ប្រាសាទបី ប្រាសាទ​នៅ​តំបន់​អង្គរ​ដែល​កម្រ​មាន​អ្នក​ចូល​ទស្សនា

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទបី ប្រាសាទ​នៅ​តំបន់​អង្គរ​ដែល​កម្រ​មាន​អ្នក​ចូល​ទស្សនា ប្រាសាទបី ប្រាសាទ​នៅ​តំបន់​អង្គរ​ដែល​កម្រ​មាន​អ្នក​ចូល​ទស្សនា

ប្រាសាទបី គឺជាប្រាសាទមួយកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រឹះតែមួយ ដែលមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ។ ចំពោះឈ្មោះប្រាសាទបីនេះ គឺ​មជ្ឍដ្ឋាន​អ្នក​សិក្សាស្រាវជ្រាវបានហៅតាមអ្នកស្រុកដែលរស់នៅជិតនោះប៉ុណ្ណោះ ដោយគេហៅបែបនេះដោយសារ គេឃើញប្រាសាទនេះមានតួប៉មនៅជិតៗគ្នានេះឯង ចំណែកឈ្មោះពិតប្រាកដយ៉ាងណានោះ គឺ​យើង​មិន​ទាន់ដឹងនៅឡើយទេ។ ប្រាសាទនេះ មានទីតាំងស្ថិតនៅតាមមាត់ថ្នល់ផ្លូវឆ្លងកាត់ចូលទៅកាន់ខ្លោរទ្វារអង្គរធំទិសខាងត្បូង ចន្លោះប្រាសាទបក្សីចាំក្រុងនិងគូទឹកអង្គរធំ និងនៅជិតប្រាសាទថ្មបាយក្អែក។

ដោយគេមើលឃើញថាក្នុងចំណោមតួប៉មកណ្ដាលមានលក្ខណៈនៅល្អ ចំណែកតួប៉មពីរទៀតដែលអមសងខាងនោះមិនមានដំបូល ហាក់ដូចជាមិនទាន់សាងសង់រួចតាំងពីសម័យកសាងប្រាសាទនេះមកម្ល៉េះ។ ប្រាសាទបី ដែលត្រូវបានគេធ្វើការសន្និដ្ឋានថា ជាប្រាសាទមួយដែលកសាងមិនទាន់រួចរាល់នេះ អាចកសាងឡើងតំណាលគ្នានឹងប្រាសាទថ្មបាយក្អែក តាំងពីសតវត្សទី១០ នៃគ្រិស្ដសករាជមកម្ល៉េះ គឺ​កសាង​ក្នុងសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្ត ដែលគេនិយមយកឥដ្ឋមកកសាងជាប្រាសាទ គឺមុនយុគសម័យប្រាសាទបាយ័នទៅទៀត។ ហើយប្រាសាទនេះ ត្រូវ​បាន​គេធ្វើការ​សន្និដ្ឋាន​ថា​ជា​ស្នាព្រះហស្ថ​របស់​ព្រះបាទយសោវរ័ន្មទី១ ក្នុងការឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប៉ុន្តែរហូតមកដល់ឆ្នាំ ១៩៦០ សម័យបារាំង ប្រាសាទនេះត្រូវបានគេធ្វើការជួសជុលបន្ថែម។

នៅក្នុងប្រាសាទកណ្ដាលដែលមានកម្ពស់១០ម៉ែត្រ យើងអាចឃើញមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ។ ហើយនៅត្រង់ផ្តែរនៃប្រាង្គមេនេះផងដែរ យើងមានឃើញរូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ។

បុរាណវិទូនៅមិនទាន់យល់បានថា តើការកសាងប្រាសាទដោយឥដ្ឋនេះ គេប្រើឥដ្ឋដែលមិនទាន់បានដុតមកតម្រៀបគ្នាធ្វើជាប្រាសាទរួចហើយទើបបានដុតជាក្រោយ ឬមួយយ៉ាងណា? ប៉ុន្តែ​ភាគច្រើន​គេ​មាន​ជំនឿថា ប្រាសាទនេះត្រូវបានគេយកឥដ្ឋដែលដុត ហើយមកតម្រៀបគ្នា រួចហើយយកកាវជ័រដែលបានមកពីការផ្សំបញ្ចូលគ្នានៃវត្ថុធាតុដើមធម្មជាតិជាច្រើនប្រភេទ ដូចជា ទឹកឃ្មុំ ស្ករត្នោត ដំបូក ៘ មក​ភ្ជាប់តគ្នា ព្រោះប្រសិនបើយកឥដ្ឋដែលនៅមិនទាន់ដុតមកកសាង វាអាចធ្វើឱ្យប្រាសាទស្រុត ឬ ធ្វើឱ្យផ្អៀងបាន។

ប្រាសាទនេះមិនត្រឹមតែមិនសូវជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរប៉ុន្មាននោះទេ សូម្បីក្រុមការងារអភិរក្សក៏មិនសូវបានយកចិត្តទុកដាក់ដែរ ព្រោះបើលោកអ្នកចូលទៅមើលក្នុងប៉មកណ្តាល នុះ! លោក​អ្នក​នឹងលាន់មាត់ហួសចិត្តគ្រប់គ្នា ដោយនៅក្នុងប្រាង្គកណ្តាលដែលជាទីសក្ការៈបូជានេះ បែរជាមានមនុស្សអគតិ យកដៃដ៏ចង្រៃ​ទៅគូស​រូប​មិន​គួរ​គប្បី​នៅទីនោះ ហើយក្រុម​អភិរក្ស​ប្រហែល​ជាមិន​បាន​ឃើញ ឬ​យក​ចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទុកឲ្យរូបនោះរក្សាទុកមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ