កុមារាម្នាក់ដេញចាប៉ីដងវែងធ្វើឲ្យផ្អើលអស់ភ្ញៀវប្រុសស្រីរួមទាំងគណៈអធីបតីជាតិ និងអន្តរជាតិ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
កុមារាម្នាក់ដេញចាប៉ីដងវែងធ្វើឲ្យផ្អើលអស់ភ្ញៀវប្រុសស្រីរួមទាំងគណៈអធីបតីជាតិ និងអន្តរជាតិ (មានវីដេអូ) កុមារាម្នាក់ដេញចាប៉ីដងវែងធ្វើឲ្យផ្អើលអស់ភ្ញៀវប្រុសស្រីរួមទាំងគណៈអធីបតីជាតិ និងអន្តរជាតិ (មានវីដេអូ)

កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលជាព្រឹត្តិការណ៍មួយបានរៀបចំឡើងរវាង ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានការបង្ហាញសកម្មភាពជាច្រើនពាក់ព័ន្ធ វប្បធម៌ប្រពៃណីរបស់ ប្រទេសកម្ពុជា និងជប៉ុន។

មហោស្រពនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឲ្យទំនាក់ទំនង ពលរដ្ឋកម្ពុជា-ជប៉ុន ជាពិសេសយុវជនជំនាន់ក្រោយ មានទំនាក់ទំនងជាមួយគ្នាកាន់តែល្អប្រសើរ។ មហោស្រពគីហ្សូណានេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃ ដោយគេសង្កេតឃើញមានសិស្ស និស្សិតកម្ពុជា និងជប៉ុន បានចូលរួមទស្សនាការតាំង បង្ហាញផលិតផល របស់ខ្មែរ និងជប៉ុន និងល្បែងផ្សេងៗជាច្រើនទៀត សុទ្ធសឹងជាប្រពៃណីរបស់ខ្មែរ និងជប៉ុន។

នៅថ្ងៃបើកមហោស្រពគីហ្សូណា គឺមានផ្ទាំងទស្សនីយភាពសិល្បៈរបស់កម្ពុជា និងជប៉ុនជាច្រើនទម្រង់ត្រូវបានលើកមកបង្ហាញ ជូនអ្នកចូលរួម មានដូចជា៖ សិល្បៈល្ខោនខោលសម្តែងពីរឿងរាមកេរ្តិ៍ ការច្រៀងចម្រៀងសម័យពីអ្នកចម្រៀងវ័យក្មេង នៅកម្ពុជា ការសម្តែងក្បាច់រាំដ៏ រស់រវើករបស់ក្រុមយុវតីជប៉ុនឈ្មោះថា TEMPURA KIDZ ហើយចុងបញ្ចប់នៃកម្មវិធី គឺការសម្តែងចម្រៀងចាប៉ីដងវែងរបស់ខ្មែរ។ ទម្រង់សិល្បៈទាំងអស់នេះ បានធ្វើឲ្យអ្នកចូលរួមទាំងពលរដ្ឋខ្មែរ និង ជប៉ុន ទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ផងដែរ។

នៅក្នុងចំណោមការសម្ដែងទាំងអស់ គឺការសម្តែងចម្រៀងចាប៉ីដងវែងរបស់ខ្មែរដោយកុមារាមួយរូប បានទទួលការទះដៃគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់កុមារារូបនេះ ដែលរូបគេទើបតែនៅវ័យក្មេងសោះ តែអាចលេងឧបករណ៍ភ្លេងបុរាណរបស់ខ្មែរ ចាប៉ីដងវែង មួយនេះបានយ៉ាងស្ទាត់ជំនាញបែបនេះ។

អត្ថបទដោយ៖ ទី សារឿន

សូមរីករាយទស្សនាវីដេអូដែលបង្ហាញពីការសម្ដែងចម្រៀងចាប៉ីដងវែងរបស់ខ្មែរដោយកុមារារូបនេះទាំងអស់គ្នា៖

បញ្ចេញមតិ