តើអ្នកដឹងទេថាចម្លាក់នៅប្រាសាទអង្គរវត្តមានទាក់ទងនឹងរឿងអ្វីខ្លះ?

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
តើអ្នកដឹងទេថាចម្លាក់នៅប្រាសាទអង្គរវត្តមានទាក់ទងនឹងរឿងអ្វីខ្លះ? តើអ្នកដឹងទេថាចម្លាក់នៅប្រាសាទអង្គរវត្តមានទាក់ទងនឹងរឿងអ្វីខ្លះ?

តើអ្នកដឹងអ្វីខ្លះពីផ្ទាំងចម្លាក់នៅតាមជញ្ជាំង ឬថែវនៃ​ប្រាសាទ​អង្គរ​វត្ត?

ភ្ញៀវទេសចរមួយចំនួនធំ ទំនងមិនបានដឹងទេ អំពីដំណើរ​រឿង​នានា​នៅតាមចម្លាក់ទាំងនោះ។ តាមពិតទៅវាមានរឿងជាច្រើន ដែល​ត្រូវបានវីរបុរសខ្មែរសម័យនោះ ឆ្លាក់ទុក សម្រាប់​ជា​ប្រវត្តិ​សាស្រ្តដល់កូនចៅជំនាន់ក្រោយ។

តាមអ្នកបុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លោកបណ្ឌិត អ៊ា ដារិទ្ធ ចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត សរុបទាំងអស់មានចំនួន៨ផ្ទាំង និងបែងចែក​ទៅតាមសាច់រឿងផ្សេងៗគ្នា។

លោកបន្ថែមថា ចម្លាក់ដែលគេឆ្លាក់នៅរោងទងទី៣ ខាងលិច​ថែវ​ខាង​ជើងនិយាយរឿងរាមកេរ្តិ៍ ថែវខាងត្បូងរឿងមហាភារត ថែវខាង​ត្បូវចំហៀងខាងលិច ចម្លាក់រំឭកពីប្រវត្តិជំនាន់ព្រះបាទសូរ្យវរ្ម័នទី២ ថែវខាងត្បូងចំហៀងខាងកើត ចម្លាក់រឿងសួគ៌ និងនរក ថែវខាង​កើត​ចំហៀងខាងត្បូង ចម្លាក់រឿងកូរសមុទ្រទឹកដោះ ថែវខាងកើត​ចំហៀង​ខាងជើង ចម្លាក់ទាក់ទងនឹង​ជ័យជំនះ​នៃព្រះនារាយណ៍​លើ​អសុរ។ ចំណែកពីរជ្រុងទៀតនៅទិសឦសានឆ្លាក់នៅសតវត្សទី១៦ ដោយនៅថែវខាងជើងចំហៀងខាងកើត ចម្លាក់ទាក់ទងនឹង​ជ័យ​ជំនះ​​នៃព្រះក្រិស្ណលើស្តេចអសុរឈ្មោះពាន និងថែវខាងជើងចំហៀង​ខាង​លិច ចម្លាក់ទាក់ទងនឹងចម្បាំងរវាងទេពផ្សេងៗ៕


ប្រភពពី៖ អាជ្ញាធរជាតិអប្សរា

បញ្ចេញមតិ