួយ ៥ ​ពាន់​រៀល ឆ័ត្រ​មួយ ៦ ​ពាន់​រៀល ក្យូស​មួយ ១ ម៉ឺន​រៀល និង​ការជួល​មធ្យោបាយ​ជិះ​លេង​កម្សាន្ដ​ពី​ ៤ ​ពាន់​ទៅ​ ៤ ​ម៉ឺន​រៀល​។ ម្ចាស់​ស្ពាន​ឫស្សី​ថ្មី​រូប​នេះ​ក៏​បាន​ដាក់​លេខ​ទូរស័ព្ទ​នៅ​លើ​បដា​តារាង​តម្លៃ​ផងដែរ​។ លោក​បាន​ប្រាប់​ពី​ហេតុផល​ថា​លោក​ចង់​ទទួល​មតិ​កែលម្អ​ពី​ភ្ញៀវ​ដែល​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ចំពោះ​សេវាកម្ម​ទទួល​ភ្ញៀវ​របស់​លោក​។ ប៉ុន្ដែ​លោក​ក៏​បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ទាំងអស់​ឲ្យ​ជួយ​សម្អាត​បរិស្ថាន និង​គោរព​គោលការណ៍​សុវត្ថិភាព​ជា​ចម្បង​។

បើ​ទោះបី​ជា​ត្រូវ​រង​នូវ​ការ​ជន់​លិច​ភ្លាមៗ​ពី​ជំនន់​ទឹកភ្លៀង​លើ​ទឹកដី​ឡាវ​ដែល​បង្ក​ឲ្យ​ខូចខាត​រនាប​ប្រដើស​ស្ពាន​ឫស្សី​កោះ​ប៉ែន​ប្រមាណ​ ៥០០ ម៉ែត្រ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​យ៉ាងណា​ក៏ដោយ​ក៏​និមិត្ត​រូបអ្នក​ដែនដី​កោះ​ប៉ែន​នេះ​នៅ​បន្ដ​ផ្ដល់​ភាព​រីករាយ​ដល់​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​នេះ​៕

ប្រភព៖ភ្នំពេញប៉ុស្តិ៍

បញ្ចេញមតិ
ស្លាក