ជំនឿនិងលក្ខណៈពិសិដ្ឋទៅលើទឹកដែលហូរ​កាត់​ព្រះសិវ​លិង្គ និង​ចម្លាក់​​បុរាណ​​រាប់​​ពាន់​នៅ​​​ស្ទឹង​​ក្បាល​​ស្ពាន នៃ​​មនុស្ស​​ខ្មែរ​​បុរាណ​

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ជំនឿនិងលក្ខណៈពិសិដ្ឋទៅលើទឹកដែលហូរ​កាត់​ព្រះសិវ​លិង្គ និង​ចម្លាក់​​បុរាណ​​រាប់​​ពាន់​នៅ​​​ស្ទឹង​​ក្បាល​​ស្ពាន នៃ​​មនុស្ស​​ខ្មែរ​​បុរាណ​ ជំនឿនិងលក្ខណៈពិសិដ្ឋទៅលើទឹកដែលហូរ​កាត់​ព្រះសិវ​លិង្គ និង​ចម្លាក់​​បុរាណ​​រាប់​​ពាន់​នៅ​​​ស្ទឹង​​ក្បាល​​ស្ពាន នៃ​​មនុស្ស​​ខ្មែរ​​បុរាណ​

ក្បាលស្ពាន គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏វិសេសវិសាលមួយ ដែលមានទីតាំងនៅប៉ែកខាងត្បូងឆៀងខាងលិចភ្នំគូលែន និងស្ថិតនៅខាងជើង​ឆៀង​ខាងកើតទីរួមខេត្តសៀមរាប មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រហែល ១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។

រមណីយដ្ឋានក្បាលស្ពាន ស្ថិតនៅលើកំពូលភ្នំមួយមានកម្ពស់មិនខ្ពស់ប៉ុន្មាននោះឡើយ ដែលទីនេះពោពេញដោយរូបចម្លាក់លើផ្ទាំងថ្មដា និងលើ​ថ្មដែលក្រាលបាតអូរមួយ (ស្ទឹង)។ អូរនេះជាប្រភពនៃស្ទឹងឬស្សី ។ ចំណែកឯស្ទឹងឬស្សីនេះ ហូរចុះទៅឆ្ងាយទៅចាក់ចូលក្នុងស្ទឹងសៀមរាប និង​ស្ទឹង​ពួក។ ដើម្បីទៅដល់ទីតាំងនោះ យើងត្រូវដើរដោយថ្មើរជើងឡើងភ្នំ ចំណាយវេលាប្រហែលកន្លះម៉ោងទើបដល់។

ក្បាលស្ពាន​ជាកេរដំណែលស្ថាបត្យកម្មមួយដ៏អស្ចារ្យ ដែលជាស្នាព្រះហស្ថដ៏ល្អប្រណិតរបស់អតីតព្រះមហាក្សត្រខ្មែរនៅក្នុងសម័យអង្គរ ដែល​សម្បូរ​ទៅដោយចម្លាក់លិង្គថ្មបង្កប់នូវរចនាបថ បែបអបិយជំនឿសំដៅលើព្រះអាទិទេព និងសត្វផ្សេងៗ។ អ្វីដែល​ពិសេសនោះ​គឺចម្លាក់ទាំងអស់​ត្រូវបាន​ឆ្លាក់នៅលើបាត និងច្រាំងស្ទឹងដែលអាចមើលឃើញពីលើទឹកយ៉ាងច្បាស់។ ចម្លាក់ទាំងអស់នេះលាតសន្ធឹងតាមបណ្ដាយស្ទឹងក្បាលស្ពាន។

ក្បាល​ស្ពាន ឬកន្លែងនេះត្រូវបានគេស្គាល់ថាជ្រលងលិង្គមួយពាន់ ដោយសារតែក្នុង​ចំណោម​ចម្លាក់​អស្ចារ្យទាំងអស់នោះ​ ចម្លាក់​លិង្គ​មួយពាន់​មាន​ភាព​លេចធ្លោជាងគេ ដោយត្រូវបានឆ្លាក់នៅបាតស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ខាងលើនេះ ភាគច្រើនត្រូវបានអះអាងថា កសាង​ឡើង​ក្នុង​រវាងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រោមឪវាទម្នាក់របស់ព្រះអង្គ និង​ស្ថាបនា​រួចជា​ស្ថាពរ​ក្នុង​រជ្ជកាល​ព្រះបាទឧទ័យវរ្ម័នទី២ ក្នុងសតវត្សទី១៣ ក៏ប៉ុន្តែក៏មានការអះអាងដែរថា ក្នុងតំបន់នេះត្រូវបានគេគោរពបូជារួចទៅហើយ ពោល​គឺតាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ និងសម័យបុរេអង្គរ។

 

 

 

 

 

 

 

 

 

 

ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង​ទៀតយក​ទៅប្រើការ​ក្នុងកសិកម្ម​ផង គេ​បាន​ឆ្លាក់លិង្គរាប់មិនអស់ដែលស្នងព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូត​ដល់​ទឹក​ធ្លាក់។ ដូច្នេះ​ហើយ​បាន​ជា​សិលាចារិកសំស្ក្រិតហៅទីនេះថា សហស្រលិង្គ១។

ក្រៅពីនេះ ក៏ឃើញ​មានឆ្លាក់​រូបយោនី​ជាបល្ល័ង្កភ្ជាប់​ជា​មួយ​ផងដែរ ដែលចម្លាក់ទាំងនេះ រាយ​ប៉ាយ​នៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំង និងនៅលើជញ្ជាំងខ្លះៗផង។ ក្រៅពីនេះមានចម្លាក់នៅច្រើនកនែ្លង ដែល​មាន​រូប​ព្រះ​នារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ ព្រះព្រហ្មផុសចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទង ដើម្បីបង្កើតលោកថ្មី។

 

 

 

 

 

 

 

 

 

 

ទឹក​ដែលហូរកាត់ផ្ទាំងចម្លាក់ ព្រមទាំងទទួលមន្តពីចម្លាក់អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួក និង​ស្ទឹង​សៀមរាប​។

សរុបសេចក្តីមក ទឹកដែលហូរកាត់ព្រះសិវលិង្គ និងចម្លាក់បុរាណទាំងប៉ុន្មានខាងលើនេះ ត្រូវមនុស្សខ្មែរបុរាណចាត់ទុកថា មាន​លក្ខណៈ​ស័ក្តិសិទ្ធិ​សម្បើម​អស្ចារ្យ ព្រោះត្រូវបានប្រសិទ្ធពរជ័យ ប្រោះព្រំដោយព្រះរូបទាំងនោះ ពោលគឺបានក្លាយទៅជាទឹកមន្តដ៏ពិសិដ្ឋ។ មានន័យថា ទឹក​ដែល​ធ្លាក់​ពី​លើ​ដងស្ទឹង ដែលមហាជនទៅមុជ ឬត្រាំនៅផ្នែកខាងក្រោមនោះ បានក្លាយទៅជាទឹកវេទមន្តដ៏ស័ក្តិសិទ្ធិ។

ដោយ៖ ព្រះ​អាទិត្យ​ញញឹម

បញ្ចេញមតិ